ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ មាន​ទំហំ​ប៉ុណ្ណា​ហើយ​?

(​ភ្នំពេញ​)៖ រាជធានី​ភ្នំពេញ សព្វថ្ងៃ មាន ១៤ ខណ្ឌ ១០៥ សង្កាត់ និង ៩៥៣ ភូមិ មាន​ផ្ទៃក្រឡា សរុប ៦៩២,៦៤ គីឡូម៉ែត្រ​ក្រឡា ដោយមាន​ប្រជាជន​រស់នៅ​អចិន្ត្រៃយ៍ ប្រមាណ​ជា ២​លាន​នាក់ និង​មាន​ប្រជាជន​ស្នាក់នៅ​បម្រើ​ការងារ​ប្រមាណ​ជា ៨​សែន​នាក់​ផ្សេងទៀត ក្នុង​អត្រាកំណើន ២.០១% ក្នុង ១​ឆ្នាំ និង​មាន​ដង់ស៊ីតេ ២៨៧​នាក់ ក្នុង ១ គីឡូម៉ែត្រ​ក្រឡា​។ នេះ​បើតាម​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានលើកឡើង​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩​។​

​ភ្នំពេញ ជា​រាជធានី​របស់​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ជាទី​ក្រុង ដែល​ធំជាងគេ នៅក្នុង​ប្រទេស​។ ភ្នំពេញ ជា​មជ្ឈមណ្ឌល​ធ្វើ​ជំនួញ ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ជា​បណ្ដុំ​ការងារ​ច្រើនជាងគេ ក្នុងប្រទេស​កម្ពុជា​។

​ភ្នំពេញ មាន​បណ្តុំ​សំណង់​អាគារ​ធំៗ ជាច្រើន រួមបញ្ចូល​ទាំង​ទីផ្សារ និង​ផ្សារ​ទំនើប ដែល​ធំជាងគេ ក្នុងប្រទេស​កម្ពុជា សកលវិទ្យា​ល​យ័​ច្រើនជាងគេ សម្រាប់​សិស្សានុសិស្ស​សិក្សា​រៀនសូត្រ ព្រលានយន្តហោះ​អន្តរជាតិ កំពង់ផែ​ផ្លូវទឹក និង​កំពង់ផែ​ផ្លូវគោក សម្រាប់​ផ្គត់ផ្គង់​ការដឹកជញ្ជូន និង​ផ្ទុកទំនិញ​ផ្សេងៗ និង​កន្លែង​ទេសចរណ៍ ដែល​ទាក់ទាញ​ភ្ញៀវ​ជាតិ​-​អន្តរជាតិ មាន​ច្រើន លំដាប់​ទី​២ បន្ទាប់ពី ក្រុង​សៀមរាប​៕​

អត្ថបទដែលជាប់ទាក់ទង