កម្មការិនី​មួយ​ចំនួន​នៅ​ខេត្តតាកែវ​ ដែល​រងគ្រោះថ្នាក់​ការងារ​ បាន​បង្ហាញ​ពី​ភាព​កក់ក្តៅ​ និង​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​មន្ត្រី​បុគ្គលិក​ ប​.​ស​.​ស​.​ ដែល​បាន​ជួយ​ដោយ​យកចិត្តទុកដាក់​

(​ភ្នំពេញ​)៖​ នៅ​ថ្ងៃ​ទី​៦​ ដល់ទី​៨​ ខែមិថុនា​ ឆ្នាំ​២០១៩​ កន្លង​ទៅ​នេះ​ ដោយ​មានការ​អនុញ្ញាត​ពី​ ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជានា​យក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (​ប​.​ស​.​ស​)​ ក្រុម​អ្នក​យក​ព័ត៌មាន​គោលនយោបាយ​ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ បាន​ចុះ​ទៅ​ជួប​កម្មការិនី​មួយ​ចំនួន​នៅ​ទឹកដី​ខេត្តតាកែវ​ ដែល​បាន​រងគ្រោះថ្នាក់​ការងារ​នា​ពេល​កន្លង​មក​។​

​កម្មការិនី​ជា​ច្រើន​នាក់​ ក្នុង​នោះ​កម្មការិនី​ ថន​ ស្រី​ហួច​ នៅ​ភូមិ​សីហា​ ឃុំ​ចំបក់​ ស្រុក​បាទី​ ដាច់​ម្រាម​ចង្អុលដៃ​ខាងស្តាំ​ដោយសារ​គ្រោះថ្នាក់​នៅ​កន្លែង​ការងារ​,​ ភឹ​ម​ សា​រ៉េ​ន​ នៅ​ភូមិ​តា​លឿ​ ឃុំ​ឧត្តម​សូ​រិ​យា​ ស្រុក​ត្រាំកក់​ ពិការ​មួយ​កំណាត់​ខ្លួន​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ពេល​ចេញពី​ធ្វើការ​,​ និង​ តែម​ សោភា​ នៅ​ភូមិ​ត្រពាំង​របង​ ឃុំ​ត្រពាំង​ក្រ​ញូ​ង​ ស្រុក​ត្រាំកក់​ ពិការ​ជើង​ស្តាំ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ពេល​ចេញដំនើរ​ទៅ​ធ្វើការ​ បាន​ផ្ដល់​ភាព​កក់ក្តៅ​និង​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ មន្ត្រី​បុគ្គលិក​ ប​.​ស​.​ស​.​ ដែល​បាន​ជួយ​ដល់​ពួក​គាត់​ ។​

​លោក​ កឹ​ម​ ច​ណ្ណា​រិ​ទ្ធ​ ប្រធាន​ការិយាល័យ​សាខា​ខេត្តតាកែវ​ បាន​បញ្ជាក់​ថា​៖​ សម្រាប់​ខេត្តតាកែវ​ ចាប់ពី​ដំណើរការ​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​ (​គ្រោះថ្នាក់​ការងារ​ និង​ជំងឺ​វិជ្ជាជីវៈ​)​ គិត​រហូត​មក​ត្រឹម​ឆមាស​ទី​១​ ឆ្នាំ​២០១៩​ នេះ​ សមាជិក​ ប​.​ស​.​ស​.​ ដែល​រងគ្រោះថ្នាក់​ដោយសារ​ការងារ​មាន​ចំនួន​សរុប​ ៣៤៧៥​នាក់​ ក្នុង​នោះ​សមាជិក​ ប​.​ស​.​ស​.​ ដែល​បាន​បាត់បង់​សមត្ថភាព​ការងារ​អចិន្ត្រៃយ៍​ក្រោម​ ២០%​ មាន​ចំនួន​ ៣៦​នាក់​ និង​បាត់បង់​សមត្ថភាព​ការងារ​អចិន្ត្រៃយ៍​លើស​ ២០%​ មាន​ចំនួន​ ២៨​នាក់​។​

​លោក​ កឹ​ម​ ច​ណ្ណា​រិ​ទ្ធ​ បាន​បន្ត​ថា​៖​ ក្នុង​ចំនួន​សមាជិក​ ប​.​ស​.​ស​.​ ទាំងអស់​ដែល​បាន​រងគ្រោះថ្នាក់​ខាងលើ​ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (​ប​.​ស​.​ស​.)​ សាខា​ខេត្តតាកែវ​ បាន​ចុះ​ផ្តល់​តាវកាលិក​ឧត្តរ​ជីវី​ (​ប្រាក់​ឧបត្ថម្ភ​)​ បាន​ចំនួន​ ៤២​នាក់​ ដែល​បាន​រង​គ្រោះ​ការងារ​រហូត​ដល់​ស្លាប់​ ។​

​លោក​បាន​បន្ត​ទៀត​ថា​៖​ នៅ​ពេល​សមាជិក​ ប​.​ស​.​ស​.​ ទាំងអស់​រងគ្រោះថ្នាក់​ដោយសារ​ការងារ​ ប​.​ស​.​ស​.​ នឹង​ផ្តល់​របប​ធានា​រ៉ាប់រង​គ្រោះថ្នាក់​ការងារ​ជូន​ពួក​គាត់​ ដែល​មាន​អត្ថ​ប្រ​យោ​ជ​ន៏​រួម​មាន​៖​ សេវា​សង្គ្រោះ​បន្ទាន់​,​ សេវា​ព្យាបាល​និង​ថែទាំ​,​ ប្រាក់​ឧបត្ថម្ភ​ដល់​អ្នក​ថែទាំ​,​ ប្រាក់​ឧបត្ថម្ភ​ ៧០%​ នៃ​ប្រាក់​ឈ្នួល​មធ្យម​ជាប់​ភាគទាន​ប្រចាំ​ថ្ងៃ​ពេល​ដែល​ឈឺ​មិន​អាច​ទៅ​ធ្វើការ​បាន​,​ ផ្តល់​ជូន​នូវ​ឧបករណ៍​ជំនួយ​ផ្សេងៗ​ប្រសិនបើ​ជន​រង​គ្រោះ​ របួស​ ឬ​ពិការ​ និង​ផ្តល់​តាវកាលិក​ឧត្តរ​ជីវី​ (​ប្រាក់​ឧបត្ថម្ភ​)​ ដល់​សិទ្ធិ​វ័​ន្ត​ (​ជន​នៅ​ក្នុង​បន្ទុក​នៃ​គ្រួសារ​ជនរ​គ្រោះ​)​ ក្នុង​ករណី​រងគ្រោះថ្នាក់​ការងារ​រហូត​ដល់​បាត់​បង់ជីវិត​ ៕​ (SN-009)

 

អត្ថបទដែលជាប់ទាក់ទង