លោក​ ងួ​ន​ សុខ​វេ​ង​ ផ្ញើ​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​លោកស្រី​ ថាំ​ ឡុ​ក​ ខេ​ង​ ករណី​ស្ថានីយទូរទស្សន៍​ព័ត៌មាន​អាស៊ី​ស្តី​អំពី​កម្ពុជា​ ដែល​មាន​ចំណងជើង​ថា​ ពិនិត្យ​ស៊ី​ជ​ម្រៅៈ​ ការទូត​មូលប្បទានប័ត្រ​របស់​ចិន​

(​ភ្នំពេញ)​៖​ កាលពី​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៩​ លោក​ ងួ​ន​ សុខ​វេ​ង​ ឯកអគ្គរាជទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រចាំ​សាធារណរដ្ឋ​សិង្ហ​បុរី​ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​លោកស្រី​ ថាំ​ ឡុ​ក​ ខេ​ង​ ប្រធាន​ប្រតិបត្តិ​សាជីវកម្ម​ផ្សព្វផ្សាយ​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​សារព័ត៌មាន​យើង​ទទួល​បាន​ពី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៣​ ខែមិថុនា​នេះ​ លោក​ ងួ​ន​ សុខ​វេ​ង​ ឯកអគ្គរាជទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រចាំ​សាធារណរដ្ឋ​សិង្ហ​បុរី​ សរសេរ​មក​លោកស្រី​នេះ​ គឺ​ដោយ​យោង​លើ​សេចក្តីរាយការណ៍​ព័ត៌មាន​នា​ពេល​ថ្មីៗ​នេះ​ របស់​ស្ថានីយទូរទស្សន៍​ព័ត៌មាន​អាស៊ី​ (Channel​ News​ Asia-CNA)​ ស្តី​អំពី​កម្ពុជា​ ដែល​មាន​ចំណងជើង​ថា​ ពិនិត្យ​ស៊ី​ជ​ម្រៅៈ​ ការទូត​មូលប្បទានប័ត្រ​របស់​ចិន​ (INSIGHT:​ China’s​ Chequebook​ Diplomacy)​ ដែល​បាន​ចុះ​ផ្សាយ​តាម​គេហរ​ទំព័រ​របស់​ CNA​ នៅ​ថ្ងៃ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៩​ និង​បាន​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​ CNA​។​

​លោក​ងួ​ន​ សុខ​វេ​ង​ ឯកអគ្គរាជទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​
​ប្រចាំ​សាធារណរដ្ឋ​សិង្ហ​បុរី​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​អត្ថន័យ​នៃ​សេចក្តីរាយការណ៍​ព័ត៌មាន​នេះ​ ដែល​បាន​លើក​ឡើង​ដោយ​ខុស​ការ​ពិត​អំពី​កម្ពុជា​ ដោយ​ឈរ​លើ​ព័ត៌មាន​តែ​មួយ​ផ្នែក​ និង​ការ​វិភាគ​មិន​បាន​ស៊ីជម្រៅ​ ជា​ពិសេស​ពាក់ព័ន្ធ​ដល់​ការ​អភិវឌ្ឍ​ទី​ក្រុងព្រះសីហនុ​ ដែល​នាំ​ឲ្យ​មតិ​សាធារណៈ​យល់​ខុស​ និង​ប៉ះពាល់​ដល់​មុខមាត់​ និង​កិត្តិនាម​របស់​ប្រទេស​កម្ពុជា​។​

​សេចក្តីរាយការណ៍​របស់​ CNA​ ស្តី​ពី​ផល​អវិជ្ជមាន​ពី​ការ​អភិវឌ្ឍ​ក្រុងព្រះសីហនុ​ ដោយ​វិនិយោគិន​ចិន​ និង​កំណើន​ទេសចរ​ចិន​ក្នុង​ទីក្រុង​នេះ​ មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានការណ៍​ពិត​ឡើយ​ ដោយ​មិន​បាន​អើពើ​ចំពោះ​ ការ​ពិត​ដែល​ថា​ ការ​វិនិយោគ​ និង​ទេសចរ​ចិន​ បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ​ សេដ្ឋកិច្ច​សង្គម​ របស់​កម្ពុជា​ តាម​រយៈ​បង្កើត​ការងារ​ដល់​ប្រជាជន​កម្ពុជា​ នៅ​ក្នុង​វិស័យ​ជា​ច្រើន​ រួម​មាន​ឧស្សាហកម្ម​វាយ​ន​ភ័​ន្ឌ​ សំលៀក​បំពាក់​ និង​សេវាកម្ម​។​ ជា​ឧទាហរណ៍​ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ បាន​ផ្តល់​ការងារ​រាប់​ពាន់​ដល់​ប្រជាជន​ក្នុងស្រុក​។​ លើស​ពី​នេះ​ទៅ​ទៀត​ ជំនួយ​និង​កម្ចីសម្បទាន​របស់​ចិន​បាន​ដើរតួ​នាទី​ជា​សារ​វ័​ន្ត​ ក្នុង​ការ​គាំទ្រ​ការ​អភិវឌ្ឍ​កម្ពុជា​ លើ​វិស័យ​ជា​ច្រើន​ ជា​ពិសេស​កា​រត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​។​ ជា​ការ​ច្បាស់​ណាស់​ដែល​សេចក្តីរាយការណ៍​របស់​ CNA​ មិន​បាន​ខិតខំ​បង្ហាញ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ទេ​ អំពី​ការ​ពិត​ស្តី​ពី​ការ​វិនិយោគ​ និង​វត្តមាន​ចិន​នៅ​ក្រុងព្រះសីហនុ​ ហើយ​ផ្ទុយ​ទៅ​វិញ​ លើក​ឡើង​តែ​ពី​ទស្សនៈ​អវិជ្ជមាន​ ផ្អែក​តាម​ការ​យល់​ឃើញ​របស់​ប្រជាជន​មូលដ្ឋាន​តែ​ពីរ​នាក់​។​ តើ​ការ​យល់​ឃើញ​របស់​មនុស្ស​ពីរ​នាក់​នេះ​ អាច​តំណាង​ឲ្យ​ប្រជាជន​ក្រុងព្រះសីហនុ​ភាគច្រើន​ និង​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នៅ​ក្រុងព្រះសីហនុ​ បាន​យ៉ាងដូច​ម្ត៉េ​ច​កើត​។​

​សេចក្តីរាយការណ៍​របស់​ CNA​ ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ដីធ្លី​ ដោយ​ឈរ​លើ​ព័ត៌មាន​តែ​ម្ខាង​ ដោយ​មិន​បាន​សិក្សា​ស៊ីជម្រៅ​ដល់​ឬ​ស​គល់​នៃ​បញ្ហា​ និង​បាន​វាយតម្លៃ​ដោយ​ឥត​មូលដ្ឋាន​ថា​ បញ្ហា​ដីធ្លី​គឺ​បង្ក​ឡើង​ដោយសារ​កំណើន​នៃ​ការ​វិនិយោគ​របស់​ចិន​។​ យើង​ពិតជា​មាន​ចំ​ង​ល់​ពី​គោលបំណង​នៃ​សេចក្តី​ រាយការណ៍​របស់​ CNA​ លើ​បញ្ហា​នេះ​ ហើយ​យើង​បាន​កត់​សំគាល់ថា​ របៀប​ប្រមូល​ព័ត៌មាន​លើ​បញ្ហា​ដីធ្លី​ ក៏​គ្មាន​លក្ខណៈ​ស៊ីជម្រៅ​ដែរ​។​ ជា​ការ​ពិត​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ ដើម្បី​ដោះស្រាយ​បញ្ហា​ដីធ្លី​ទូ​ទាំង​ប្រទេស​។​ មក​ដល់​ខែឧសភា​ ឆ្នាំ​២០១៩​ កម្ម​សិទ្ធ​ដី​ប្រមាណ​៥,២​លាន​ ត្រូវ​បាន​រដ្ឋាភិបាល​ប្រគល់​ជូន​ដល់​ប្រជាជន​កម្ពុជា​ ដែល​មាន​ន័យ​ថា​ ៧៤%​ នៃ​ចំនួន​កម្ម​សិទ្ធ​ប្រមាណ​ ៧​លាន​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​តាំងចិត្ត​ ចុះបញ្ជី​ឲ្យ​បាន​ចប់​សព្វគ្រប់​នៅ​ត្រឹម​ឆ្នាំ​ ២០២១​។​

