វិភាគៈ អាស៊ាន ជាទីតាំងភូមិសាស្ត្រស្នូលនៃសង្គ្រាមត្រជាក់ចិន និងអាមេរិក

ក្រុមជំនាញខាងភូមិសាស្ត្រនយោបាយជាច្រើនបានលើកឡើងថា ក្នុងករណីមានការប្រឈមមុខ ដាក់គ្នាជាលក្ខណៈអចិន្ត្រៃយ៍តាមបែបសង្គ្រាមត្រជាក់រវាងមហាអំណាចចិន និងអាមេរិក អាស៊ាន គឺជាទី តាំងភូមិសាស្ត្រស្នូលក្នុងការប្រយុទ្ធគ្នារវាងមហាអំណាចទាំងពីរ ប្រសិនបើមានសង្គ្រាមត្រជាក់ ។

មូលហេតុដែលអាស៊ានជាចំណុចក្តៅនៃសង្គ្រាមត្រជាក់រវាងចិន និងអាមេរិក ប្រសិនបើមាន គឺ ដោយសារអាស៊ានជាចង្កោម១០ប្រទេស ដែលមានកម្លាំងខ្លាំងទាំងផ្នែកសេដ្ឋកិច្ច នយោបាយ ការទូត រួមទាំងមានទីតាំងល្អបំផុតសម្រាប់ពង្រឹងអំណាចយោធានៅតំបន់អាស៊ីទាំងមូល ។

អាស៊ាន មានទីតាំងភូមិសាស្ត្រនៅក្បែរប្រទេសចិន និងស្ថិតនៅចំចំណុចកណ្តាលនៃយុទ្ធសាស្ត្រ ឥណ្ឌូប៉ាស៊ីហ្វិក ដែលសហរដ្ឋអាមេរិកបានដាក់ចេញកាលពីទសវត្សរ៍មុន ដើម្បីប្រជែងឥទ្ធិពលជាមួយ ប្រទេសចិន ខណៈដែលចិនពង្រីកឥទ្ធិពលក្នុងតំបន់ ។

មូលហេតុមួយទៀត ដែលនាំអោយអាស៊ានជាចំណុចក្តៅក្នុងសង្គ្រាមត្រជាក់រវាងមហាអំណាច ចិន និងអាមេរិក គឺដោយសារបណ្តាប្រទេសទាំង១០ជាសមាជិកអាស៊ាន ត្រូវបានបែងចែកជាពីរក្រុម ស្រាប់ គឺមួយក្រុមមានទំនាក់ទំនងស្និទ្ធជាមួយអាមេរិក និងមួយក្រុមទៀតស្និទ្ធជាមួយចិន ។

មហាអំណាចទាំងពីរ នឹងប្រជែងគ្នាខ្លាំងនៅពេលខាងមុខដើម្បីដណ្តើមយកអាស៊ាន ដោយប្រើ យុទ្ធសាស្ត្រ សន្តិសុខ នយោបាយ និងសេដ្ឋកិច្ច ខណៈដែលប្រទេសមួយចំនួនដែលជាសមាជិកអាស៊ាន មានជម្លោះជាមួយចិនស្រាប់ក្នុងការដណ្តើមយកកម្មសិទ្ធិនៅសមុទ្រចិនខាងត្បូង ។

ប្រទេសជាសមាជិកអាស៊ាន ដែលមានជម្លោះជាមួយចិន និងប្រទេសអាស៊ានដែលមានទំនាក់ ទំនងល្អជាមួយអាមេរិក នឹងស្វះស្វែងរកជំនួយ ឫអន្តរាគមន៍ពីអាមេរិក ដើម្បីជួយទប់ទល់ឥទ្ធិពលយោធា និងសេដ្ឋកិច្ចរបស់ចិនដែលកំពុងគ្រប់ដណ្តប់ក្នុងតំបន់ ។

