នៅរសៀលនេះ តុលាការនឹងបន្តសវនាការកាត់ទោស លោក រ៉ាត់ រ័ត្នមុនី សំណុំរឿងផលិតវីដេអូ «ម្តាយខ្ញុំ លក់ខ្ញុំ»

(ភ្នំពេញ)៖ ប្រសិនបើមិនមានអ្វីប្រែប្រួលនោះទេ នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ លោក កូយ សៅ ចៅក្រមជំនុំជម្រះ និងលោក វង្ស ប៊ុនវិសុទ្ធ ជាតំណាងអយ្យការ នឹងបើកសវនាការកាត់ទោសលោក រ៉ាត់ រ័ត្នមុនី ប្រធានសហព័ន្ធ សហជីពកម្មករសំណង់កម្ពុជា ពាក់ព័ន្ធបទល្មើស ញុះញង់ឱ្យមានការរើសអើង ដែលផ្តើមចេញពីការផលិតវីដេអូឯកសាររឿង «ម្តាយខ្ញុំ លក់ខ្ញុំ» ឲ្យឱ្យសារព័ត៌មាន RT (Russia Today) របស់ប្រទេសរុស្ស៊ី។

សូមជម្រាបជូនថា កាលពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ តុលាការបាន បើកសវនាការកាត់ទោស លោក រ៉ាត់ រ័ត្នមុនី ម្តងរួចមកហើយ ប៉ុន្តែមិនទាន់បានសាកសួរដេញដោលចប់សព្វគ្រប់។

នៅក្នុងសវនាការកាលពីពេលកន្លងទៅ ជនជាប់ចោទ រ៉ាត់ រ័ត្នមុនី បានច្រានចោលការចោទប្រកាន់របស់តុលាការ និងអះអាងថា លោកមិនបានផលិតវីដេអូរឿង «ម្តាយខ្ញុំ លក់ខ្ញុំ» នោះទេ ដោយលោកគ្រាន់តែអ្នកបកប្រែភាសារឲ្យ អ្នកសារព័ត៌មានចំនួន ៤នាក់ របស់សារព័ត៌មាន RT (Russia Today) តែប៉ុណ្ណោះ។

លោក រ៉ាត់ រ័ត្នមុនី បន្តថា «ខ្ញុំ គ្រាន់តែជអ្នកបកប្រែឲ្យគេ ចំណែករឿងថត និងកាត់តវីដេអូ យកទៅផ្សាយ ខ្ញុំអត់បានដឹងទេ។ ហើយខ្ញុំក៏មិនបានស្គាល់តួអង្គដែរ គឺក្រុមអ្នកកាសែតរុស្ស៊ីទាំងអស់នោះ ជាអ្នកស្វែងរកដោយខ្លួនពួកគេ»។

ប៉ុន្តែបើយោងតាមកំណត់ហេតុសួរចម្លើយ ដើមបណ្តឹង (ជាជនរងគ្រោះ) និងសាក្សីជាច្រើននាក់ទៀត បានបញ្ជាក់ថា ជនជាប់ចោទ រ៉ាត់ រ័ត្នមុនី គឺជាអ្នកទាក់ទង និង រៀបចំតួអង្គ និងទីតាំងថត វីដេអូរឿង «ម្តាយខ្ញុំ លក់ខ្ញុំ» យ៉ាងពិតប្រាកដ។

កំណត់ហេតុរបស់តុលាការ បញ្ជាក់យ៉ាងច្បាប់ថា ជនជាប់ចោទ រ៉ាត់ រ័ត្នមុនី ជាអ្នករត់ការទៅក្រសួងព័ត៌មាន ស្នើសុំការអនុញ្ញាតឲ្យក្រុមអ្នកសារព័ត៌មាន RT (Russia Today) របស់ប្រទេសរុស្ស៊ី ផលិតវីដេអូរឿង «ជីវភាព ប្រជាពលរដ្ឋខ្មែរ ក្រោយរបបខ្មែរក្រហម» ដោយយកទីតាំងខេត្តព្រះសីហនុ, ខេត្តសៀមរាប និងរាជធានីភ្នំពេញ ជាទីតាំងថត។

ផ្ទុយពីការស្នើសុំទៅក្រសួង លោក រ៉ាត់ រ័ត្នមុនី បានសហការជាមួយ ក្រុមអ្នកសារព័ត៌ RT (Russia Today) របស់ប្រទេសរុស្ស៊ី ផលិតវីដេអូរឿង «ម្តាយខ្ញុំ លក់ខ្ញុំ» ដោយ សន្យាជាមួយ តួអង្គថា នឹងផ្តល់លុយកាក់ដើម្បីចាយវាយខ្លះ និងផ្តល់លុយឲ្យបើក មុខរបរតូចតាមចិត្តរបស់ពួកគេប៉ងប្រាថ្នាផងដែរ។

យោងតាមវីដេអូរឿង «ម្តាយខ្ញុំ លក់ខ្ញុំ» ដែលតុលាការចាក់បញ្ជាំងនៅក្នុងសវនាការ បានបង្ហាញអំពី ដំណើររឿងស្ត្រីជាម្តាយ បានលក់កូនស្រីវ័យក្រមុំ ទៅឲ្យបម្រើផ្លូវភេទរបស់បុរសៗ ក្នុងតម្លៃចន្លោះពី ៤០០ដុល្លារ ទៅ១០០០ដុល្លារ ដែលអំពើនេះត្រូវតុលាការចាត់ទុកថា ជាការប៉ះពាល់ដល់ប្រពៃណី កិត្តិយស របស់ប្រទេសកម្ពុជា និងប៉ះពាល់ដល់កិត្តិយសរបស់ស្ត្រីខ្មែរ ជាពិសេសតួអង្គដែលលោក រ៉ាត់ រ័ត្នមុនី បានសម្ភាសន៍ និងថតយកទៅផ្សព្វផ្សាយ។

សូមជម្រាបជូនថា លោក រ៉ាត់ រ័ត្នមុនី ត្រូវបអាជ្ញាធរថៃចាប់ខ្លួន កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០១៨ តាមសំណើររបស់អាជ្ញាធរកម្ពុជា ពាក់ព័ន្ធបទល្មើស ផលិតវីដេអូឯកសារស្ដីពី ការជួញដូរផ្លូវភេទនៅកម្ពុជាក្រោមចំណងជើងថា «ម្ដាយខ្ញុំ លក់ខ្ញុំ» ឲ្យសារព័ត៌មាន RT (Russia Today) របស់ប្រទេសរុស្ស៊ី និងបានចាក់ផ្សាយជាសាធារណៈកាលកាលពីថ្ងៃ១៤ ខែតុលា ឆ្នាំ២០១៨កន្លងទៅ។

ក្រោយមកលោក រ៉ាត់ រ័ត្នមុនី ត្រូវតុលាការក្រុងភ្នំពេញ សម្រេចចោទប្រកាន់ និងឃុំខ្លួនជាបណ្តោះអាសន្ន បន្ទាប់ពីតុលាការរកឃើញថា លោកបានប្រព្រឹត្តបទល្មើស ញុះញង់ឱ្យមានការរើសអើង យោងតាមមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ៕(ឡុក សំរិត)


អត្ថបទដែលជាប់ទាក់ទង