ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះព្រមានប្តឹងគ្លីនីក មុត ម៉េងលី ទៅតុលាការបើរកឃើញថាគ្មានច្បាប់និងមានកំហុសធ្វើឲ្យកុមារាម្នាក់ស្លាប់!

(ក្រចេះ)៖ លោកវេជ្ជបណ្ឌិត ឈ្នាង សុវុត្ថា ប្រធានមន្ទីសុខាភិបាលខេត្តក្រចេះ បានឲ្យដឹងនៅពេលថ្មីៗនេះថា លោកនឹងមានវិធានផ្លូវច្បាប់ប្រសិនណាបើរកឃើញថា គ្លីនីកឯកជន ឈ្មោះ «មុត ម៉េងលី» មានពាក់ពន្ឋ័ដូចកាចោទប្រកាន់ថា ទទួលព្យាបាលបង្ករឲ្យក្មេងប្រុសមានជម្ងឺគ្រុនឈាមម្នាក់ស្លាប់ កាលពីចុងសប្តាហ៍កន្លងទៅមែននោះ។

ប្រធានមន្ទីសុខាភិបាលខេត្តក្រចេះរូបនេះ បានឲ្យដឹងទៀតថា លោកនឹងមានវិធានផ្លូវច្បាប់ប្រសិនណា បើរកឃើញថា គ្លីនីកឯកជននេះ (នៅផ្សារកាបី ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ) មិនមានច្បាប់អនុញ្ញាតិគ្រប់គ្រាន់។

លោកវេជ្ជបណ្ឌិត ឈ្នាង សុវុត្ថា បានអះអាងថា លោកបានចាត់មន្ត្រីឲ្យចុះទៅគោលដៅដើម្បីពិនិត្យមើល រហូតមកដល់ពេលនេះនៅមិនទាន់ទទួលបានលទ្ឋផលនៅឡើយដែរ តែយ៉ាងណាលោកបានចាត់ចែងឲ្យមន្ត្រីពិនិត្យមើលថា តើវាជាប្រភេទសេវាយ៉ាងដូចម្តេច?។

លោកប្រធានមន្ទីរបន្តរថា បើតាមពត៌មានដែលលោកទទួលបាន គឺ គ្លីនីកឯកជន(យីហោ) មុត ម៉េងលី បានបើកមួយរយៈកាលដំបូងមានច្បាប់ តែដល់ក្រោយមកគាត់អស់សុពលភាពហើយ ក្នុងនោះគាត់បានស្នើសុំបន្តរ ប៉ុន្តែ វាមានលក្ខណៈខ្វះខាតខ្លះ ដូច្នេះខាងមន្ទីរក៏មិនបានអនុញ្ញាតឲ្យបន្តរទេ! អញ្ជឹងមានន័យថា វាអស់សុពលភាពហើយ។

លោកបន្ថែមថា បច្ចុប្បន្ននេះខាងមន្ទីរបាននឹងកំពុងស្រង់ស្ថិតិស្វែងរក គ្លីនីកឯកជន ដែលបំរើសេវាសុខាភិបាលអត់ច្បាប់ ដើម្បីធ្វើពាក្យបណ្តឹងទៅតុលាកា តាមអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងសុខាភិបាល តែរហូតមកដល់ពេលនេះទើបតែរកឃើញចំនួន៣កន្លែងប៉ុណ្ណោះ។ «នៅពាក់កណ្តាលខែនេះ យើងនឹងបានទិន្និយ័មួយចំនួន យើងនឹងរៀបចំឯកសារដាក់ពាក្យបណ្តឹងទៅតុលាការចំពោះសេវាអត់ច្បាប់ទាំងនោះ!»។

គួរបញ្ជាក់ថា គ្លីនិកឯកជននៅចំណុចផ្សារកាបី ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានពលរដ្ឋនៅតំបន់នោះរិះគន់ថា ព្យាបាលអ្នកជំងឺមិនមានការយកចិត្តទុកដាក់បណ្ដាលឲ្យក្មេងប្រុសអាយុ៧ខែម្នាក់ស្លាប់កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ថ្មីៗនេះ។

