សម្តេច​ក្រឡាហោម ស ខេង ណែនាំ​ដល់​អាជ្ញាធរ​សមត្ថកិច្ច​ថា ការប្រជុំ​រឿង​នយោបាយ ដើម្បី​ត្រៀមខ្លួន​រៀបចំ​ការបោះឆ្នោត ឆ្នាំ​២០២២ ឬ​ឆ្នាំ​២០២៣ គឺ​មិន​អី​ទេ​!

(​ខេត្ត​ត្បូងឃ្មុំ​)៖ ក្នុង​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍ លើក​ទី​១២ នា​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ដល់​អាជ្ញាធរ​សមត្ថកិច្ច​ថា ការប្រជុំ​រឿង​នយោបាយ ដើម្បី​ត្រៀមខ្លួន​រៀបចំ​ការបោះឆ្នោត ឆ្នាំ​២០២២ ឬ​ឆ្នាំ​២០២៣ គឺ​មិនមាន​បញ្ហា​អ្វី ដែល​ត្រូវ​រារាំង​នោះទេ​។ ផ្ទុយទៅវិញ អាជ្ញាធរ​សមត្ថកិច្ច ក៏​ដូច​រាជរដ្ឋាភិបាល មានតែ​ជំរុញ​លើកទឹកចិត្ត​ការប្រជុំ​បែបនេះ ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា​។ តែ​បើសិនជា​ការប្រជុំ​នោះ ជាការ​ត្រៀមកម្លាំង ហើយ​មក​បំផុស​ចលនា​ចលាចល ផ្តួលរំលំ​រដ្ឋាភិបាល ដែល​កើតចេញពី​ការបោះឆ្នោត តាមរយៈ​បដិវត្ត​ពណ៌ គឺ​ខុសច្បាប់​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា «​កាលពី​ថ្ងៃអាទិត្យ យើង​ហូប​នំ​បញ្ចុក​សាមគ្គី សប្បាយរីករាយ​ជាមួយគ្នា តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ​។ ក៏ប៉ុន្តែ​មាន​អ្នកខ្លះ​នោះ គាត់​ហូប​នំ​បញ្ចុក គ្រាន់តែ​យកឈ្មោះ​ថា​នំ​បញ្ចុក​ទេ ប៉ុន្តែ​ធាតុពិត គឺជា​ការប្រជុំ​។ ប្រជុំ យើង​ត្រូវ​ចែក​ឲ្យ​ដាច់​ពីរ​ទៀត​។ បើ​ប្រជុំ​រឿង​នយោបាយ តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ក៏​អត់​អី​ដែរ​។ ចង់​និយាយថា ប្រជុំ​ដើម្បី​ត្រៀមខ្លួន​រៀបចំ​ការបោះឆ្នោត ២០២២ ឬ​២០២៣ ក៏​អត់​អី​ទេ ល្អ​តើ​! ព្រោះ​ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​។ ក៏ប៉ុន្តែ​ការហូប​នំ​បញ្ចុក ប្រជុំ ដើម្បី​ប្រមូលគ្នា ចាត់តាំង​គ្នា មក​ធ្វើ​បដិវត្ត​ពណ៌ ផ្តួលរំលំ​រដ្ឋាភិបាល​។ អាហ្នឹង​ខុស​!»​។​

សម្តេច​ក្រឡាហោម ស ខេង បន្ថែមថា «​សូម​ចែក​ឲ្យ​ដាច់​បញ្ហា​នេះ ព្រោះ​នំ​បញ្ចុក ចាំ​អី​ត្រូវ​ហូប​រួមគ្នា​។ យើង​ហូប​ម្នាក់ឯង ក៏បាន​ដែរ​តើ​! ប៉ុន្តែ​រឿង​អី យក​អា​រូបភាព​រូប​បញ្ចុក គ្រាន់តែ​ជា​រូបភាព​ទេ ក្រោម​ផ្លាក​នំ​បញ្ចុក ឬក៏​ជួន​អី អត់​ហូប​នំ​បញ្ចុក​ផង គ្រាន់តែ​ថា​អីចឹង​ទៅ តែ​អត់​មាន​ហូប​នំ​បញ្ចុក​ផង ទៅ​ហូបបាយ ហូប​បបរ ហូប​គុយទាវ ក៏​ថា​នំ​បញ្ចុក​ដែរ​។ តែ​តាមពិត ទៅ​ដើម្បី កន្លែង​មួយចំនួន​នោះ រៀបចំ​ផែនការ រៀបចំ​កម្លាំង ទៅ​ទទួល​មេដឹកនាំ​គេ មក​បំបះបំបោរ ធ្វើ​ចលនា​បដិវត្ត​ពណ៌​។ អានោះ ដែលជា​បញ្ហា យើង​ត្រូវ​យកចិត្តទុកដាក់​។ មិនមែន​ថា យើង​មិន​ឲ្យ​គាត់​ធ្វើ​សិទ្ធិ ធ្វើ​នយោបាយ ធ្វើ​សកម្មភាព​នយោបាយ​ទេ​។ តែ​កាលណា​អ្នកណា​ទៅ​ហាមឃាត់ គាត់​ជំនុំ​គ្នា ហូប​នំ​បញ្ចុក​ក្តី គាត់​ជំនុំ​គ្នា ដើម្បី​រៀបចំ​កម្លាំង​រៀបចំ​ការបោះឆ្នោត នៅ​ឆ្នាំ​២០២៣ អត់​អី​! យើង​គាំទ្រ​ទៅទៀត​។ ក៏ប៉ុន្តែ​មក​បំផុស​ចលនា​ចលាចល ផ្តួលរំលំ​រដ្ឋាភិបាល ដែល​កើតចេញពី​ការបោះឆ្នោត តាមរយៈ​បដិវត្ត​ពណ៌ ខុស​»​។​

​សម្តេច​ក្រឡាហោម ស ខេង បន្ថែមថា «​សូម​ចាំ​ឲ្យ​ច្បាស់​ចំណុច​នេះ​។ តែ​និយាយ​ដូច្នេះ មិនមែន​បានន័យថា យើង​ទៅ​ចាប់ ទៅ​ចង​គេ គឺ​អត់​ទេ​។ ទៅធ្វើ​អំពើហិង្សា​អី គឺ​អត់​ទេ​។ គ្រាន់តែ​យើង​ទៅ​ពន្យល់ បកស្រាយ ជូន​ប្រជាពលរដ្ឋ​។ ជួន​អី​គ្នា​ចូលរួម​ហូប​នំ​បញ្ចុក​នឹង​គេ​ទៅ ប៉ុន្តែ​មក​បំផ្លាញ​សុខសន្តិភាព ស្ថិរភាព​តើ​! អានេះ​បញ្ហា​ហ្នឹង​!»​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​គូសបញ្ជាក់ថា «​ប្រទេសមួយ អាច​ទៅមុខ​បាន គឺ​បានន័យថា រីកចម្រើន​កើត មានន័យថា មាន​ផ្លូវ​គមនាគមន៍​ទាក់ទង​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ មានការ​វិនិយោគ មាន​ចំណូល​សេដ្ឋកិច្ច​ខ្ពស់ ជីវភាព​ប្រជាជន​ស​ប្បូរ​សប្បាយ អាហ្នឹង វា​ទាល់​តែមាន​សុខសន្តិភាព មាន​ស្ថិរភាព​។ ឥឡូវ​យើង​កំពុង​តែមាន​សុខសន្តិភាព រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ កំពុង​តែមាន​សុខសន្តិភាព​។ ដូច្នេះ​យើង​រួមគ្នា ដើម្បី​ពង្រឹង​ការពារ​សុខសន្តិភាព​ហ្នឹង ឲ្យ​បាន ហើយ​ត្រៀមខ្លួន ដើម្បី​ការបោះឆ្នោត នៅ​ឆ្នាំ​២០២២ និង​នៅ​ឆ្នាំ​២០២៣»៕

  

អត្ថបទដែលជាប់ទាក់ទង