ឯកឧត្តម ស៊ុន ចាន់ថុល ប្រកាសចាត់វិធានការក្តៅ​ត្រួតពិនិត្យអ្នកបើកបររថយន្តធំ​ដល់កន្លែង​ ​ចាប់ពីថ្ងៃទី១៥មិថុនា​តទៅ​

(ភ្នំពេញ)៖ ឯកឧត្តម ស៊ុន​ ចាន់ថុល​ រដ្ឋមន្រ្តីក្រសួងសាធារណការ​ និងដឹកជញ្ជូន​ បានប្រកាសថា ចាប់​ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩តទៅ សមត្ថកិច្ចនឹងចាប់ផ្តើមត្រួតពិនិត្យរថយន្តដឹកទំនេញចេញពីកំពង់ផែក្រុងភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ក្នុងការចុះត្រួតពិនិត្យផ្ទាល់ពីស្ថានភាពផ្លូវជាតិលេខ៣ នៅរសៀលថ្ងៃទី១៣ ខែមិថុនានេះ ឯកឧត្តម ស៊ុន​ ចាន់ថុល បានថ្លែងថា៖ “ទីមួយយើងពិនិត្យមើលអ្នកបើកបរ ថាតើអ្នកបើកបរមានប័ណ្ណបើកបរត្រឹមត្រូវ ឬមិនមាន បើមិនមានប័ណ្ណបើកបរ យើងខ្ញុំមិនឲ្យឡាននោះចេញពីកំពង់ផែក្រុងព្រះសីហនុ ឬកំពង់ផែភ្នំពេញទេ។ ទីពីរបើឡានមិនមានការត្រួតពិនិត្យលក្ខណៈបច្ចេកទេសត្រឹមត្រូវ អត់មាន​ឆៀក អត់ឲ្យចេញទេ, នែកតែអត់មានប័ណ្ណបើក​បរត្រឹមត្រូវទើបធ្វើឲ្យមានគ្រោះថ្នាក់ចរាចរណ៍”។

ឯកឧត្តមបន្តថា ចាប់ពីពេលនេះតទៅ សមត្ថកិច្ចលែងធ្វើការត្រួតពិនិត្យតែនៅតាមដងផ្លូវទៀតឡើយ ពោលគឺនឹងត្រូវចាប់ទៅដល់ទីកន្លែងតែម្តង។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងសាធារណការស្នើឲ្យម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ត្រួតពិនិត្យប័ណ្ណបើកបរអ្នកបើកបររថយន្តរបស់ខ្លួន ក្រែងមានការយឺតយ៉ាវខកខានដឹកទំនិញ នៅពេលសមត្ថកិច្ចឃាត់ទុក។ ហើយឯកឧត្តមក៏បានណែនាំដល់ម្ចាស់ក្រុមហ៊ុន ត្រូវអប់រំអ្នកបើកបររបស់ខ្លួនឲ្យចេះគោរពច្បាប់ អធ្យាស្រ័យគ្នាវិញទៅមក កុំបើកលឿនពេក និងកុំវ៉ាជែងគ្នា ដើម្បីចូលរួមគោរពច្បាប់ចរាចរណ៍៕

អត្ថបទដែលជាប់ទាក់ទង