មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​ជាតិ សិង្ហ​បុរី​

(​សិង្ហ​បុរី​)៖ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​បញ្ជាការដ្ឋាន​ក​ង​ទ័ពជើងគោក​កម្ពុជា ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម តែ ជី​ហាន (Teo Chee Hean) ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​ជាតិ នៃ​សាធារណរដ្ឋ​សិង្ហ​បុរី នៅ​រសៀល​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩​។​

​ក្នុងជំនួប​នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​ជាតិ នៃ​សាធារណរដ្ឋ​សិង្ហ​បុរី បាន​សម្តែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ណែ​ត និង​គណៈប្រតិភូ ដែល​បានមក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​សិង្ហ​បុរី​។

​ឯកឧត្តម បាន​បន្តថា ប្រទេស​សិង្ហ​បុរី និង​ប្រទេស​កម្ពុជា មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា តាំងពី​យូរ​ឡុង​ណាស់​មកហើយ និយាយ​ជារួម ក្នុង​វិស័យ​មួយចំនួន ដូចជា​អប់រំ ពាណិជ្ជកម្ម ទេសចរណ៍ និង​និយាយ​ដោយឡែក​ក្នុង​វិស័យ​សន្តិសុខ​។

​ឯកឧត្តម មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ទស្សនកិច្ច​របស់​ឯក​ឧ​ត្ត​ម មេបញ្ជាការ​កងទ័ពជើងគោក នៅ​សិង្ហ​បុរី នាពេលនេះ នឹង​កាន់តែ​រឹតចំណង​មិត្តភាពរ​វា​ង​ប្រទេស​ទាំងពីរ​។

​ឯកឧត្តម ឧ​ត្ត​មេ​នី​យ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​ការ​អរគុណ​ចំពោះ​សាធារណរដ្ឋ​សិង្ហ​បុរី ដែល​បាន​អញ្ជើញ​រូបលោក និង​គណៈប្រតិភូ​កងទ័ពជើងគោក មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​។

​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា បាន​បន្តថា ជាការ​ពិត ប្រទេស​កម្ពុជា និង​ប្រទេស​សឹង្ហ​បុរី មាន​ទំនាក់ទំនង​ជាមួយគ្នា​ជាង ៥០​ឆ្នាំ​មកហើយ ហើយ​ទំនាក់ទំនង​នេះ នឹង​នៅតែ​បន្តទៅ​ថ្ងៃ​អនាគត​។

​ពាក់ព័ន្ធ​ការងារ​សន្តិសុខ និង​សិ្ថ​រ​ភាព​ក្នុង​តំបន់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ប្រទេស​កម្ពុជា ក៏ដូចជា​បណ្តា​ប្រទេស​ដទៃ ក្នុង​តំបន់ ត្រូវ​រួមគ្នា​ថែរក្សា បើ​ពុំមាន​សន្តិភាព និង​សិ្ថ​រ​ភាព នោះ​ក៏​ពុំមាន​ការអភិវឌ្ឍ​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង