រដ្ឋមន្ត្រីក្រសួង​ការងារ ណែនាំ ៥​ចំណុច ស្តីពី ការហាម​ក្មេង ធ្វើការនៅឡឥដ្ឋ​

(​ភ្នំពេញ​)៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​សេចក្តីណែនាំ ៥ ចំណុច ស្តីពី ការហាម​ក្មេង​ចូលទៅក្នុង​បរិវេណ​ខ្សែសង្វាក់​ផលិតកម្ម​នៃ​សិប្បកម្ម​ផលិត​ឥដ្ឋ​។ សេចក្តីណែនាំ​នេះ ត្រូវបាន​លោក​រដ្ឋមន្ត្រី បញ្ជូន​ទៅកាន់​ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល រាជធានី ខេត្ត ទាំងអស់ ដើម្បី​ចុះ​ធ្វើការ​ណែនាំ​ដល់​ម្ចាស់ ឬ​នាយក​សិប្បកម្ម​ផលិត​ឥដ្ឋ នៅ​មូលដ្ឋាន​របស់ខ្លួន ឲ្យ​អនុវត្ត​។​

​វិធានការ ៥ ចំណុច ដើម្បី​បញ្ជៀ​ស​នូវ​ឧបទ្ទវហេតុ ដែល​អាច​កើតមាន​ជាយថាហេតុ ចំពោះ​ក្មេង នៅក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ ដែល​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ទើបតែ​ដាក់ចេញ រួមមាន​៖
១-​រៀបចំ​ដាក់​ស្លាក​សញ្ញា​ធំៗ និង​ងាយ​មើលឃើញ ដូចជា​៖
-​ហាម​ក្មេង​ចូល ទៅក្នុង​បរិវេណ​ខ្សែចង្វាក់​ផលិតកម្ម​
-​ជន​ណា​ដែល​នាំ​ក្មេង​ចូល ទៅក្នុង​បរិវេណ​ខ្សែសង្វាក់​ផលិតកម្ម អាច​ប្រឈម​នឹង​បទល្មើស​ព្រហ្មទណ្ឌ​
-​ការប្រើប្រាស់​ពលកម្ម​កុមារ នៅ​សិប្បកម្ម​ផលិត​ឥដ្ឋ គឺអាច​ប្រឈម​នឹង​បទល្មើស​ព្រហ្មទណ្ឌ​។​

២-​ហាមឃាត់​ដាច់ខាត​ការប្រើប្រាស់​ទាសភាព​បំណុល ដើម្បី​ដាក់បន្ទុក​សេរីភាព​ការងារ​កម្មករ​
៣-​ត្រូវមាន​អ្នកឃ្លាំមើល​ជាប្រចាំ និង​ហាម​ក្មេង ចូលក្នុង​បរិវេណ​ខ្សែសង្វាក់​ផលិតកម្ម ឬ​ធ្វើការ​នៅក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​

៤-​ត្រូវ​រៀបចំ​កន្លែង​ស្នាក់នៅ​ឲ្យ​ឃ្លាតឆ្ងាយ​ពី​ខ្សែសង្វាក់​ផលិតកម្ម និង​ត្រូវមាន​របង​ការងារ​សុវត្ថិភាព ដែល​ខណ្ឌ​ចែក​បរិវេណ​ខ្សែសង្វាក់​ផលិតកម្ម និង​កន្លែង​ស្នាក់នៅ​។​
៥-​ហាមឃាត់​ដាច់ខាត​រាល់​ទម្រង់​នៃ​ការកេងប្រវ័ញ្ច​ពលកម្ម​លើ​កុមារ និង​ការបង្ខំ​ឲ្យ​កុមារ​ធ្វើការ ដើម្បី​ដោះបំណុល​។​

​សេចក្តីណែនាំ បាន​បញ្ជាក់ថា “​ម្ចាស់ ឬ​នាយក​សិប្បកម្ម​ផលិត​ឥដ្ឋ​ទាំងឡាយណា ដែល​ខកខាន ក្នុងការ​អនុវត្តតាម​សេចក្តីណែនាំ​នេះ នឹងត្រូវ​ទទួលរង​នូវ​ការផាកពិន័យ ឬ​អាច​ឈានដល់​ការបិទ​អាជីវកម្ម ឬ​អាច​ប្រឈម​នឹង​បទល្មើស​ព្រហ្មទណ្ឌ​”។

សូមរម្លឹកថា កន្លងមក មានកុមារជាច្រើន បានធ្វើការ​នៅឡឥដ្ឋ។ កុមារទាំងនោះ បាន​ទៅ​រស់​នៅ​ជាមួយ​​ម្តាយ​​ឪពុក ដែលជាកម្មករឡឥដ្ឋ ហើយក៏បាន​ចូលធ្វើការ​ងារ​នៅឡឥដ្ឋ ទាំង​មិនទាន់គ្រប់​អាយុ ១៨ ឆ្នាំ ក៏មាន។ ជា​បន្តបន្ទាប់ ក៏មានសេចក្តីរាយការណ៍​ពីគ្រោះថ្នាក់​លើកុមារមួយចំនួន​ នៅឡឥដ្ឋ ដូចជា ដាច់​ដៃ ជាដើម​៕​

អត្ថបទដែលជាប់ទាក់ទង