សូមរំឭកថា ក្មេងប្រុសដែលស្លាប់នោះមានឈ្មោះ សេង សុបញ្ញាបុត្រ អាយុ៧ខែ ម្តាយឈ្មោះ ទេព សុវណ្ណា(ហៅស្រីពៅ) និងឪពុកឈ្មោះ សេង លីតា រស់នៅក្នុងមូលដ្ឋានខាងលើ។ ក្មេងប្រុសខាងលើត្រូវបានម្តាយ ឪពុកនាំទៅកាន់គ្លីនីកឯកជនមួយ(មុត ម៉េងលី)នេះ កាលពីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ ខណៈដែលក្មេងប្រុស មានអាការៈក្តៅខ្លួនខ្លាំង។

អ្នកស្រី ទេព សុវណ្ណា(ហៅស្រីពៅ) ជាម្តាយក្មេងរងគ្រោះធ្លាប់បានបញ្ជាក់ថា បន្ទាប់ពីទទួលកាព្យាបាលចាប់ពីយប់ថ្ងៃទី៤ រហូតដល់ថ្ងៃទី៧ ខែមិថុនា កូនប្រុសអ្នកស្រីហាក់មានសភាពធ្ងន់ធ្ងរឡើងៗ មានចេញរោគសញ្ញាអុចៗគ្រាប់ក្រហមឡើងពេញខ្លួន។ រហូតមកដល់ព្រឹកថ្ងៃទី៨ កូនរបស់អ្នកស្រីក៏រាគខ្លាំងរហូតចេញឈាម តាំងពីព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់ រឹតតែមានសភាពធ្ងន់ធ្ងរទៅៗ។

ដោយមើលឃើញបែបនេះគ្រូពេទ្យនៅគ្លីនិកនេះ ហាក់មានសភាពស្លន់ស្លោរ ក៏បានសម្រេចចិត្តអនុញ្ញាតឲ្យឪពុកម្ដាយយកចេញទៅកាន់មន្ទីរពេទ្យគន្ឋបុប្ផាឯទីក្រុងភ្នំពេញ។ ពេលគ្រូពេទ្យសម្រេចចិត្តឲ្យបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផានោះ គឺមិនបានរៀបចំឡានសារ៉ែន ឬឧបករណ៍សម្ភារៈប្រើប្រាស់ឲ្យបានត្រឹមត្រូវទៅតាមបច្ចេកទេសរបស់គ្រូពេទ្យនោះទេ គឺគ្រូពេទ្យខាងលើបានឲ្យម្តាយឪពុកម្តាយកុមាររងគ្រោះប្រើប្រាស់រថយន្តរបស់ខ្លួនដើម្បីដឹកក្មេងប្រុសដែលកំពុងតែមានសភាពជំងឺធ្ងន់ធ្ងរទៅដោយខ្លួនឯង ហើយបានស្លាប់ខណៈកំពុងធ្វើដំណើរតាមផ្លូវ។

ពាក់ព័ន្ធនឹងការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋក៏ដូចជាសាច់ញាតិឪពុកម្ដាយកុមាររងគ្រោះខាងលើនេះ អង្គភាពព័ត៌មាន Swift news មិនអាចទំនាក់ទំនងសុំការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត មុត ម៉េងលី ដែលជាម្ចាស់គ្លីនីកឯកជនខាងលើបាននោះទេ ដោយលោកបានឆ្លើយយ៉ាងខ្លីថា «សូមទោសខ្ញុំរវល់ជួបមេមកប្រជុំ រួចក៏ចុចផ្តាច់ប្រព័ន្ធទូរស័ព្ទទៅ»៕ (SN-ម៉េង គាង)

អត្ថបទដែលជាប់ទាក់ទង