មន្ត្រីជំនាញបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាចូលរួមសិក្ខាសាលាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ និងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅ ទីក្រុង New Delhi ប្រទេសឥណ្ឌា

ប្រទេសឥណ្ឌា៖ ទាក់ទងទៅនឹងសិក្ខាសាលាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ និងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលើនេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ឯកឧត្តម ហេង សុផាន់ណារិទ្ធ ប្រធានការិយាល័យគោលនយោបាយ តំណាងឱ្យបេឡាជាតិរបបសន្តិសុខសង្គមកម្ពុជា ដើម្បីចូលរួមសិក្ខាសាលាទ្វេភាគីលើកទី៤ រវាងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពី “គោលនយោបាយហិរញ្ញប្បទានសុខាភិបាល ក្នុងការអនុវត្តយុទ្ធសាស្ត្រចំណាយដើម្បីប្រសិទ្ធិភាព និងប្រសិទ្ធិផល” ក្រោមកិច្ចសហការឧបត្ថម្ភគាំទ្រដោយអង្គការ WHO – World Bank ។

គោលបំណងនៃសិក្ខាសាលាខាងលើនេះ គឺផ្តោតទៅលើចំណុចសំខាន់ៗចំនួន៤ គឺ៖
-ចែករំលែកបទពិសោធន៍ពីបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ
-ដើម្បីសិក្សា និងស្វែងរកដំណោះស្រាយដើម្បីជាយន្តការសម្រាប់អនុវត្តលើយុទ្ធសាស្ត្រចំណាយ ប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល
-សិក្សាពីតម្លៃ និងវិធីសាស្ត្រនៃការចុះកិច្ចព្រមព្រៀងរវាងមូលដ្ឋានសុខាភិបាលសាធារណៈ និងមូលដ្ឋានសុខាភិបាលឯកជន ដើម្បីឲ្យមានតម្លាភាព
-សិក្សាពីយន្តការនៃការទូទាត់សេវា ដើម្បីឲ្យសមស្របទៅតាមបរិបទនៃបណ្តាប្រទេសនីមួយៗ។

សូមបញ្ជាក់ថា៖ សិក្ខាសាលាខាងលើនេះ មានសមាសភាពចូលរួមចំនួន ១៤ប្រទេស រួមមានប្រទេស Armenia, Bangladesh, Cambodia, China, India, Indonesia, Lao PDR, Malaysia, Maldives, Mongolia, Myanmar, Nepal, Thailand, Viet Nam, តំណាងអង្គការ WHO – World Bank ព្រមទាំងអ្នកជំនាញការមកពីបណ្តាប្រទេសជាច្រើនទៀត សរុបប្រមាណជាង ៩០នាក់ ដែលប្រព្រឹត្តទៅចំនួន ៤ថ្ងៃគឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅទីក្រុង New Delhi ប្រទេសឥណ្ឌា ៕

អត្ថបទដែលជាប់ទាក់ទង