​សេចក្តីរាយការណ៍​របស់​ CNA​ បាន​គូសបញ្ជាក់​ដោយ​បំ​ភ្លើ​ស​ និង​មិន​ត្រឹមត្រូវ​តាម​យុត្តិធម៌​ថា​ កម្ពុជា​កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់​បាត់បង់​ភាព​បត់បែន​ ក្នុង​ការ​កំណត់​ក្របខ័ណ្ឌ​នយោបាយ​ការ​បរទេស​ឯករាជ្យ​ បន្ទាប់​ពី​បាន​ធ្លាក់​ជ្រៅ​ទៅ​ក្នុង​រង្វង់​ឥទ្ធិពល​របស់​ចិន​ ដោយ​លើក​ជា​ឧទាហរណ៍​ថា​ នៅ​ឆ្នាំ​២០១៦​ កម្ពុជា​គឺជា​អ្នក​ដែល​បាន​រាំងស្ទះ​ ការ​ចេញ​សេចក្តីថ្លែងការណ៍​ដែល​ប្រើ​ពាក្យ​ធ្ងន់ៗ​ ពាក់ព័ន្ធ​សកម្មភាព​ចាក់​ពង្រីក​ដី​ នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។​ ការ​ចោទប្រកាន់​ដោយ​ឥត​មូលដ្ឋាន​មក​លើ​កម្ពុជា​នេះ​ មិន​អាច​ទទួលយក​បាន​ទេ​។​

​លោក​ងួ​ន​ សុខ​វេ​ង ​​​ឯកអគ្គរាជទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​
​ប្រចាំ​សាធារណរដ្ឋ​សិង្ហ​បុរី​សូម​ទាញ​ការ​ចាប់អារម្មណ៍​របស់​លោកស្រី​ថា​ កម្ពុជា​គឺជា​ប្រទេស​ឯករាជ្យ​ និង​អព្យាក្រឹត​ ហើយ​ដូច​ជា​ប្រទេស​សិង្ហ​បុរី​ដែរ​ កម្ពុជា​មាន​សិទ្ធ​អនុវត្ត​នយោបាយ​ការ​បរទេស​ ដោយ​អនុលោម​តាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ ក៏​ដូច​ជា​ច្បាប់​ និង​បទដ្ឋាន​អន្តរជាតិ​នានា​ ដើម្បី​បំរើ​ផលប្រយោជន៍​ជាតិ​ និង​ រួមចំណែក​ដល់​សន្តិភាព​ និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​ និង​ពិភពលោក​។​ ពាក់ព័ន្ធ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ កម្ពុជា​បាន​ប្រកាន់​ជំហរ​ដោយ​ឥត​ប្រែប្រួល​។​ ក្នុង​នាម​ជា​ប្រទេស​ដែល​មិន​ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​អធិបតេយ្យភាព​ នៅ​តំបន់​នេះ​ កម្ពុជា​មិន​ប្រកាន់​ជំហរ​លំអៀង​ទៅ​ខាង​ណា​ឡើយ​។​ ជា​ការ​ពិត​ អាស៊ាន​មិនមែន​ជា​តុលាការ​កាត់សេចក្តី​លើ​ជម្លោះ​ទាមទារ​ដែនដី​នៅ​សមុទ្រ​ចិន​ខាងត្បូង​ទេ​។​ កម្ពុជា​តែងតែ​លើកទឹកចិត្ត​ និង​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ផ្ទាល់​ ឲ្យ​ដោះស្រាយ​ជម្លោះទឹកដី​ ដោយ​សន្តិវិធី​ តាម​រយៈ​ការពិគ្រោះ​យោបល់​ និង​ការ​ចរចា​ទ្វេភាគី​។​ វា​ជា​ផលប្រយោជន៍​ល្អ​បំផុត​សម្រាប់​អាស៊ាន​ទាំងមូល​ ក្នុង​ការ​រក្សា​ភាព​ជា​ដៃគូ​អាស៊ាន​-​ចិន​ ឲ្យ​បន្ត​រីក​លូតលាស់​ និង​ថែរ​រក្សា​សន្តិភាព​ ស្ថិរភាព​ និង​វិបុលភាព​រួម​នៅ​ក្នុង​តំបន់​។​