យុទ្ធសាស្ត្រប្រកួតប្រជែងមួយទៀតរបស់មហាអំណាចទាំងពីរ ក្នុងការដណ្តើមយកអាស៊ាន គឺការ ដាក់សម្ពាធខាងសេដ្ឋកិច្ច ឫខាងយោធាលើបណ្តាប្រទេសជាសមាជិក ដែលការបង្ខំមួយអោយប្រទេស ទាំងនោះឈរខាងខ្លួន និងមិនអោយងាករេទៅរកគូប្រជែងម្ខាងទៀត ។

ការប្រជែងយកអាស៊ានរបស់មហាអំណាចចិន និងអាមេរិក អាចអោយផលល្អបំផុតដល់អាស៊ាន និងអាចផ្តល់ផលអាក្រក់បំផុតដល់អាស៊ាន ដែលមែនទែនទៅ គឺអាស្រ័យលើអាស៊ានខ្លួនឯង ដែលជា អ្នកសម្រេចជោគវាសនាដោយខ្លួនឯងនៅពេលខាងមុខ ។

ផលល្អរបស់អាស៊ាន ក្នុងសង្គ្រាមត្រជាក់រវាងមហាអំណាចចិន និងអាមេរិក គឺបានដោយសារតែ មហាអំណាចទាំងពីរ នឹងផ្តល់ប្រយោជន៍គ្រប់យ៉ាងដល់អាស៊ាន ទាំងសន្តិសុខ នយោបាយ សេដ្ឋកិច្ច និង ការទូតថែមទៀត ដើម្បីលូងចិត្តអាស៊ានអោយងាកទៅគាំទ្រខ្លួន ។

ចំណែកផលអាក្រក់របស់អាស៊ាន ដែលអាចនឹងកើតឡើងពីការប្រជែងយកភូមិសាស្ត្រពីសំណាក់ មហាអំណាចចិន និងអាមេរិក គឺការបែកបាក់របស់អាស៊ាន ខណៈដែលនៅពេលបច្ចុប្បន្ននេះ ប្រទេសខ្លះ ជាសមាជិកអាស៊ានទោទន់ទៅរកចិន និងអាមេរិកស្រាប់ទៅហើយ ប៉ុន្តែមិនទាន់ស៊ីជម្រៅ ។

កាលពីអតីតកាល សង្គ្រាមត្រជាក់ក៏បានកើតឡើងម្តងដែរ នៅក្រោយសង្គ្រាមលោកលើកទីពីរ ត្រូវបានបញ្ចប់ គឺសង្គ្រាមត្រជាក់រវាងសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត ហើយកាលនោះ តំបន់ អឺរ៉ុប ជាចំណុចក្តៅ ឫជាទីតាំងភូមិសាស្ត្រស្នូល ដូចអាស៊ាននៅពេលបច្ចុប្បន្ននេះ ។

តំបន់អឺរ៉ុប មានទីតាំងនៅជិតអតីតសហភាពសូវៀត ដូចគ្នានឹងអាស៊ាន ដែលមានទីតាំងនៅជិត ប្រទេសចិនដែរ ហើយកាលណោះ អឺរ៉ុបបានទទួលរងនូវការគម្រាមកំហែងគ្រប់បែបយ៉ាង រួមទាំងការ គម្រាមដោយមីស៊ីលពីអតីតសហភាពសូវៀតផងដែរ ប៉ុន្តែអឺរ៉ុបបានសម្រេចជោគវាសនាល្អដោយខ្លួនឯង និងក្លាយជាតំបន់មានឥទ្ធិពលរហូតដល់ពេលបច្ចុប្បន្ននេះ ។

សូមបញ្ជាក់ជូនថា សង្គ្រាមត្រជាក់ គឺជាសង្គ្រាមដណ្តើមយកប្រទេសនានានៅជុំវិញពិភពលោក អោយស្ថិតនៅក្រោមបង្គាប់របស់ប្រទេសមហាអំណាច ដែលនៅពេលបច្ចុប្បន្ននេះ គេប្រើពាក្យថា ប្រទេសសម្ព័ន្ធមិត្ត ៕លីលី

អត្ថបទដែលជាប់ទាក់ទង