សម្តេចតេជោ​ ហ៊ុន ​សែន ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​បំពេញ​ទស្សនកិច្ចផ្លូវការ នៅប្រទេស​ហុងគ្រី​​​ និង​​បន្ត​ទៅ​ចូលរួម​ប្រជុំ ​CICA ​នៅប្រទេស​តាជីគីស្ថាន

(ភ្នំពេញ)៖ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា នៅព្រឹក​ថ្ងៃទី១៣ ខែ​មិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញ​ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋ​ហុងគ្រី​​​ និង​បន្ត​ទៅ​ចូលរួមប្រជុំ CICA នៅ​ប្រទេស​តាជីគីស្ថាន។ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋ​ហុងគ្រី និងបន្តទៅ​ចូលរួមប្រជុំ CICA នៅប្រទេសតាជីគីស្ថាន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩។

នៅក្នុងដំណើរទស្សនកិច្ចនៅហុងគ្រីនេះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ដល់ជនរួមជាតិថា «ខ្ញុំនឹងជួបប្រជុំទ្វេភាគីជាមួយរដ្ឋាភិបាលហុងគ្រីដើម្បីលើកកម្ពស់ ពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការអោយកាន់តែជិតស្និទ្ធថែមទៀតរវាងប្រទេសយើងទាំង២។ នៅក្នុងដំណើរទស្សនកិច្ចនេះ កម្ពុជានឹងចុះកិច្ចព្រមព្រៀងមួយចំនួនជាមួយហុងគ្រី ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកម្មវិធីផ្លាស់ប្តូរវិស័យអប់រំជាមួយគ្នាផងដែរ»។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបន្ថែមថា «ក្រោយពីទស្សនកិច្ចនៅហុងគ្រីនាថ្ងៃទី១៤ ខែមិថុនា រួចហើយ ខ្ញុំនឹងបន្ដំណើរទៅកាន់ប្រទេស Tajikistan ដើម្បីចូលរួមសន្និសីទកំពូលស្តីពី​អន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៥ នៅថ្ងៃទី១៥ ខែមិថុនា នៅទីក្រុងឌូស្ហាន់បេ (Dushanbe)»។

ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបសម្តែងការគួរសមដោយឡែកពីគ្នា​ជាមួយថ្នាក់ដឹកនាំហុងគ្រី និងមានជំនួបពិភាក្សាទ្វេភាគីជាមួយសមភាគីហុងគ្រី​លើបញ្ហាជាច្រើន​សំដៅលើកកម្ពស់ និងពង្រឹងទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ ក៏ដូចជាកិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធនៅលើវេទិកាពហុភាគីផ្សេងៗទៀត។

តាមការគ្រោងទុក ឯកសារចំនួនពីរ គឺកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកម្មវិធីផ្លាស់ប្តូរវិស័យអប់រំ នឹងត្រូវចុះហត្ថលេខាក្រោមអធិបតីសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីហុងគ្រី លោក វីកត័រ អ័របាន។

ក្រោយពីបញ្ចប់ទស្សនកិច្ចនៅហុងគ្រីនាថ្ងៃទី១៤ ខែមិថុនា ហើយនោះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ នឹងអញ្ជើញទៅកាន់ប្រទេសតាជីគីស្ថាន ដើម្បីចូលរួមសន្និសីទកំពូលស្តីពីអន្តរ​សកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ​លើកទី៥ ធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៩ នៅទីក្រុងឌូស្ហាន់បេ។

នៅក្នុងសន្នសីទកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាដ៏សំខាន់មួយ​ដោយផ្តោតលើបញ្ហាគន្លឹះជាច្រើន ដែលជាការប្រឈមរួមរបស់តំបន់អាស៊ី និងចែករំលែកទស្សនៈ​ស៊ីជម្រៅថា «អាស៊ីនឹងរួមគ្នាដោះស្រាយបញ្ហាសន្តិសុខ សេដ្ឋកិច្ច និងនយោបាយ តាមរយៈការ​ពង្រឹង​ជំនឿទំនុកចិត្ត និងទំនាក់ទំនងក្នុងចំណោមប្រទេសជាសមាជិក CICA»។

ក្រៅពីកិច្ចប្រជុំកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងមានជំនួបពិភាក្សាការងារទ្វេភាគី ជាមួយ​ប្រធានាធិបតីតាជីគីស្ថាន និងប្រមុខរដ្ឋារដ្ឋាភិបាលនៃប្រទេសមួយចំនួនផ្សេងទៀតផងដែរ៕

Q

អត្ថបទដែលជាប់ទាក់ទង