​សេចក្តីរាយការណ៍​របស់​ CNA​ ក៏​បាន​អះអាង​ដោយ​គ្មាន​មូលដ្ឋាន​ថា​ កម្ពុជា​បាន​ហើយ​និង​កំពុង​តែ​ត្រូវ​បាន​ស្រូប​ចូល​ទៅ​ក្នុង​អន្ទាក់​បំណុល​ដកខ្លួន​មិន​រួច​ តាម​រយៈ​ការ​ទទួល​ឥណទាន​ដ៏​ច្រើន​មហិមា​ ការ​វិនិយោគ​និង​ជំនួយ​ ហិរញ្ញវត្ថុ​ពី​ប្រទេស​ចិន​។​ អ្វី​ដែល​ជា​ការ​ពិត​ គឺ​រាជរដ្ឋាភិបាល​កម្ពុជា​ មាន​សមត្ថភាព​អាច​គ្រប់គ្រង​គោលនយោបាយ​ សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​របស់​ខ្លួន​បាន​។​ កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​យ៉ាង​ តឹង​រឹង​ក្នុង​ការ​ខ្ចីប្រាក់​ពី​ម្ចាស់​ជំនួយ​សំខាន់ៗ​របស់​ខ្លួន​ ដែល​រួម​មាន​ដូច​ជា​ ប្រទេស​ចិន​ ជប៉ុន​ សាធារណរដ្ឋ​កូរ៉េ​ និង​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ សំរាប់​តែ​ករណី​ចាំបាច់​ដើម្បី​ការ​អភិវឌ្ឍ​ប្រទេស​ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​។​ ជាក់ស្តែង​ តម្លៃ​អនុ​បាត​បច្ចុប្បន្ន​នៃ​បំណុល​សាធារណៈ​ក្រៅប្រទេស​របស់​កម្ពុជា​ ធៀប​ជាមួយ​ផលិតផល​ក្នុងស្រុក​សរុប​ (GDP)​ គឺ​មាន​ត្រឹមតែ​ ២១.៤%​ ប៉ុណ្ណោះ​ ដែល​នេះ​ជា​កម្រិត​ទាប​នៅឡើយ​ បើ​ធៀប​ទៅ​នឹង​កម្រិត​អនុ​បាត​គោល​អប្ប​បរិ​មា​ ៤០%​ សម្រាប់​កម្ចី​ប្រកបដោយ​ចីរភាព​ ហើយ​ចំណុច​នេះ​មានការ​ទទួលស្គាល់​ដោយ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ធំៗ​ ដូច​ជា​ មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF)​ ធនាគារពិភពលោក​ (WB)​ និង​ ADB​ ។​ ដូចនេះ​ ការ​អះអាង​ថា​ កម្ពុជា​កំពុង​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​បំណុល​ដែល​មិន​អាច​ដោះខ្លួន​រួច​ ជា​រឿង​ដែល​មិន​ត្រឹមតែ​ជា​កំហុសឆ្គង​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​ធ្វើ​ឲ្យ​ ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា​ និង​គូស​បង្ហាញ​រូបភាព​ខ្មៅ​ងងឹត​ស្តី​ពី​ទំនាក់ទំនង​កម្ពុជា​-​ចិន​។​

