តំណាងអយ្យការកោះហៅ ប្រធានភូមិបាលស្រុកកណ្ដាលស្ទឹង ទៅសាកសួរបន្ទាប់ពីពលរដ្ឋប្តឹងថា បានសមគំនិតជាមួយមេឃុំអំពៅព្រៃ លួចដីរាស្ត្រលក់

(ភ្នំពេញ)៖ លោក ងិន ពេជ្រ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ បានចេញដីកាកោះហៅ លោក នៅ សាត ប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ឲ្យចូលទៅបំភ្លឺនៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខ។

តំណាងអយ្យការ បានចេញដីកាកោះ លោក នៅ សាត បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៧ ផ្លូវលេខ២៦៥ ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឲ្យចូលបំភ្លឺពាក់ព័ន្ធ ដំណើររឿង ដែលត្រូវប្រជាពលរដ្ឋប្តឹងពីបទ សមគំនិតក្នុងអំពើក្លែងបន្លំឯកសារ ប្រើប្រាស់លិខិត និងលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ២២០៩ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។

យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ បានបញ្ជាក់ថា ចំនួន ៤គ្រួសារ បានទិញដីទំហំ ៨៣ហិកតា មានទីតាំងនៅក្នុងភូមិជើងព្រៃ និងភូមិតាដោល ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ឆ្នាំ២០០៧-២០០៨ ដោយមានលិខិតទទួលស្គាល់ពីអាជ្ញាធរភូមិឃុំ។

ពាក្យបណ្តឹងបន្ថែមថា លោក ហៀង ប៊ុនថុល មេឃុំអំពៅព្រៃ និងលោក នៅ សាត ប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ភូមិបាលស្រុកកណ្តាលស្ទឹង បានសមគំនិត ជាមួយឈ្មោះ នៅ ភារម្យ ក្លែងបន្លំឯកសារផ្ទេរសិទ្ធិកាន់កាប់ដីស្រែ របស់ជនរងគ្រោះ ជាច្រើនកន្លែងដូចជា៖

-ឯកសារផ្ទេរសិទ្ធិកាន់កាប់ដីស្រែ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ រវាងឈ្មោះ នៅ ភារម្យ ទៅឲ្យឈ្មោះ អៀ ម៉េងឃីម។

-ឯកសារផ្ទេរសិទ្ធិកាន់កាប់ដីស្រែចុះនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ រវាងឈ្មោះ នៅ ភារម្យ និងឈ្មោះ ប្រាក់ លីម។

-ឯកសារប្រគល់ដីចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០០៩ រវាងឈ្មោះ នៅ ភារម្យ និងឈ្មោះថេង គឹមសាយ

-ឯកសារប្រគល់ដីចុះនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០០៩ រវាងឈ្មោះ នៅ ភារម្យ និងឈ្មោះ ម៉ែន ស៉ីឌីន។

ពាក់ព័ន្ធ ករណីប្រជាពលរដ្ឋប្តឹង លោក ហៀង ប៊ុនថុល មេឃុំអំពៅព្រៃ, លោក នៅ សាត ប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ភូមិបាលស្រុកកណ្តាលស្ទឹង និងមនុស្សមួយចំនួន ពាក់ព័ន្ធ រឿងក្លែងឯកសារដីធ្លីលួចយកទៅលក់នេះ Swift News នៅពុំអាចសុំការបញ្ជាក់ពីលោក ហៀង ប៊ុនថុល និងលោក នៅ សាត បាននៅឡើយទេ៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង