ឯកឧត្តម ប៉ា សុជាតិ​វង្ស អតីត​អភិបាល​រាជធានី​ភ្នំពេញ ចូលកាន់​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១២​មិថុនា​នេះ​

(​ភ្នំពេញ​)៖ តាម​កម្មវិធី ដែល​បាន​គ្រោងទុក នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នឹង​ប្រារព្ធ​ឡើង នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ ក្នុងនោះ ឯកឧត្តម ប៉ា សុជាតិ​វង្ស អតីត​អភិបាល​រាជធានី​ភ្នំពេញ ត្រូវ​ចូលកាន់​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​។ ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣​នេះ មាន​សមាសភាព ២៧​រូប មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​។

​ឯកឧត្តម ប៉ា សុជាតិ​វង្ស ជា​អតីត​អ្នកតំណាងរាស្ត្រ លំដាប់​លេខ​រៀង​ទី​១ នៅ​មណ្ឌល​ភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា នៃ​រដ្ឋសភា ក្នុង​នីតិកាល​ទី​៦​។

​នៅ​ខែមីនា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ប៉ា សុជាតិ​វង្ស បាន​សុំលាលែង​តំណែង​តំណាងរាស្ត្រ ក្រោយពេល​ឯកឧត្តម បាន​ជាប់ឆ្នោត​ជា​អ្នកតំណាងរាស្ត្រ តាមរយៈ​ការបោះឆ្នោត កាលពី​ខែកក្កដា ឆ្នាំ​២០១៨​។

​ឯកឧត្តម ប៉ា សុជាតិ​វង្ស ដែលជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំរាជធានី​ភ្នំពេញ បាន​ឈរឈ្មោះ ជា​បេក្ខជន​ពេញសិទ្ធិ​លំដាប់​លេខ​រៀង​ទី​១ ក្នុងចំណោម​បេក្ខជន​ពេញសិទ្ធិ ២៧​រូប នៃ​បញ្ជី​ផ្លូវការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី​ភ្នំពេញ ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩​។​

​ឯកឧត្តម ប៉ា សុជាតិ​វង្ស បាន​ជាប់ឆ្នោត ក្នុងការ​បោះឆ្នោត​អសកល នា​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ដែល​មានតែ​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ក្នុង​តំណែង ជា​អ្នក​ទៅ​បោះឆ្នោត​។

​កាលពី​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ ព្រះករុណា ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង​ឯកឧត្តម ប៉ា សុជាតិ​វង្ស ជា​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ រួមទាំង​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ២៦ រូប​ផ្សេងទៀត​។​

​កើត​នៅ​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​១៩៥៧ ឯកឧត្តម ប៉ា សុជាតិ​វង្ស ជា​អភិបាល​រាជធានី​ភ្នំពេញ កាល​ខែឧសភា ឆ្នាំ​២០១៣ បន្ត​ពី​ឯកឧត្តម កែប ជុតិមា​។ មកដល់​ខែមិថុនា ឆ្នាំ​២០១៧ ឯកឧត្តម ប៉ា សុជាតិ​វង្ស ត្រូវបាន​បញ្ចប់​តំណែង ជា​អភិបាល​រាជធានី​ភ្នំពេញ ដោយសារ​ឯកឧត្តម ដល់​អាយុ​ចូល​និវត្ត ( ៦០​ឆ្នាំ ) ហើយ​ឯកឧត្តម ឃួ​ង ស្រេង បាន​ចូលកាន់​តំណែង​ជា​អភិបាល​រាជធានី​ភ្នំពេញ បន្ត​ពី​ឯកឧត្តម ប៉ា សុជាតិ​វង្ស​។​

​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ឯកឧត្តម ប៉ា សុជាតិ​វង្ស បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ នៅ​លំដាប់​លេខ​រៀង​ទី​១ នៅ​មណ្ឌល​ភ្នំពេញ របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ឯកឧត្តម ក៏បាន​ជាប់ឆ្នោត ក្លាយជា​តំណាងរាស្ត្រ ដូច​ឯកឧត្តម កែប ជុតិមា អតីត​អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​ជាប់ឆ្នោត​ជា​អ្នកតំណាងរាស្ត្រ ចាប់តាំងពី​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ បន្ត​ដល់​អាណត្តិ​ទី​៦ នៅ​ឆ្នាំ​២០១៨​។​

