អ៊ន ចាន់ប៉ូលីន “យើង​នឹងប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រទេសជាតិ​យើង សម្រាប់​ការប្រកួត​ជើង​ទីពីរ​នេះ”

(កាតា)៖ ខណៈពេល​ដែលក្រុមជម្រើសជាតិកម្ពុជា កំពុងតែត្រៀមខ្លួន ប្រកួតជាមួយ​ក្រុមជម្រើស
ជាតិ​ប៉ាគីស្ថាន ជាលើកទីពីរ ក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ២០២២ នៅប្រទេស​កាតា (2022 FIFA World Cup qualification-AFC) កីឡាករវ័យក្មេង​របស់​ក្លឹបបាល់​ទាត់ភ្នំពេញក្រោន អ៊ន ចាន់ប៉ូលីន មានការប្តេជ្ញាចិត្តខ្ពស់​ សម្រាប់ការប្រកួតនេះ ។

ខ្សែបម្រើកណ្តាលរូបនេះ បាននិយាយថា “ទោះបីជាការប្រកួតជើងទីមួយបានបញ្ចប់ទៅក៏ពិតមែន ប៉ុន្តែចំពោះខ្ញុំផ្ទាល់គឺមិនទាន់មានភាពកក់ក្តៅនៅឡើយទេ ព្រោះបាល់ទាត់ តែងតែមានភាព​ប្រែប្រួល​ជានិច្ច ដូច្នេះយើងត្រូវតែមាន​ភាពប្រុងប្រយ័ត្ន”។

ជុំវិញនឹងផលវិបាក សម្រាប់ក្រុមក្នុងការប្រកួតជើងទីពីរ នៅទីក្រុងដូហា ប្រទេសកាតានេះ កីឡាកររូបនេះ បានបញ្ជាក់ថា “យើងមានផលវិបាកមួយចំនួនទាក់ទងទៅនឹងបញ្ហាអាកាសធាតុ ព្រោះនៅទីនេះក្តៅខ្លាំង មួយវិញទៀត ចំពោះបញ្ហាពេលវេលា ក៏ពួកយើងមិនទាន់ទម្លាប់​បាននៅឡើយទេ ។ ប៉ុន្តែទោះបីជាយ៉ាងក៏ដោយ ប្រសិនបើខ្ញុំបានលេង ៩០នាទីដូចជើងទីមួយនោះ នឹងខំប្រឹងឲ្យបានខ្លាំងក្លា ដើម្បីប្រទេសជាតិយើង ព្រោះក្រុមរបស់យើង ក៏មានការប្តេជ្ញាចិត្តខ្ពស់​ដូចគ្នា សម្រាប់ការប្រកួតនេះផងដែរ”។

សូមបញ្ជាក់ថា ក្រុមគោព្រៃកម្ពុជា នឹងត្រូវប្រកួតជាមួយប៉ាគីស្ថាន ជើងទីពីរ ដើម្បីកាត់សេចក្ដីរក​ក្រុម​ឡើងជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (2022 FIFA World Cup qualification-AFC)។

ការប្រកួតជម្រុះលើកទី២ រវាងកម្ពុជា និងប៉ាគីស្ថាន គ្រោងធ្វើឡើង នៅទីក្រុងដូហា ប្រទេសកាតា នាថ្ងៃទី១១ ខែមិថុនា នាវេលាម៉ោង ១១យប់ ម៉ោង​នៅប្រទេសកម្ពុជា៕​

 

ប្រភព៖ PPFCFC

អត្ថបទដែលជាប់ទាក់ទង