​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ​សិក្ខាសាលា​ថ្នាក់​តំបន់​ស្ដី​ពី​ «​ប្រតិបត្ដិការ​សន្ដិសុខ​របស់​យោធា​»

(​ភ្នំពេញ​)៖​ កង​យោ​ធិ​ពល​ខេមរភូមិន្ទ​បាន​សហការ​ជាមួយ​គណៈកម្មាធិការ​អន្ដរជាតិ​នៃ​កាកបាទក្រហម​(ICRC)​ បាន​រៀបចំ​សិក្ខាសាលា​ ស្ដី​ពី​ «​ប្រតិបត្ដិការ​សន្ដិសុខ​របស់​យោធា​»​ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យា​ណា​នា​ព្រឹក​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០១៩​នេះ​។​

​សិក្ខាសាលា​ ស្ដី​ពី​ «​ប្រតិបត្ដិការ​សន្ដិសុខ​របស់​យោធា​»​ នេះ​មាន​រយៈពេល​៣​ថ្ងៃ​ ផ្ដោត​ទៅ​លើ​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ ភាព​ខុស​គ្នា​រវាង​ជម្លោះ​ប្រដាប់​អាវុធ​ និង​ប្រតិបត្ដិការ​អនុវត្ដ​ច្បាប់​ ក៏​ដូច​ជា​និយាម​ និង​បទដ្ឋាន​ណែនាំ​ដល់​កងកម្លាំង​អនុវត្ដ​ច្បាប់​។​

​ថ្លែង​ក្នុង​ឱកាស​នោះ​លោក​ រ៉ូ​ម៉ា​ន៍​ ប៉ា​រ៉ា​ម៉ូ​ ណូ​វ​ ប្រធាន​បេស​កម្ម​(ICRC)​ ប្រចាំ​កម្ពុជា​ បាន​ថ្លែង​ថា​៖​ ICRC​ ដើរតួ​នាទី​ជា​អ្នកត្រួសត្រាយ​ផ្លូវ​ និង​ផ្សព្វផ្សាយ​ច្បាប់​មនុស្សធម៌​ អន្ដរជាតិ​ ឬ​ ក៏​ច្បាប់​ជម្លោះ​ប្រដាប់​អាវុធ​។​ ដូចនេះ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ ភាគី​ពាក់​ព​ន្ធ័​ទាំងអស់​។​

​ដើ់ម្បី​អោយ​យល់​កាន់តែ​ច្បាស់​ពី​សកម្មភាព​ដែល​គ្របដណ្ដប់​ដោយ​ច្បាប់​មនុស្សធម៌​អន្ដរជាតិ​ និង​គោលការណ៍​គោរព​ច្បាប់​មនុស្សធម៌​ រាល់ពេល​ចុះ​បំពេញការងារ​។​ ថ្លែង​ក្នុង​ឱកាស​បើក​អង្គ​សិក្ខាសាលា​ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​ ឥត​ សា​រ៉ាត់​ អគ្គមេបញ្ជាការ​រង​ និង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​កង​យោ​ធិ​ពល​ខេមរភូមិន្ទ​បាន​ថ្លែង​បើក​អង្គ​សិក្ខាសាលា​ថា​៖​ សិក្ខាសាលា​នេះ​ ហ្នឹង​លើកកម្ពស់​ការ​យល់​ដឹង​ទៅ​ដល់​យោធិន​ទាំងអស់​ ទៅ​លើ​កាតព្វកិច្ច​របស់​ពួក​គេ​ក្រោម​វិធាន​ថ្នាក់​ជាតិ​ និង​អន្ដរជាតិ​។​

​ឯកឧត្ដម​បាន​បន្ដ​ទៀត​ថា​ អ្នកចូលរួម​ទាំងអស់​ដែល​អញ្ជើញ​មក​ពី​តំបន់​អាស៊ី​ ប៉ា​ស៊ី​ហ្វិ​ក​អាច​ផ្លាស់​ប្ដូរ​គំនិត​ និង​ចែករំលែក​បទ​ពិសោធន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ លើ​ការងារ​បច្ចេកទេស​ ឧបសគ្គ​ដែល​ពួក​គេ​ជួប​ប្រទះ​ និង​ស្វែងរក​ដំណោះស្រាយ​រួម​គ្នា​។​

​សូម​ជម្រាប​ជូន​ថា​៖​ អង្គ​សិក្ខាសាលា​នេះ​មានការ​ចូលរួម​ពី​សំណាក់​យោធិន​ និង​មន្ដ្រី​អនុវត្ដ​ច្បាប់​ពី​បណ្ដាល​ប្រទេស​ក្នុង​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​យ៉ាងច្រើន​កុះករ​៕​ (SN-​ស្រ៊ុ​ន​ ទិ​ត្យ​)


អត្ថបទដែលជាប់ទាក់ទង