​សូម​រម្លឹកថា នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ ក្រៅពី​ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា រាជធានី​ភ្នំពេញ ក៏មាន​ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា នៅ​ខេត្តបន្ទាយមានជ័យ ត្បូងឃ្មុំ និង​នៅ​ខេត្តកណ្តាល ផងដែរ​។​

​ក្រសួងមហាផ្ទៃ បានប្រកាស​នូវ​តារាង​កម្មវិធី ដោយមាន​បញ្ជី​ថ្នាក់ដឹកនាំ និង​មន្ត្រី​អគ្គនាយកដ្ឋាន​រដ្ឋបាល ចូលរួម​អមដំណើរ​តំណាង​រាជរដ្ឋាភិបាល ដែល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣ នៅ ២៥​រាជធានី​ខេត្ត ទូទាំងប្រទេស ដោយ​ចាប់ពី​ថ្ងៃទី​១២ រហូតដល់​ថ្ងៃទី​១៧​មិថុនា ឆ្នាំ​២០១៩​។

​បញ្ជី​របស់​ក្រសួងមហាផ្ទៃ រួមមាន​៖
​នៅ​ថ្ងៃទី​១២ ខែមិថុនា ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា ធ្វើឡើង នៅ​រាជធានី​ភ្នំពេញ ខេត្តបន្ទាយមានជ័យ ត្បូងឃ្មុំ និង​ខេត្តកណ្ដាល​។

​នៅ​ថ្ងៃទី​១៣​មិថុនា ធ្វើ​នៅ​ក្រុមប្រឹក្សា​ខេត្តតាកែវ កំពត កំពង់ស្ពឺ ឧ​ត្ត​មានជ័យ កំពង់ឆ្នាំង ប៉ៃលិន បាត់ដំបង និង​ខេត្តសៀមរាប​

​ថ្ងៃទី​១៤​មិថុនា នៅ​ខេត្តព្រះវិហារ កែប រតនគិរី ស្ទឹងត្រែង និង​ព្រះសីហនុ​
​ថ្ងៃទី​១៥​មិថុនា នៅ​ខេត្តកោះកុង ពោធិ៍សាត់​
​ថ្ងៃទី​១៦​មិថុនា នៅ​ខេត្តស្វាយរៀង និង​ខេត្តព្រៃវែង​
​ថ្ងៃទី​១៧​មិថុនា នៅ​ខេត្តកំពង់ធំ ក្រចេះ មណ្ឌលគិរី និង​កំពង់ចាម​។​

​កាលពី​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ គ​.​ជ​.​ប បានប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សា រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ អាណត្តិ​ទី​៣ ដោយ​បង្ហាញថា ក្នុងចំណោម​គណបក្សនយោបាយ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ទាំង ៧ គឺមាន​គណបក្ស ៣​ប៉ុណ្ណោះ ដែល​ទទួលបាន​អាសនៈ នៅ​ក្រុមប្រឹក្សា​រាជធានី​ខេត្ត និង​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ រួមមាន​៖

១-​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ​រាជធានី ខេត្ត ចំនួន​៥៥០ និង​អាសនៈ​ក្រុង ស្រុក ខណ្ឌ ចំនួន ៣៤៨៤​។​

២-​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួលបាន​អាសនៈ​ក្រុមប្រឹក្សា​ខេត្ត ចំនួន​៦ និង អាសនៈ​ក្រុង ស្រុក ខណ្ឌ ចំនួន ៣៨​។​

៣-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​អាសនៈ​ក្រុមប្រឹក្សា​ខេត្ត ចំនួន​៣ និង​អាសនៈ​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ ចំនួន ៣៣​។​

​ដោយឡែក ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ទាំង ២៥ នៅ​ទូទាំងប្រទេស និង​តំណែង​ប្រធាន​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ ទាំង ២០៣ នៅ​ទូទាំងប្រទេស បាន​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា​៕​

  

អត្ថបទដែលជាប់ទាក់ទង