សម្តេច​ក្រឡាហោម ស ខេង រម្លឹក​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ករណី​ចោរលួច​ចោរប្លន់ និង​គ្រឿងញៀន ត្រូវ​លុបបំបាត់​

(​ខេត្ត​ត្បូងឃ្មុំ​)៖ ក្នុង​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍ លើក​ទី​១២ នា​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ សម្តេច​ក្រឡាហោម ស ខេង រម្លឹក​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ករណី​ចោរលួច​ចោរប្លន់ និង​គ្រឿងញៀន អាជ្ញាធរ​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ ត្រូវ​សហការគ្នា​លុបបំបាត់​ឲ្យ​បាន​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​។​

​សម្តេច​ក្រឡាហោម ស ខេង បញ្ជាក់ថា «​ការបង្ក្រាប​បទល្មើស​នៅ​នឹង​មូលដ្ឋាន​ភូមិ​ឃុំ​។ នេះ​ជា​ចំណុច​សំខាន់​ណាស់​។ យើង​មាន​សុខសន្តិភាព មាន​ស្ថិរភាព ប៉ុន្តែ​បើ​សុខ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ប្រចាំថ្ងៃ មិនមាន​ទេនោះ វា​ក៏​ប៉ះពាល់​ដល់​ដំណើរ​ការកសាង​ជីវភាព​រស់នៅ​របស់​ពួកគាត់​ដែរ​។ អីចឹង​ហើយ សូម​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមមេត្តា​ចូលរួម ដើម្បី​វែកមុខ ហើយ​លុបបំបាត់​នូវ​ចោរលួច​ចោរប្លន់​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ឲ្យ​បាន​។ នេះ​ជា​សំណូមពរ​ដ៏​សំខាន់​ណាស់ ដើម្បី​ភាពសុខដុមរមនា សប្បាយរីករាយ​របស់​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍន៍​ជីវភាព​»​។​

​សម្តេច​ក្រឡាហោម ស ខេង បន្ថែមថា បញ្ហា​គ្រឿងញៀន គឺជា​បញ្ហា​មួយ​ដ៏​គ្រោះថ្នាក់​សម្រាប់​សង្គម​ណាស់​។ នេះ​គឺ​ទាក់ទង​ដល់​សន្តិសុខ​ជាតិ​។ ដែល​ហៅថា​សន្តិសុខ​ជាតិ មិនចាំបាច់​ថា មាន​សង្គ្រាម ទើប​អសន្តិសុខ​នោះទេ ឬក៏​ចាំបាច់​ថា មាន​អំពើ​ភេរវកម្ម ថា​អសន្តិសុខ​នោះទេ ក៏ប៉ុន្តែ​សុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ​នេះ ដែល​វា​ទន់ខ្សោយ ដោយសារ​គ្រឿងញៀន​វា​វ៉ៃ​លុក​ចូល បំផ្លាញ​ប្រព័ន្ធ​សរសៃ​ប្រសាទ​របស់​យើង នោះ​ក៏​ទាក់ទង ឬក៏​ហៅថា បញ្ហា​សន្តិសុខ​ជាតិ​ដែរ​ពីព្រោះ​អី​? ពីព្រោះថា គ្រឿងញៀន​វា​វ៉ៃ​លុក​ចូល​ស្រទាប់​យុវវ័យ ហើយក៏​ដូចជា ចរាចរណ៍ ក៏​វា​ទាក់ទង​។ អីចឹង​ទេ សូម​កសាង​ភូមិ​របស់​យើង ឃុំ​របស់​យើង ជា​ឃុំ​ស​។ បើ​មាន​អ្នក​មកពី​ក្រៅ​មក គេ​យក​គ្រឿងញៀន មក​ចែកចាយ ត្រូវតែ​រួសរាន់ ដើម្បី​រាយការណ៍​ឲ្យ​ទៅ​សមត្ថកិច្ច​ហើយ​បើ​សមត្ថកិច្ច នៅនឹងកន្លែង​មិន​យកចិត្តទុកដាក់ ឥឡូវ​ស្រួល​ណាស់ ប្រព័ន្ធ​ផ្សព្វផ្សាយ​យើង ដាក់​តាម​ហ្វេ​ស​ប៊ុ​ក ឬមួយ​តាម​តេ​ឡេ​ក្រាម ឬមួយ​ក៏​ទូរស័ព្ទ​ធម្មតា ទៅ​នរណា ដែល​យើង​អាចទាក់ទង​បាន សូម​ឲ្យ​ជួយ ហើយ​យើងខ្ញុំ ស្វាគមន៍​។ អគ្គ​នគរបាល ក៏មាន​លេខ ដើម្បី​ទាក់ទង​។ ប៉ុន្តែ​បើ​មាន​ករណី​អ្នក​នៅនឹងកន្លែង​ហ្នឹង ជា​មេ​ចែកចាយ​គ្រឿងញៀន​។ នោះ​គឺ​យើង​រឹតតែ​ត្រូវ​យកចិត្តទុកដាក់ ដើម្បី​នឹង​ដោះស្រាយ កុំ​ឲ្យ​មាន​ករណីនេះ​»​។​

​សម្តេច​ក្រឡាហោម ស ខេង បញ្ជាក់ថា «​ករណី​គ្រឿងញៀន​នេះ ធំ​ណាស់​! ដែល​នៅលើ​សកល​លោក​ទាំងមូល គេ​ប្រឆាំង​។ អង្គការសហប្រជាជាតិ មានច្បាប់ ដើម្បី​ប្រឆាំង​គ្រឿងញៀន ដែល​គេ​ហៅថា គ្រឿងញៀន​ខុសច្បាប់​។ អីចឹង ត្រូវ​កសាង​ភូមិ​ឃុំ​យើង ឲ្យ​ទៅជា​ភូមិ​ឃុំ​ស កុំ​ឲ្យ​មាន​គ្រឿងញៀន​»៕

អត្ថបទដែលជាប់ទាក់ទង