ឯកឧត្តម អ៊ុន ចាន់ដា ​ជំរុញឲ្យស្ត្រីមានផ្ទៃពោះទាំងអស់​ទៅពិនិត្យសុខភាពឲ្យបានទៀងទាត់​ ដើម្បីការលូតលាស់​កាយសម្បទា​ បញ្ញាស្មារតី​ទាំងម្តាយ​ និងទារក​

(ព្រះវិហារ)៖ អភិបាលខេត្តព្រះវិហារ ឯកឧត្ដម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ដើម្បីជម្រុញដល់ការលូតលាស់ទាំងកាយសម្បទា បញ្ញាស្មារតី ជូនដល់ស្រ្តីមានផ្ទៃពោះ និងកុមារមានអាយុក្រោម២ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំ​របស់សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញគោលការអនុវត្តកម្មធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់ស្ត្រីមានផ្ទៃពោះ និងកូនមានអាយុក្រោម២ឆ្នាំ ន័យគ្រួសារមានប័ណ្ឌសមធម៌ ឬប័ណ្ឌអទិភាពដែលចាប់ផ្ដើមដំណើរការ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។ នៅក្នុងគោលបំណងលើកកម្ពស់សុខភាពមាតា និងទារក រួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភកុមារ ក្នុងគ្រួសារក្រីក្រ ចាប់តាំងពីកូនក្នុងផ្ទៃ រហូតដល់កូនមានអាយុ២ឆ្នាំ។

ឯកឧត្ដម អ៊ុន ចាន់ដា បានថ្លែងបែបនេះនៅក្នុងពិធីផ្សព្វផ្សាយស្តីពី ការអនុវត្តន៍កម្មវិធី ឧបត្ថម្ភសាច់​ប្រាក់ជូនដល់ស្ត្រីមានផ្ទៃពោះ និងកូនមានអាយុក្រោម២ឆ្នាំ ន័យគ្រួសារមានប័ណ្ឌសមធម៌ ឬ​ប័ណ្ឌអាទិភាព នៅមន្ទីរសុខាភិបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។ ពិធីនេះមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោកលោកស្រី ប្រធាន អនុប្រធាន តំណាងមន្ទីរអង្គភាពនានាជុំវិញខេត្ត ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា កន្លងមកស្រ្តីមកពីគ្រួសារក្រីក្រ ដែលមានប័ណ្ណសមធម៌ ឬ​ប័ណ្ឌអាទិភាព និងស្ត្រីជាមន្ត្រីរាជការស៊ីវិល កម្លាំងកងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី រួម​ទាំងមន្ត្រីរាជការ ប្រជាពលរដ្ឋក្រីក្រ កម្មករ និយោជិកក្រៅប្រព័ន្ធ ក្រុមប្រឹក្សាឃុំ/សង្កាត់ មន្ត្រីភូមិ កីឡាករ កីឡាការិនី កម្មករត្រីចក្រយាន្ត និងប្រតិបត្តិការដោះមីន ត្រូវបានរាជរដ្ឋាភិបាលបង់ប្រាក់ជំនួសលើសេវាកម្មពិនិត្យព្យាបាលសុខភាព ការសម្រាលកូននៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពរួចមកហើយ តែពេលថ្មីនេះមានការសម្រេចដាក់ចេញ នូវគោលនយោបាយផ្ដល់សាច់ប្រាក់ ក្នុងការគាំពារសុខភាពសង្គម មិនធ្លាប់មានពីមុនមកដែលជាគំនិតផ្ដួចផ្ដើម របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា យោងតាមសេចក្តីប្រកាសសម្រេច របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខា​ភិបាល ការឧបត្ថម្ភថវិកាម្នាក់ចំនួន ៧៦ម៉ឺនរៀលនេះ ដោយចែកចេញជា៣ដំណាក់កាល។ ដំណាក់កាល​ទី១ នៅពេលមានផ្ទៃពោះ គឺទទួលបានប្រាក់ចំនួន៤ដង ក្នុងមួយដង៤ម៉ឺនរៀល, ដំណាក់កាល​ទី​២ នៅពេលសម្រាលទទួលបានប្រាក់​២០​ម៉ឺន​រៀល​ និង​ដំណាក់​កាលទី៣​ នៅពេលក្រោយសម្រាល និងយកកូនមកទទួលថ្នាំបង្ការរហូតដល់កូនអាយុក្រោម២ឆ្នាំ គឺទទួលប្រាក់ចំនួន១០ដង ដែលមួយដង​៤រៀល​៕(សួនពិសិដ្ឋ)

អត្ថបទដែលជាប់ទាក់ទង