សម្តេចក្រឡាហោម ​ស្នើអាជ្ញាធរពាក់ព័ន្ធ​ចាត់វិធានការម៉ឺងម៉ាត់​ ចំពោះការហូរចូលយានយន្ត​មិនប្រក្រតី​ និងខុសច្បាប់​

(ត្បូងឃ្មុំ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ​កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការម៉ឺងម៉ាត់ចំពោះ​​ការហូរ​ចូលយានយន្តគេច​វេសពីការបង់ពន្ធនាំចូល ការប្រើប្រាស់យានយន្តគ្មានបណ្ណសម្គាល់ គ្មាន​ផ្លាកលេខ ឬការប្រើប្រាស់បណ្ណសម្គាល់យានយន្ត និងផ្លាកលេខក្លែងក្លាយ ដើម្បីសុវត្ថិភាពសង្គម។

ការស្នើរបស់សម្តេចក្រឡាហោម ធ្វើឡើងក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ដែល​បានប្រព្រឹត្តទៅនៅខេត្តត្បូងឃ្មុំ។ ទិវានេះសហការរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានសុវត្ថិភា​ព​ចរាចរណ៍ផ្លូវ​គោក​​នៃ​គណៈ​កម្មាធិការ​​ជាតិ​​សុវត្ថិភាព​​ចរាចរណ៍​ផ្លូវគោក​ និងអនុគណៈកម្មការសុវត្ថិ​ភាពចរាចរណ៍ផ្លូវគោកខេត្តត្បូងឃ្មុំ ដើម្បីក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ឱ្យយកចិត្តទុក​ដាក់​លើកកម្ពស់សុវត្ថិភាពចរាចរណ៍។

ទន្ទឹមនឹងនេះ សម្តេចក្រឡាហោម បានផ្ញើសារណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាជូនចំពោះអ្នកប្រើប្រាស់​ផ្លូវទាំងអស់ ត្រូវខិតខំយកអស់ស្មារតីចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បង្កើនការប្រុង​ប្រយ័ត្ន​​គ្រប់​​ពេល​​ធ្វើដំណើរ​តាមដងផ្លូវ​ ​មានសីលធម៌យោគយល់អធ្យាស្រ័យ ដើម្បីកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ និងទទួលនូវសេចក្តីសុខ និងសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង