សម្តេច​ក្រឡាហោម ស ខេង ចូលរួម​ក្នុង​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍ លើក​ទី​១២ នៅ​ខេត្ត​ត្បូងឃ្មុំ​

(​ខេត្ត​ត្បូងឃ្មុំ​)៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍ លើក​ទី​១២ នា​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍ ត្រូវបាន​អង្គការសហប្រជាជាតិ ប្រារព្ធ​ឡើង​រៀងរាល់ឆ្នាំ នៅក្នុង​ខែឧសភា​។ នៅ​ឆ្នាំ​២០១៩​នេះ អង្គការ​សហប្រជាជាតិ បានកំណត់​ធ្វើ នៅ​ចន្លោះ​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៩ ដើម្បី​រម្លឹក​ដល់​ប្រជាពលរដ្ឋ ក្នុង​ពិភពលោក ពិសេស​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក រួមទាំង​កម្ពុជា​យើង​ផងដែរ ឲ្យ​យកចិត្តទុកដាក់​ចំពោះ​សុវត្ថិភាព​ចរាចរណ៍​។​

​សម្តេច​ក្រឡាហោម ស ខេង បន្តថា ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍ ក៏​ជា​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​យើង ក្នុងការ​លុបបំបាត់​ទុក្ខ​វេទនា ក៏ដូចជា​អនុវត្ត​ឲ្យ​បាន​ជោគជ័យ​នូវ​ទសវត្សរ៍​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០២០ របស់​អង្គការសហប្រជាជាតិ​។ ឆ្នាំនេះ គឺជា​ឆ្នាំ​ទី​១២ ដែល​កម្ពុជា​រៀបចំ​ទិវា​សប្តាហ៍​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដើម្បី​សំដៅ​បំផុសស្មារតីរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ឲ្យ​ចូលរួម​ប្រុងប្រយ័ត្ន និង​កាត់បន្ថយ ជៀសវាង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​៕

  

អត្ថបទដែលជាប់ទាក់ទង