ចាប់ពី​ថ្ងៃទី​១២-១៨​មិថុនា ភ្លៀង​នៅ​បន្ត​ធ្លាក់​រាយប៉ាយ​បាន​ច្រើន ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​

(​ភ្នំពេញ​)៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា ចាប់ពី​ថ្ងៃទី​១២-១៨ ខែមិថុនា ឆ្នាំ​២០១៩ ភ្លៀង​នៅ​បន្ត​ធ្លាក់​រាយប៉ាយ​បាន​ច្រើន ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។ បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ តំបន់​ទំនាប​កណ្តាល​ភាគ​ខាងកើត ជាប់​ប្រទេស​វៀតណាម ភ្លៀង​ធ្លាក់​ក្នុង​បរិមាណ​ពី​មធ្យម​ទៅ​បង្គួរ ដោយ​កើន​ឡើងជា​លំដាប់​។ ទន្ទឹម​នោះ កន្លែង​ខ្លះ​អាចមាន​បរិមាណ​ច្រើន​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​ប្រកាសថា បណ្តា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ ភ្លៀង​ក៏​បង្កើន​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ និង​រាយប៉ាយ​បាន​ប្រសើរ​ជាង​រយៈពេល​កន្លងទៅ​។ ឯ​បណ្តា​ខេត្ត​ភាគ​ខាងលើ នៅ​ឥ​សាន្ត​ជាប់​វៀតណាម ភ្លៀង​នឹង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច ទៅ​មធ្យម​។​

​ជាមួយគ្នា​នោះ ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​បញ្ជាក់ថា បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ នៅតែ​បន្ត​កើតមាន​។ ខណៈ​នៅលើ​ផ្ទៃសមុទ្រ នៅ​ថ្ងៃទី​១២-១៣ ខែមិថុនា ផ្ទៃមេឃ​មាន​ពពក​មីរដេរដាស់ លាយឡំ​នឹង​ភ្លៀង ខ្យល់​បក់បោក​ខ្លាំង នឹង​រលក​មាន​រលក​ខ្ពស់​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​បន្ត​អំពាវនាវ​ឲ្យ​សាធារណ​ជ បង្កើន​ការប្រុងប្រយ័ត្ន​នូវ​បណ្តា​បាតុភូត មាន​ជាអាទិ៍​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​រលក​សមុទ្រ​៕​

អត្ថបទដែលជាប់ទាក់ទង