ដើមឈើចំនួន​ ២០០០ដើម​ ត្រូវបានដាំឡើងវិញ​ក្នុងតំបន់រមណីយ​ដ្ឋានអង្គរ​

(សៀមរាប)៖ ក្រោមក្របខណ្ឌយុទ្ធនាការសាធារណៈដាំដើមឈើឡើងវិញនៅរមណីយដ្ឋានអង្គរ នៅព្រឹកថ្ងៃថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរា ព្រះសង្ឃជាច្រើនអង្គ ពុទ្ធបរិស័ទ វិស័យឯកជន បានចូលរួមដាំដើមឈើប្រមាណ២០០០ដើមនៅខាងមុខបរិវេណប្រាសាទប្រីយ៍។

ពិធីនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រះវិជ័យរង្សី បណ្ឌិត លាច លាង ព្រះគ្រូអនុគណក្រុងសៀមរាប ក្រុមហ៊ុនម៉ាក្រូ នគរបាលការពារបេតិកភណ្ឌ អង្គការគាំពារសត្វព្រៃ មន្រ្តី-បុគ្គលិកនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន សិស្សានុសិស្ស និងសាធារណជនយ៉ាងច្រើនកុះករ។

ព្រះវិជ័យរង្សី បណ្ឌិត លាច លាង ព្រះគ្រូអនុគណក្រុងសៀមរាប មានសង្ឃដីការថា ព្រៃឈើអាចការពារនូវគ្រោះថ្នាក់ផ្សេងៗ និងផ្តល់ជាម្លប់សម្រាប់មនុស្ស សត្វទូទៅ។ ព្រះអង្គមានទឹកព្រះទ័យសប្បាយ រីករាយដែលបានរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរាក្នុងការដាំដើមឈើនៅទីនេះ។ ក្នុងនាមព្រះអង្គផ្ទាល់ និងតំណាងឱ្យគណៈសង្ឃក្នុងក្រុងសៀមរាប ព្រះវិជ័យរង្សី បណ្ឌិត លាច លាង សូមចម្រើនពរ អំពាវនាវដល់ព្រះសង្ឃ និងពុទ្ធបរិស័ទទូទៅ សុំឱ្យមានការចូលរួមដាំដើមឈើឱ្យបានច្រើនជាងការកាប់បំផ្លាញ។

មានប្រសាសន៍ក្នុងកម្មវិធី ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងតំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានថ្លែងអំណរព្រះគុណដល់ព្រះសង្ឃគ្រប់អង្គ និងអរគុណដល់អ្នកចូលរួមគ្រប់មជ្ឈដ្នានទាំងវិស័យឯកជន ស្ថាប័នរដ្ឋ ដែលមានសទ្ធាចូលរួមដាំដើមឈើនាពេលនេះ។ ឯកឧត្តមបន្តថា ការបាត់បង់ព្រៃឈើបណ្តាលឱ្យមនុស្ស និងប្រាសាទមានការរងគ្រោះ។ ដូច្នេះការចូលរួមនាពេលនេះពិតជាសំខាន់ និងជាបុណ្យកុសលមួយដ៏ធំធេងសម្រាប់ប្រទេសជាតិ និងមនុស្សជំនាន់ក្រោយ។

លើសពីនេះ ឯកឧត្តមបន្តថា បច្ចុប្បន្នមានជនខិលខូចបានកាប់បំផ្លាញច្រើនទៅៗ ហើយអាជ្ញាធរជាតិអប្សរាតែងព្យាយាមទប់ស្កាត់នូវបទល្មើសនានា និងគ្រោងដាំបន្ថែមឡើងវិញ៣៥ហិចតានៅទី​តាំង​ផ្សេងគ្នា ដែលនឹងបើកយុទ្ធនាការដាំដើមឈើ៤ម៉ឺនដើម នៅរដូវវស្សាក្នុងឆ្នាំនេះ៕

អត្ថបទដែលជាប់ទាក់ទង