បុរសម្នាក់ចង់ធ្វើជាពលរដ្ឋល្អ តែត្រូវខាងមន្រ្តីពន្ធដារចោទថា…..!

(ភ្នំពេញ)៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញនេះ មានពលរដ្ឋម្នាក់បានចោទជាសំនួរទៅកាន់អ្នកគ្រប់គ្រងពន្ធដារ ជាមួយនឹងចម្ងល់របស់ខ្លួន ដែលទំនងជាគ្មានចម្លើយដូច្នេះថា «ខ្ញុំបាទមានចម្ងល់ចង់សួរ ខ្ញុំមិនយល់ៗ…ខ្ញុំចង់សួរថា ពិន័យរឿងអ្វី? វាមិនម៉ែនជាកំហុសខ្ញុំ! តើគ្រាន់តែចង់ធ្វើពលរដ្ឋល្អវាខុសដែរ? ត្រង់ណាថា ចង់ឃើញពលរដ្ឋចេះភ្ញាក់រលឹកស្រឡាញ់ជាតិនោះ!»។

តាមបណ្តាញសង្គមហ្វេសប៊ុក ម្ចាស់គណណីម្នាក់ឈ្មោះថា «Seima Khlok» បានបរិយាយពាក់ព័ន្ធទៅនឹងការបង់ពន្ធប្រចាំឆ្នាំរបស់រថយន្ត(ពន្ធផ្លូវ) ដែលលោកបានអះអាងថា កាតគ្រីឡានរបស់លោកត្រូវបានក្រសួងសាធារណ:ទំនងជាចេញខុសដោយអចេតនាទៅលើ «កម្លាំងម៉ាស៊ីន» ធ្វើឲ្យការគណនានៃការបង់ពន្ធផ្លូវ ត្រូវថយចុះ ដែលជាកំហាតដល់ស្ថាប័នពន្ធដាររបស់រដ្ឋ។

ដើម្បីក្លាយជាពលរដ្ឋមួយគំរូ គោរពច្បាប់ និងចូលរួមចំណែកផ្តល់ចំណូល(ថវិកា)ជូនជាតិ លោក Seima Khlok  ទំនងជាត្រូវចំណាយប្រាក់ជាថ្មី ដើម្បីស្នើសុំឲ្យខាងឃ្លាំងលក់ឡាន ជួយអន្តរាគមទៅក្រសួងសាធារណៈការធ្វើកាតគ្រីថ្មី ដោយកែតម្រូវ «កម្លាំងម៉ាស៊ីន» ឲ្យត្រូវតាមប្រភេទឡានជាក់ស្តែង។

ក្រោយពីទទួលបានកាតគ្រី(ឡាន)ថ្មី និងក៏ដល់ពេលត្រូវបង់ពន្ធផ្លូវជាថ្មីទៀតនោះ លោកក៏បានទៅកាន់ពន្ធដារមួយក្នុងរាជធានីភ្នំពេញ ជាមួយនឹងការបង់ពន្ធឡានកាតគ្រីថ្មី ស្រាប់តែលោក Seima Khlok មានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង ពោលគឺគ្មានអ្វីនឹងថ្លែង! ព្រោះមន្រ្តីពន្ធដារតម្រូវឲ្យលោកបង់ពន្ធឡាន(ពន្ធផ្លូវ) ទាំងឆ្នាំថ្មី ទាំងឆ្នាំចាស់(ថាជំពាក់) ជាមួយនឹងការពិន័យថែមទៀត ដោយចោទប្រកាន់លោកថា គេចវេសមិនបានបង់ពន្ធឡានឆ្នាំមុន គឺ ស្មើនឹងលោក «មានកំហុស» ក្នុងការមិនអនុវត្តច្បាប់(ពន្ធដារ)របស់ប្រទេសទៅវិញ។

លោក Seima Khlok បានចោទជាសំនួរថា តើជាកំហុសអ្នកណា? ជាកំហុសរបស់លោក? ជាកំហុសរបស់មន្រ្តីពន្ធដារ? ឬជាកំហុសខាងក្រសួងសាធារណៈការ? ស្រាប់តែមន្រ្តីពន្ធដាររូបនោះ ថាជាកំហុសខាងក្រសួងសាធារណៈការ ហើយឲ្យលោកទៅរករឿងខាងក្រសួងសាធារណ:ការទៅ! ការរុញច្រានរបស់មន្រ្តីពន្ធដារូបនេះក៏ត្រូវបានលោកស្នើឲ្យធ្វើការពិចារណាឡើងវិញ! ព្រោះនោះមិនមែនជាកំហុសលោកទេ!។

សូមអានការលើកឡើងរបស់លោក Seima Khlok ទាំងស្រុងដូចខាងក្រោម៖

«ឆ្នាំមុនខ្ញុំបានទិញឡាន RX 330 ១គ្រឿង ក៏ប្រញាប់យកទៅបង់ពន្ធផ្លូវ ខាងពន្ធដាឲ្យខ្ញុំបង់តែ 250.000 រៀល ខ្ញុំឆ្ងល់ហេតុអ្វី ឡានខ្ញុំបង់តម្លៃខុសគេ?។ ខ្ញុំពិនិត្យរកឃើញថា កាតគ្រីឡានខ្ញុំខាងសាធារណ:ការចេញខុសកម្លាំងម៉ាស៊ីន (2400) ខ្ញុំក៏យកទៅឲ្យម្ចាស់ការាស់ឡានលក់ឲ្យខ្ញុំយក កាតគ្រីឡានទៅកែនៅសាធារណ:ការឲ្យត្រឹមត្រូវវិញ គឺកម្លាំងម៉ាស៊ីន (3300) ដើម្បីយកទៅបងពន្ធបានត្រឹមត្រូវតាមច្បាប់វិញ។

«ក្នុងនាមពលរដ្ឋល្អ ស្រាប់តែខ្ញុំទៅបង់ពន្ធឆ្នាំនេះ(២០១៩) គេថាខ្ញុំត្រូវបង់ 1.300.000រៀល គឺ ឆ្នាំថ្មី 600.000រៀល, ឆ្នាំចាស់ជំពាក់ 350.000រៀល និងពិន័យ 350.000រៀល)។ ខ្ញុំចង់សួរថា ពិន័យរឿងអ្វី វាមិនម៉ែនជាកំហុសខ្ញុំ! តើគ្រាន់តែចង់ធ្វើពលរដ្ឋល្អវាខុសដែរ? ត្រង់ណាថា ចង់ឃើញពលរដ្ឋចេះភ្ញាក់រលឹកស្រឡាញ់ជាតិនោះ!។ ថាឡើងឲ្យខ្ញុំទៅរករឿងខាងក្រសួងសាធារណ:ការទៅ ! សូមពិចារណាមន្រ្តីប្រមូលពន្ធជាតិ!»៕ (Swift News)

 

អត្ថបទដែលជាប់ទាក់ទង