ការ​ទូទាត់​សំណង​តាមប្រព័ន្ធ​ស្គែន ដោយ​ផ្ទៀងផ្ទាត់​សុពលភាព ​តាមប្រព័ន្ធស្គែន​ស្នាមក្រយៅដៃ នឹងត្រូវ​​ដាក់អនុវត្ត នៅពេល​ខាងមុខ​នេះ

(ភ្នំពេញ)៖ ប្រធានបទស្តីពីនីតិវិធីនៃដំណើរការទូទាត់សំណង​តាមប្រព័ន្ធស្គែនស្នាមក្រយៅ​ដៃប្រសិទ្ធភាពខ្ពស់ ក្នុងការទៅទទួលសេវា និងទូទាត់សំណងនៅតាមមូលដ្ឋាន​សុខាភិបាលឯកជន ដែលជាដៃគូ ប.ស.ស. ដ៏ល្អមួយនេះ ត្រូវបានបើកកិច្ចប្រជុំផ្សព្វផ្សាយ នាព្រឹកថ្ងៃទី១២ ខែមិថុនានេះ នៅសណ្ឋាគារសាន់វ៉េ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួល​បន្ទុក​ជានាយកបេឡាជាតិ​របប​សន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយមានការចូលរួមពីមន្រ្តីជំនាញ ប.ស.ស និង​តំណាងមន្ទីរពេទ្យឯកជនដែលជាដៃគូ ប.ស.ស. សរុបប្រមាណជាង ១០០នាក់។

ឯកឧត្តមប្រតិភូ បានថ្លែងថា៖ សម្រាប់ការដាក់ដំណើរការនូវប្រព័ន្ធស្គែននេះ គឺមិនមែនមានត្រឹមតែ​នៅតាមមូលដ្ឋានសុខាភិបាលឯកជនដែលជាដៃគូ ប.ស.ស. ប៉ុណ្ណោះទេ បានន័យថាគឺនឹងមាន​នៅគ្រប់មូលដ្ឋានសុខាភិបាលទាំងអស់ដែលជាដៃគូ ប.ស.ស. នៅពេលខាងមុខ ។

ឯកឧត្តមប្រតិភូ បានបន្តថា៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចាប់ផ្តើមអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននៅក្នុងឆ្នាំនេះ ដែលបងប្អូនកម្មករនិយោជិតទាំងអស់នឹងអាចទទួលបានប្រាក់សោធន (រ៉ឺត្រែត) ដូចទៅនឹងមន្រ្តីរាជការដែរ។

ឯកឧត្តមប្រតិភូ បានថ្លែងរំលឹកផងដែរថា៖ គិតរហូតមកដល់ពេលនេះ សមាជិក ប.ស.ស. ទាំងកម្មករនិយោជិត និងមន្រ្តីរាជការសរុបមានប្រមាណជិត ២លាននាក់ ដែលពួកគាត់ទាំងអស់អាចទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅគ្រប់មន្ទីរពេទ្យទាំងរដ្ឋ និងឯកជន ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. ដោយឥតបង់ថ្លៃ។

នេះគឺជាការគិតគួរ ប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់​ខ្ពស់​បំផុត​ ចំពោះសុខទុក្ខ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករ​និយោជិតនេះ​តែម្ដង។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំផ្សព្វផ្សាយបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នេះ៕

អត្ថបទដែលជាប់ទាក់ទង