វិភាគៈ ជប៉ុនចូលខ្លួនធ្វើជាអាជ្ញាកណ្តាល ក្នុងជម្លោះអ៊ីរ៉ង់ និងអាមេរិកនៅតំបន់មជ្ឈិមបូព៌ា

លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន បានចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ង់ហើយ ចាប់ពីថ្ងៃពុធ ទី១២ រហូតដល់ថ្ងៃសុក្រទី១៤ខែមិថុនានេះ ដោយដើរតួជាអាជ្ញាកណ្តាលក្នុងជម្លោះរវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ។

ក្នុងករណីលួងលោមអាមេរិកអោយញញឹមដាក់អ៊ីរ៉ង់ ឫក្នុងករណីបន្ទន់ចិត្តអ៊ីរ៉ង់អោយល្អូកល្អឺនជាមួយអាមេរិក ប្រហែលជាជារឿងពិបាកពេកហើយសម្រាប់លោក ស៊ីនហ្សូ អាបេ ពីព្រោះវាមិនខុសគ្នានឹងការព្យាយាមចាក់ប្រេងអោយចូលគ្នាជាមួយទឹកនោះទេ ។

ប៉ុន្តែក្តីសង្ឃឹមមានតែមួយគត់ គឺសម្របសម្រួលភាគីអ៊ីរ៉ង់ អាមេរិកអោយត្រជាក់ចិត្តបន្តិចជាមួយគ្នា និងកាត់បន្ថយកំដៅនៃការគម្រាមកំហែងគ្នាតាមបែបយោធា ដែលអ៊ីរ៉ង់ និងអាមេរិកកំពុងតែប្រឈមនៅពេលបច្ចុប្បន្ននេះ ។

ក្តីសង្ឃឹមលើចំណុចនេះហើយ បានជានាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ង់ និងជាលើកដំបូងផងដែរក្នុងរយៈពេលជាង៤០ឆ្នាំ ចាប់តាំងពីមានបដិវត្តន៍អ៊ីស្លាមប្រសូត្រឡើង កាលពីឆ្នាំ១៩៧៩កន្លងទៅ ។

តាមពិតទៅ ដំណើរទស្សនកិច្ចរបស់លោក អាបេ ទៅកាន់អ៊ីរ៉ង់នៅពេលនេះ ត្រូវបានធ្វើឡើងទៅតាមការស្នើសុំចុងមាត់ចុង ក របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់អោយជប៉ុនធ្វើជាអាជ្ញាកណ្តាលក្នុងជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់ ។

ម្យ៉ាងទៀត ជប៉ុនគឺជាសម្ព័ន្ធរបស់អ៊ីរ៉ង់ផង និងជាសម្ព័ន្ធមិត្តរបស់អាមេរិកផង ហើយជប៉ុនតែងតែប្រកាន់គោលជំហរមិនលំអៀង ទាំងខាងអ៊ីរ៉ង់ និងទាំងខាងអាមេរិក ដែលចំណុចនេះហើយ អាចធ្វើអោយលោក អាបេ មានទឹកមាត់ប្រៃក្នុងការនិយាយជាមួយភាគីទាំងពីរ ។

តាមរយៈការប្រកាន់នយោបាយមិនលំអៀង និងមានបទពិសោធន៍ច្រើនគ្រាប់គ្រាន់នៅតំបន់មជ្ឈិមបូព៌ា បេសកកម្មអាជ្ញាកណ្តាលរបស់លោក អាបេ អាចនឹងទទួលបានជោគជ័យ ដោយធ្វើអោយកំដៅនៃការប្រឈមមុខដាក់គ្នាខាងយោធារវាងអ៊ីរ៉ង់ និងអាមេរិកថយចុះ ។

គិតត្រឹមថ្ងៃពុធ ទី១២ ខែមិថុនានេះ ភាពតានតឹង និងការប្រឈមមុខដាក់គ្នាខាងយោ ធារវាងអ៊ីរ៉ង់ និងអាមេរិក នៅតែបន្តឡើងកំដៅដដែល ដោយភាគីទាំងពីរបានត្រៀមរួចរាល់ហើយនូវគ្រឿងសព្វាវុធ និងកងកម្លាំងយោធា ក្នុងគោលដៅវាយប្រហារគ្នាទៅវិញទៅមក ។

អាមេរិកបានបញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ារួចហើយ នូវនាវាដឹកយន្តហោះចម្បាំង USS Abraham Lincoln, ក្រុមនាវាប្រយុទ្ធ Strike Group, យន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ B52, ប្រព័ន្ធការពារមីស៊ីល Patriots និងកងកម្លាំង យោធាចំនួន១៥០០នាក់បន្ថែមទៀត ។

ខាងអ៊ីរ៉ង់ក៏ត្រៀមខ្លួនវាយប្រហារលើអាមេរិកវិញដែរ ដោយអ៊ីរ៉ង់បានបញ្ជូនទៅកាន់ តំបន់ជិតអាមេរិក នូវនាវាពិឃាត Sahand destroyers នាវាពិឃាត Jamaran destroyers នាវាចម្បាំងបំពាក់ដោយប្រព័ន្ធបាញ់មីស៊ីល Payambar-e-Azam នាវាមុជទឹកបំពាក់ដោយប្រព័ន្ធមីស៊ីល Fatah’ class submarinte និងនាវាចម្បាំងរាប់សិបប្រភេទផ្សេងទៀត ។

ដើមចមដែលនាំអោយមានការប្រឈមមុខដាក់គ្នាខាងយោធារវាងអ៊ីរ៉ង់ និងអាមេរិក នៅតំបន់មជ្ឈិមបូព៌ា គឺដោយសារប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេច ដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីខែតុលា ឆ្នាំ២០១៨កន្លងមក ។

លោក ត្រាំ មិនត្រឹមតែដកអាមេរិកចេញពីកិច្ចព្រមព្រៀងនេះទេ ប្រធានាធិបតីអាមេរិករូបនេះ ថែមទាំងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់ឡើងវិញលើអ៊ីរ៉ង់ ដោយលោក ត្រាំ យល់ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នៅខ្វះចន្លោះច្រើនណាស់ និងចង់ចរចាសាជាថ្មីជាមួយអ៊ីរ៉ង់ ក្នុងការស្វែងរកកិច្ចព្រមព្រៀងថ្មីដែលល្អជាងមុន ប៉ុន្តែអ៊ីរ៉ង់មិនព្រមជួបចរចាជាមួយអាមេរិក ។

ជាការឆ្លើយតបនឹងការដាក់ទណ្ឌកម្មពីអាមេរិក អ៊ីរ៉ង់បានរៀបចំផែនការសងសឹកវិញ ដោយគម្រាមបិទច្រកសមុទ្រ Strait of Hormuz រួមទាំងរៀបចំផែនការផ្សេងទៀត ដើម្បីឆ្លើយ តបទៅនឹងទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក ៕លីលី

អត្ថបទដែលជាប់ទាក់ទង