គណៈប្រតិភូ​អឺរ៉ុប​បាន​កត់​សម្គាល់​​ពី​ជំហាន​ ​ដែល​​កម្ពុជាបានកែលម្អ​ ដើម្បីរក្សា​ EBA​

(ភ្នំពេញ)៖ ​បន្ទាប់​ពី​បញ្ចប់បេសកកម្ម​នៅ​កម្ពុជា គណៈកម្មការ​អឺរ៉ុប​បាន​ប្រកាស​ថា កម្ពុជា​ត្រូវ​តែ​បង្ហាញ​នូវ​ការ​កែ​លម្អ​ស្ថានភាព​ពិត​ប្រាកដ​ និង​គួរ​ឲ្យ​ជឿ​ជាក់​បានលើ​​បញ្ហា​នានា​ទាក់ទង​នឹង​សិទ្ធិ​មនុស្ស ​និងសិទ្ធិ​ការងារ​ ដើម្បី​ជៀសវាង​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «មុខ​ទំនិញ​គ្រប់​យ៉ាង លើកលែង​តែ​អាវុធ» ​ឬ​ហៅកាត់​ថា EBA។

ក្នុងដំណើរទស្សនកិច្ចលើកទីពីររបស់ខ្លួនពីថ្ងៃ​ទី​០៣-១០ ខែមិថុនា គណៈប្រតិភូសហគមន៍អឺរ៉ុបបាន​ជួបពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​កំពូលៗ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្វែងយល់​ដោយផ្ទាល់​​ពីស្ថាន​ភាព​​ប្រទេស​កម្ពុជា។​

បើតាម​សេចក្តីប្រកាស​កាលពី​ថ្ងៃទី​១១ ខែ​មិថុនា នៅពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា គណៈប្រតិភូ​អឺរ៉ុប​បាន​កត់​សម្គាល់​ពី​ជំហាន​ដែល​កម្ពុជា​បាន​លើក​ឡើង​ ដើម្បី​កែ​លម្អ​ស្តីពី​សេរីភាព​នៃ​ការ​បង្កើត​សមា​គម និង​ការ​ចរចា​ជា​សមូហភាព ក៏​ដូចជា ដោះស្រាយ​ជម្លោះ​ដី​ធ្លី​មួយ​ចំនួន ទាក់ទង​នឹងដីសម្ប​ទាន​​​សេដ្ឋកិច្ច។

​គណៈកម្មការអឺរ៉ុបបានឲ្យដឹងដែរថា រយៈពេល​នៃ​ការ​តាមដាន​ និង​វាយ​តម្លៃ​នេះ​នឹង​បញ្ចប់​នៅ​ពាក់​កណ្តាល​ខែ​សីហា ហើយ​សហភាព​អឺរ៉ុប​នឹង​ធ្វើ​របាយការណ៍​នៃ​ការ​រក​ឃើញ​ និង​ការ​សន្និដ្ឋាន​របស់​ខ្លួន ដែល​កម្ពុជា​នឹង​មាន​រយៈពេល​មួយ​ខែ​ ដើម្បី​ឆ្លើយ​តប​នឹង​របាយការណ៍​នេះ៕

អត្ថបទទាំងស្រុងជាភាសាអង់គ្លេសៈ http://trade.ec.europa.eu/doclib/press/index.cfm?id=2028

អត្ថបទដែលជាប់ទាក់ទង