គម្រោងសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់​នៅក្រុងតាខ្មៅ​ តម្លៃ៦៤លានដុល្លារ​ កំពុងដំណើរការទៅមុខ​

(កណ្តាល)៖ ការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ស្ថានីយបូមទឹកកខ្វក់ ការតបណ្ដាញលូ និងការស្ដារ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល កំពុងដំណើរទៅមុខ។

គំរូរូបភាព៖ រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់នៅ Dogonbadan ។ ប្រភព: Financial Tribune

ការស្ថាបនាស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ស្ថានីយបូមទឹក ការតបណ្ដាញលូពីផ្ទះប្រជាពលរដ្ឋ និងការស្ដារស្ទឹងនេះ គឺធ្វើឡើងក្រោមគម្រោងកម្ចីឥណទានសម្បទានរបស់ធនាគារនីហរ័ណ អាហរ័ណកូរ៉េ នូវ​ទឹកប្រាក់ប្រមាណ៦៤លានដុល្លារអាមេរិក ក្នុងគោលបំណងដើមរក្សាបាននូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ អនាម័យល្អ បរិស្ថានស្រស់បំព្រង ការពារទឹកជំនន់ និងការទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាវិនិយោគិនជាតិ និងអន្តរជាតិ។

អាងប្រព្រឹត្តិកម្មទឹកកខ្វក់នេះមានសមត្ថភាពចម្រោះទឹកកខ្វក់បានចំណុះ៧៦០០ម៣/ថ្ងៃ ចំណែកឯស្ថានីយបូមទឹកកខ្វក់ទាំង១០ទីតាំងមានសមត្ថភាពបូមបាន២៩៩៥២ម៣/ថ្ងៃ។

ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់គម្រោងនេះ នៅថ្ងៃទី១២ ខែមិថុនា ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាប្រចាំឆ្នាំ ប្រកបដោយស្ថេរភាព និងរឹងមាំ បានធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធា ដែលជាកត្តាជំរុញឱ្យតម្រូវការប្រើប្រាស់ទឹក ក៏ដូចសម្ភារៈផ្សេងៗមានការកើនឡើង។

ជាមួយគ្នានេះ ការហូរចូលនូវវិនិយោគចម្រុះរួមមាន៖ ការសាងសង់អគារ ខុនដូរ រមណីយដ្ឋាន និងអគារ​ពាណិជ្ជកម្ម ព្រមទាំងរោងចក្រកាត់ដេរជាច្រើន នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលធ្វើឱ្យបរិមាណ​ទឹកកខ្វក់មានការកើនឡើង​ផង​ដែរ​។​ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម ​ស៊ុន ចាន់ថុល​៕

អត្ថបទដែលជាប់ទាក់ទង