នៅរសៀលនេះ នគរបាល នឹងបញ្ជូនជនសង្ស័យ ១៧នាក់ ដែលលក់គ្រឿងញៀនក្នុង ក្លឹបកម្សាន្ត លុច្សសារី ទៅតុលាការ

(ភ្នំពេញ)៖ យោងតាមប្រភពពីមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យ ចំនួន ១៧នាក់ (ជនជាតិវៀតណាម ៥នាក់) នឹងត្រូវបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ។

សូមជម្រាបជូនថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ Swift News កាលពីថ្ងៃម្សិលមិញថា «យើង នឹងបញ្ជូនខ្លួន ជនសង្ស័យ ១៧នាក់ទៅតុលាការ ពាក់ព័ន្ធបទល្មើស សម្រួលឲ្យប្រើប្រាស់ និងចែកចាយគ្រឿងញៀនដោយខុសច្បាប់។ ដោយឡែក ចំពោះម្ចាស់ទីតាំង យើងកំណត់អត្តសញ្ញាណបានហើយ និងកំពុងបន្តស្រាវជ្រាវតាមនីតិវិធី»។

គួររម្លឹកថា ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ស​ ថេត​ ស្នងការនគរបាលរាជធានីភ្នំពេញ កាលវេលាទាបភ្លឺថ្ងៃទី០៨​ ខែឧសភា​ ឆ្នាំ២០១៩​នេះបានដឹកនាំកម្លាំង ចុះបង្ក្រាបទីតាំង ក្លឹបកម្សាន្ត លុច្សសារី ​(Luxurious) មានទីតាំងនៅផ្ទះ​លេខ​៥៣​ ផ្លូវ​២១៤​ ភូមិ​៥​ សង្កាត់​បឹង​រាំង​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។

យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញ សារធាតុញៀនមួយចំនួន​ធំ និងឃាត់ខ្លួនបានមនុស្ស ចំនួន ៤១៧ នាក់ ( ស្រី ១៨១ នាក់ ) យកទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចំណែកទីតាំង ក្លឹបកម្សាន្ត លុច្សសារី (Luxurious) ត្រូវសមត្ថកិច្ចសម្រេចបិទទ្វាជាបណ្តោះអាសន្ន។

ក្រោយពីចំណាយពេលអស់ជាច្រើនថ្ងៃ សមត្ថកិច្ចជំនាញ បានរកឃើញមានមនុស្ស ១៧នាក់ ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀននៅក្នុងក្លឹបកម្សាន្ត លុច្សសារី (Luxurious)។ ចំណែកមនុស្ស ចំនួន ៩៣នាក់ (ជនជាតិខ្មែរ ៦២នាក់) ត្រូវសមត្ថកិច្ច រកឃើញថា មានផ្ទុកសារធាតុញៀន។ ដោយឡែកមនុស្សជាង ៣០០នាក់ទៀត ដែលមិនមានការពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ច ដោះលែងឲ្យត្រលប់ទៅផ្ទះវិញ។

ក្នុងចំណោម មនុស្សដែលផ្ទុកសារធាតុញៀនទាំង ៩៣នាក់ មានជនជាតិខ្មែរ ៦២នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅ មណ្ឌលអប់រំ និងបន្សាបគ្រឿងញៀន «ឱកាសខ្ញុំ» ខណៈជនបរទេសចំនួន ៣១នាក់ (ជនជាតិវៀតណាម ១៤នាក់, ជនជាតិចិន ១៤នាក់ , ជនជាតិសឹង្ហបុរីម្នាក់ និងជនជាតិម៉ាឡេស៊ី ២នាក់) ទៀតនឹងត្រូវចាប់បញ្ជូនទៅប្រទេសកំណើតវិញ៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង