អភិបាល​រាជធានី​ភ្នំពេញ និង​ភរិយា ដឹកនាំ​ការរៀបចំ​កម្មវិធី​ហូប​នំ​បញ្ចុក​សាមគ្គីភាព ជាមួយ​មន្ត្រីរាជការ ​​បងប្អូន​អ្នកធាក់ស៊ីក្លូ និងកម្មករកាត់ដេរ

(​ភ្នំពេញ​)៖ ដូច​តាម​ខេត្ត​ដទៃទៀត​ដែរ នៅ​សាលា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​០៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានរៀបចំ​កម្មវិធី​ហូប​នំ​បញ្ចុក​សាមគ្គីភាព ជាមួយ​បងប្អូន​មន្ត្រីរាជការ​ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​បងប្អូន​សមាជិក​មូលនិធិ​ត្រីចក្រយាន​កម្ពុជា ( អ្នកធ្លាក់​ស៊ីក្លូ )​។ ពិធី​ជួបជុំ​ទទួលទាន​នំ​បញ្ចុក​សាមគ្គីភាព នៅ​សាលា​រាជធានី​ភ្នំពេញ​នេះ បានធ្វើ​ឡើង ក្រោម​អធិបតីភាព ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​មូលនិធិ​ត្រីចក្រយាន​កម្ពុជា និង​លោកជំទាវ ជា ស៊ីណា ឃួ​ង ស្រេង តប​តាម​ការអំពាវនាវ​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​លើកឡើងថា ការជួបជុំ​ទទួលទាន​នំ​បញ្ចុក ជា​មហា​គ្រួសារ​ខ្មែរ នាពេលនេះ បានបង្ហាញ​ឲ្យ​ឃើញ​ពី​សាមគ្គីភាព មិត្តភាព ការលើកស្ទួយ​ផលិតផល​ខ្មែរ ដែល​នំ​បញ្ចុក​នេះ គឺជា​អាហារ​របស់​ខ្មែរ​មួយ​ប្រភេទ​ដ៏​ពេញនិយម​នៅ​គ្រប់​តំបន់ ដោយ​ប្រជាពលរដ្ឋ ចូលចិត្ត​ទទួលទាន​បំផុត​មិន​ថា ទទួលទាន​ជាប្រចាំ​ថ្ងៃ ឬ​ពេល​មានបុណ្យ​ទាន ម្តងៗ​នោះទេ គេ​តែង​រៀបចំ​នំ​បញ្ចុក​មក​ទទួលភ្ញៀវ​ជាធម្មតា និង​ដោយ​ក្តី​រីករាយ​។​

​បន្ទាប់​មកពី​ជួបជុំ ទទួលទាន​នំ​បញ្ចុក​នៅ​សាលា​រាជធានី​ភ្នំពេញ​រួចហើយ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​០៩ ខែមិថុនា​នេះ ឯកឧត្តម ឃួ​ង ស្រេង និង​ភរិយា បាន​បន្តដំណើរ​ចូលរួម​ជាមួយ​ឯកឧត្ដម ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ក្នុង​ពិធី​សំណេះសំណាល និង​បាន​ចូលរួម​ហូប​នំ​បញ្ចុក​សាមគ្គីភាព ជាមួយ​បងប្អូន​កម្មករ កម្មការិនី ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​កំបូល​។ ពិធី​ជួបជុំ​នេះ បានធ្វើ​ឡើង នៅ​វត្ត​ជម្ពូ​វ័ន ជាប់​ផ្លូវជាតិ​លេខ​៤ ជិត​រង្វង់​មូល​ចោមចៅ ក្នុង​រាជធានី​ភ្នំពេញ​។​

​ឯកឧត្តម ឃួ​ង ស្រេង បានប្រកាស​អំពាវនាវ​សូម​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​ហូប​នំ​បញ្ចុក​ខ្មែរ អោយបាន​ច្រើន​កុះករ ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព មិត្តភាព ក្តី​ស្រឡាញ់ និង​ឯកភាព​ជាតិ​។ ទន្ទឹមនឹងនេះ គឺ​យើង​ចូលរួម​លើកតម្កើង​នូវ​គុណភាព​ម្ហូបអាហារ និង​នំចំណី​ខ្មែរ ដែលជា​អត្តសញ្ញាណ​របស់​ប្រទេសជាតិ​យើង​ផងដែរ​៕​

 

អត្ថបទដែលជាប់ទាក់ទង