មន្ត្រីក្រសួងសាធារណការ៖ ​បើសិនជាអាចជៀសបាន​ កុំធ្វើដំណើរ​តាមផ្លូវជាតិលេខ​៤​

(ភ្នំពេញ)៖ ដោយសារតែផ្លូវជាតិលេខ៤ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ អ្នកនាំពាក្យក្រសួង​សាធារណការ និងដឹកជញ្ជូន ឯកឧត្តម វ៉ា ស៊ឹមសូរិយា សំណូមពរឲ្យប្រជាពលរដ្ឋបើកបរនៅ​លើ​ដងផ្លូវមួយនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយថា បើសិនជាអាចជៀសបាន កុំធ្វើដំណើរនៅលើផ្លូវជាតិមួយនេះ។

ឯកឧត្តមបានបន្ថែមថា៖ “ពីមុនយើងគិតថា ផ្លូវជាតិលេខ៤ជាផ្លូវរបស់ឡានធំហើយ ប៉ុន្តែឥលូវលើសហ្នឹងទៀត គឺគាត់មិនអនុគ្រោះឡានតូចតែម្តង។ ចឹងបើជៀសវាងបាន គឺយើងមិនគួរទៅតាមផ្លូវជាតិលេខ៤ទេ បើសិនជាអាច”។

គួរកត់សម្គាល់ថា នៅមួយរយៈពេលចុងក្រោយនេះ ផ្លូវជាតិលេខ៤ ដែលធ្វើដំណើរពីខេត្តកំពង់ស្ពឺ ទៅខេត្តព្រះសីហនុ តែងតែកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ច្រើនបំផុត។ ថ្មីៗនេះ មានករណីរថយន្តបុកគ្នាជាបន្តបន្ទាប់រហូតផ្ទុះឆេះ បណ្តាលឲ្យមនុស្សស្លាប់ជាច្រើននាក់ផងដែរ។

ប្រជាពលរដ្ឋហាក់មានភាពញញើតជាខ្លាំង នៅពេលធ្វើដំណើរលើផ្លូវជាតិលេខ៤ ដោយសារតែផ្លូវនៅមានសភាពតូច ពិសេសរថយន្តធំៗ បើកបរខ្វះការប្រុងប្រយ័ត្ន បើកលឿន និងមិនគោរពសិទ្ធិអ្នកបើកដទៃផងនោះ។

ជាវិធានការចំពោះមុខ នៅថ្ងៃទី១២ ខែមិថុនានេះ សមត្ថកិច្ចបានពង្រាយកម្លាំងប៉ូលិសនៅតាមដងផ្លូវជាតិលេខ៤ ​ដើម្បី​ធ្វើ​ការត្រួតពិនិត្យ និងរឹតបន្ដឹងការអនុវត្តច្បាប់បន្ថែមទៀត ព្រមទាំងធ្វើការត្រួតពិនិត្យទឹកនោមអ្នកបើកបរ ដើម្បី​រក​សារធាតុញៀនទៀតផង៕

អត្ថបទដែលជាប់ទាក់ទង