សម្ដេចក្រឡាហោម​ ស​ ខេង​ អនុញ្ញាតឲ្យតំណាងអង្គការ​ UNICEF ប្រចាំនៅកម្ពុជា​ ចូលជួបសម្ដែងការគួរសម​ និងពិភាក្សាការងារ​

(ភ្នំពេញ​)៖​ នៅរសៀលថ្ងៃពុធ​ ១០កេីត​ ខែជេស្ឋ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៩​នេះ សម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានអនុញ្ញាតឲ្យ​លោកស្រី Cristian Munduate​ តំណាងអង្គការ​ UNICEF ប្រចាំនៅកម្ពុជា​ ចូលជួបសម្ដែងការគួរសម​ និងពិភាក្សាការងារ​ នៅទីស្តីការក្រសួង។

ជាកិច្ចស្វាគមន៍សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះអង្គការ UNICEF ហើយសម្ដេចសង្ឃឹមថាវត្តមានរបស់លោកស្រី ដែលជាប្រធានថ្មី នឹងបន្តជួយគាំទ្រដល់កម្ពុជាទៀត ជាពិសេសពាក់ព័ន្ធអាណត្តិការងាររបស់លោកស្រីផ្ទាល់តែម្ដង ដែលសម្ដេចសង្ឃឹមថានឹងសម្រេចបានវឌ្ឍនភាព និងសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងវិស័យដែល UNISEF ទទួលខុសត្រូវ។

ជាការឆ្លើយតប លោកស្រីប្រធាន បានសម្ដែងក្ដីរីករាយចំពោះការទទួលបានការតែងតាំងជាប្រធានUNISEFថ្មីប្រចាំនៅកម្ពុជា ដែលនេះគឺជាកិត្តិយស និងធ្វើឲ្យលោកស្រីមានឱកាសធ្វើការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសថ្នាក់ដឹកនាំរបស់កម្ពុជា។ លោកស្រីបានជំរាបជូនសម្ដេចថាអាណត្តិការងាររបស់លោកស្រីផ្ដោតសំខាន់លើកិច្ចការពីរ គឺកិច្ចការសង្គម និងកិច្ចការកុមារ។

ពាក់ព័ន្ធនឹងអាណត្តិការងាររបស់លោកស្រី សម្ដេចក្រឡាហោម ស ខេង បានជំរាបជូនថាបច្ចុប្បន្ន កម្ពុជាមានអាជ្ញាធរថ្នាក់ក្រោមជាតិ និងយន្តការ គ.ជ.ប ដែលយន្តការទាំងពីរនេះធ្វើការយ៉ាងល្អប្រសើរជាមួយ UNISEF ក្នុងរយៈពេលកន្លងមកលើការផ្ដល់កិច្ចគាំពារសង្គម និងជួយកុមារក្នុងវិស័យអប់រំ សុខាភិបាល ការប្រយុទ្ធប្រឆាំងអំពើហិង្សាក្នុងគ្រួសារ និងការងារលើកកម្ពស់សមភាពយ៉ែនឌ័រ។

សម្ដេចក្រឡាហោម ក៏បានជំរាបជូនលោកស្រីប្រធានដែរថាបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកំពុងខិតខំផ្ទេរមុខងារទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសពេលនេះកំពុងខិតខំផ្ទេរមុខងារក្នុងវិស័យអប់រំ ក្នុងនោះក៏ពាក់ព័ន្ធដល់ផ្នែកនៃការងាររបស់UNISEFដែរ គឺការអប់រំកុមារតូច ហើយសម្ដេចសង្ឃឹម និងជឿជាក់ថាUNISEFនឹងបន្តផ្ដល់ការគាំទ្របន្ថែមទៀត។

ក្នុងជំនួបនេះដែរ សម្ដេចក្រឡាហោម បានសម្ដែងក្ដីពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការកន្លងមករវាងUNISEF ជាមួយក្រសួងមហាផ្ទៃ និង គ.ជ.អ.បដោយសម្ដេចបញ្ជាក់ថាក្រសួងតែងផ្ដល់អនុសាសន៍ដល់ថ្នាក់ក្រោមជាតិ បំពេញការងារពាក់ព័ន្ធវិស័យសង្គម និងការអប់រំកុមារតូចនេះឲ្យបានខ្លាំងក្លា ហើយជាមួយគ្នានេះក្រសួងក៏បានបែងចែកតួនាទី និងភារកិច្ចគណៈអភិបាលនៅតាមមូលដ្ឋានឲ្យទទួលខុសត្រូវលើកិច្ចការងារនេះដែរ។

សម្ដេចក្រឡាហោម ស ខេង បានបង្ហាញក្ដីសង្ឃឹមនិងជឿជាក់ថាតាមរយៈរចនាសម្ព័ន្ធរបស់គណៈអភិបាលនៅថ្នាក់ក្រោមជាតិនេះ នឹងបន្តជួយឲ្យកិច្ចសហប្រតិបត្តិការជាមួយអង្គការUNISEF កាន់តែមានភាពល្អប្រសើរបន្ថែមទៀត ក្នុងការងារគាំពារសង្គម និងការងារគាំពារកុមារតូចនៅតាមមូលដ្ឋាន។

លោកស្រីប្រធាន ក៏បានសម្ដែងក្ដីរីករាយចំពោះការគាំទ្ររបស់សម្ដេចក្រឡាហោម ហើយលោកស្រីបានជំរាបជូនសម្ដេចអំពីការបន្តជួយគាំទ្រលើផ្នែកជំនួយបច្ចេកទេសក្នុងការពង្រឹងការងារលើកកម្ពស់សមត្ថភាពមន្រ្តីមូលដ្ឋាន ដោយផ្ដោតលើការពង្រឹងសមត្ថភាពរៀបចំផែនការ និងគម្រោងផ្សេងៗ ដើម្បីគាំទ្រដល់ការងារគាំពារសង្គម និងកុមារតូចនៅតាមមូលដ្ឋាន។

ជាចុងបញ្ចប់នៃជំនួបដ៏មានសារៈសំខាន់នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្ដែងក្ដីរីករាយចំពោះការបន្តគាំទ្ររបស់អង្គការUNISEF ហើយសម្ដេចសូមជូនពរលោកស្រីប្រធានបំពេញការងារក្នុងអាណត្តិនៅព្រះរាជាណាចក្រកម្ពុជាប្រកបដោយភាពជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង