អភិបាលខេត្តកំពង់ធំ៖​ អំពើជួញដូរមនុស្ស ​កេងប្រវ័ញ្ច ​និងរំលោភបំពាន​ កាន់តែឃោរឃៅ​និងរីករាលដាលច្រើន​ឡើង​ៗ​

(កំពង់ធំ)៖ “យើងមិនអាចទប់ស្កាត់អំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ច រំលោភបំពានបានទេ ប្រសិន​បើមិនមានការខិតខំចូលរួមពីយើងទាំងអស់គ្នា។ ប្រសិនបើយើងមិនមានការខិតខំប្រឹងប្រែងទប់ស្កាត់ទេនោះ អំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ចរំលោភបំពាន និងកាន់តែសកម្ម កាន់តែឃោរឃៅ និងរីករាលដាលច្រើនឡើងៗ។ រីឯប្រជាពលរដ្ឋកាន់តែច្រើន កាន់តែប្រឈមនឹងគ្រោះមហន្តរាយ ហើយសង្គមជាតិ នឹងមិនមានស្ថេរភាពឡើយ”។ នេះជាការលើកឡើងរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធាន គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ)។

ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលគោលការណ៍ណែនាំស្ដីពីបែបបទ និងនីតិវិធីនៃការកំណត់អត្តសញ្ញាណ​ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដើម្បីផ្ដល់សេវាកម្មសមស្រប នាព្រឹកថ្ងៃទី១១ ខែមិថុនាឆ្នាំ​២០១៩​នេះ ឯកឧត្តមអភិបាលខេត្តសំណូមពរដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួមនៅក្នុង វគ្គបណ្តុះបណ្តាលនេះ ពេលត្រឡប់ទៅវិញត្រូវរាយការណ៍ជូនប្រធានអង្គភាពរបស់ខ្លួន ឲ្យបានយល់ជ្រួតជ្រាបកាន់តែច្បាស់ ដើម្បីចូលរួមផ្សព្វផ្សាយបន្ត និងចូលរួមទប់ស្កាត់ទាំងអស់គ្នា។

គួរជម្រាបថា វគ្គបណ្ដុះបណ្ដាលគោលការណ៍ណែនាំ ស្ដីពីបែបបទ និងនីតិវិធីនៃការកំណត់អត្តសញ្ញាណ​ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដើម្បីផ្ដល់សេវាកម្មសមស្របនេះ រៀបចំឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែមិថុនា ឆ្នាំ២០១៩ នៅ​សណ្ឋាគារ​គ្លរៀស ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ពិធី​បើកវគ្គបណ្តុះបណ្តាលធ្វើឡើងក្រោមវត្តមានលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) និងមានសិក្ខាកាមចូលរួមចំនួន៥០នាក់ ដែលមានសមាសភាពជាអភិបាលរងក្រុងស្រុកជាស្ត្រី អធិការរងក្រុងស្រុក គណៈកម្មការកុមារនិងស្ត្រីក្រុងស្រុក ការិយាល័យសង្គមកិច្ចក្រុងស្រុក និងមន្ទីរពាក់ព័ន្ធនានា៕

អត្ថបទដែលជាប់ទាក់ទង