នគរបាល នឹងបញ្ជូនខ្លួន ជនសង្ស័យ ១៧នាក់ទៅតុលាការ ខណៈម្ចាស់ក្លឹបកម្សាន្ត លុច្សសារី កំពុងត្រូវតាមចាប់ខ្លួន

(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ Swift News តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ ថា បន្ទាប់ពីឃាត់ខ្លួនមនុស្សជាង ៤០០នាក់ នៅក្នុងក្លឹបកម្សាន្ត លុច្សសារី (Luxurious) សមត្ថកិច្ចជំនាញ នឹងបញ្ជូនខ្លួនមនុស្ស ចំនួន ១៧នាក់ទៅតុលាការដើម្បីចាត់ការតាមច្បាប់ ចំណែកអ្នកមិនពាក់ព័ន្ធ នឹងត្រូវអនុញ្ញាត ឲ្យទៅផ្ទះវិញ។

ឯកឧត្តម ស្នងការបានបញ្ជាក់ថា «យើង នឹងបញ្ជូនខ្លួន ជនសង្ស័យ ១៧នាក់ទៅតុលាការ ពាក់ព័ន្ធបទល្មើស សម្រួលឲ្យប្រើប្រាស់ និងចែកចាយគ្រឿងញៀនដោយខុសច្បាប់។ ដោយឡែក ចំពោះម្ចាស់ទីតាំង យើងកំណត់អត្តសញ្ញាណបានហើយ និងកំពុងបន្តស្រាវជ្រាវតាមនីតិវិធី»។

សូមជម្រាបជូនថា ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ស​ ថេត​ ស្នងការនគរបាលរាជធានីភ្នំពេញ កាលវេលាទាបភ្លឺថ្ងៃទី០៨​ ខែឧសភា​ ឆ្នាំ២០១៩​នេះបានដឹកនាំកម្លាំង ចុះបង្ក្រាបទីតាំង ក្លឹបកម្សាន្ត លុច្សសារី ​(Luxurious) មានទីតាំងនៅផ្ទះ​លេខ​៥៣​ ផ្លូវ​២១៤​ ភូមិ​៥​ សង្កាត់​បឹង​រាំង​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។

យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញ សារធាតុញៀនមួយចំនួន​ធំ និងឃាត់ខ្លួនបានមនុស្ស ចំនួន ៤១៧​នាក់ (​ស្រី​ ១៨១​នាក់​) យកទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចំណែកទីតាំង ក្លឹបកម្សាន្ត លុច្សសារី (Luxurious) ត្រូវសមត្ថកិច្ចសម្រេច បិទទ្វាជាបណ្តោះអាសន្ន។

គួររម្លឹកថា កាលពីវេលាទាបភ្លឺថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៩​កន្លងទៅថ្មីៗនេះ មានហេតុការណ៍បាញ់ប្រហារជនរងគ្រោះបណ្តាលឲ្យបាញ់ភ្លៅជនរងគ្រោះ បានកើតឡើង នៅក្នុង​ក្លឹ​ប​កម្សាន្ត លុ​ច្ស​សារី​ មានទីតាំងផ្ទះ​លេខ​៥៣​ ផ្លូវ​២១៤​ ភូមិ​៥​ សង្កាត់​បឹង​រាំង​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។

ក្រោយមកជនបង្កឈ្មោះ វីន សុក្របញ្ញា ជាកូនប្រុសលោកជំទាវ កែវ មរកត ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់បញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង