សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជានឹងដូរប្រព័ន្ធទូរទស្សន៍ពី Analog ទៅ Digital ឆ្នាំ២០២៣

(​សៀមរាប​)៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩នេះ បានមានប្រសាសន៍ថា ប្រទេស កម្ពុជានឹងដូរប្រព័ន្ធផ្សព្វផ្សាយរបស់ទូរទស្សន៍នៅក្នុងប្រទេសពី Analog ទៅ Digital នៅត្រឹមឆ្នាំ២០២៣។

សម្តេចតេជោ បានមានប្រសាសន៍បែបនេះក្នុងអញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បើក​ជា​ផ្លូវការ​នូវ​សន្និសីទ​កំពូល «​សារព័ត៌មាន​អាស៊ី​» លើក​ទី​១៦ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា ក្នុង​ខេត្តសៀមរាប​។​

សម្តេចតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំពុងធ្វើការងារនេះ ដើម្បីប្តូរប្រព័ន្ធ Analog ទៅជា Digital ដែលអាចធ្វើឲ្យគុណភាពសំឡេង និងរូបភាពកាន់តែច្បាស់ល្អ។

​សន្និសីទ​កំពូល «​សារព័ត៌មាន​អាស៊ី​» លើក​ទី​១៦ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ ក្រោម​ប្រធានបទ «​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​-​អភិវឌ្ឍន៍​ទីផ្សារ​»​។

​សន្និសីទ​ថ្ងៃនេះ នឹង​ជជែក​ពិភាក្សា​ទៅ​បញ្ហា​ប្រឈម​របស់​ស្ថាប័ន​ព័ត៌មាន និង​វិស័យ​ព័ត៌មាន​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​ទំនើប​នេះ និង​ការប្រកួតប្រជែង​ដ៏​ខ្លាំងក្លា​ជាមួយ​បណ្តាញ​សង្គម​នេះ នឹងមាន​អ្នកចូលរួម​ជា​ថ្នាក់ដឹកនាំ និង​តំណាង​ស្ថាប័ន​រដ្ឋាភិបាល ស្ថាប័ន​សារព័ត៌មាន ព្រមទាំង​អ្នកសារ​ព័ត៌មាន​ជាតិ និង​អន្ត រ​ជាតិប្រមាណ​ ៥០០​នាក់ មកពី​បណ្ដា ប្រទេស​ជាង​៤០ នៅក្នុង​តំបន់ និង​លើ​ពិភពលោក​។​

​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី គឺជា​ព្រឹត្តិការណ៍​អន្តរជាតិ​នាំមុខ​មួយ​ក្នុង​វិស័យ​សោតទស្សន៍ ដែល​ផ្តល់​កាលានុវត្តភាព​ដល់​រដ្ឋ​មន្ត្រី​ទទួលបន្ទុក​ព័ត៌មាន ប្រតិបត្តិ​ករ​សោតទស្សន៍ និង​បុគ្គលិក​បម្រើ​ការងារ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ថ្នាក់ដឹកនាំ​វិស័យ​ឧស្សាហកម្ម សកលវិទ្យា​ល័យ អ្នកស្រាវជ្រាវ អ្នកជំនាញ និង​អ្នកតាក់តែង​គោលនយោបាយ នៅ​ជុំវិញ​ពិភពលោក ដើម្បី​ជួបជុំ និង​ពិភាក្សា​អំពី​ការអភិវឌ្ឍ​គុណភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុងអំឡុងពេល​នៃ​បដិវត្តន៍​បច្ចេកវិទ្យា​ទំនើប​៕

អត្ថបទដែលជាប់ទាក់ទង