​ក្រៅពី​បទ​យកការណ៍​នៅ​ក្រោម​ចំណងជើង​ “​ការទូត​មូលប្បទានប័ត្រ​របស់​ចិន​”​ របស់​ CNA​ នៅ​មាន​សេចក្តីរាយការណ៍​ព័ត៌មាន​ផ្សេងៗ​ទៀត​ដែល​រំលេច​ទិដ្ឋភាព​អវិជ្ជមាន​ស្តី​ពី​កម្ពុជា​។​ បទ​យកការណ៍​របស់​ CNA​ ដែល​មាន​ចំណងជើង​ថា​ “​សូត្រ​ និង​វិ​ថីៈ​ ថៃ​ និង​កម្ពុជា​ រមួល​នៅ​លើ​ផ្លូវ​”​ ក៏​បាន​បង្ហាញ​រូបភាព​ដែល​មាន​លក្ខណៈ​លំអៀង​ បំភ័ន្ត​មតិ​ និង​មានការ​ពិតតែ​មួយ​ជ្រុង​ស្តី​ពី​កម្ពុជា​ និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​។​

​ជាទី​បញ្ចប់​ ខណៈ​ដែល​កម្ពុជា​ និង​សិង្ហ​បុរី​ មាន​ចំណងមិត្តភាព​ដ៏​យូរលង់​ និង​កិច្ច​សហប្រតិបត្តិការ​ ដ៏​ជិត​ស្និទ្ធ​លើ​វិស័យ​នានា​ ហើយ​ប្រទេស​ទាំង​ពីរ​ក៏​ជា​សមាជិក​អាស៊ាន​ដូច​គ្នា​។​

​លោក​ ងួ​ន​ សុខ​វេ​ង​ ឯកអគ្គរាជទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​
​ប្រចាំ​សាធារណរដ្ឋ​សិង្ហ​បុរី​សូម​សំណូមពរ​ឲ្យ​ចុះ​ផ្សាយ​មតិ​ខាងលើ​ទាំងស្រុង​នៅ​ក្នុង​គេហរ​ទំព័រ​របស់​ CNA​ ដែល​នេះ​គឺជា​សិទ្ធិ​ក្នុង​ការ​ឆ្លើយ​តប​។​

​លោក​ ងួ​ន​ សុខ​វេ​ង​ ឯកអគ្គរាជទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​
​ប្រចាំ​សាធារណរដ្ឋ​សិង្ហ​បុរី​ ក៏​ស​ង្ឈឹ​ម​ផង​ដែរ​ថា​ បទ​យកការណ៍​នានា​អំពី​កម្ពុ​ជានា​ពេល​អនាគត​ នឹង​ចៀសវាង​ការ​ឆ្លុះ​បញ្ចាំង​តែ​ពី​ចំណុច​អវិជ្ជមាន​ដោយ​គ្មាន​តុល្យភាព​ ហើយ​យក​ការ​ពិត​ជាក់ស្តែង​ទាំងស្រុង​មក​ធ្វើ​ជា​មូលដ្ឋាន​ ដើម្បី​លើកកម្ពស់​ទំនុកចិត្ត​លើ​ CNA​ និង​ជួយ​រួមចំណែក​ដល់​ការ​វិវត្តន៍​ជា​វិជ្ជមាន​នៃ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​ និង​សិង្ហ​បុរី​ ៕​

អត្ថបទដែលជាប់ទាក់ទង