ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃ ប.ស.ស. ហូបនំបញ្ចុកសាមគ្គីជាតិ ជាមួយបងប្អូនកម្មការិនីមានផ្ទៃពោះ

(ភ្នំពេញ)៖ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបសំណេះសំណាល និងហូបនំបញ្ចុកសាមគ្គីជាតិ ជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក រួមទាំងបងប្អូនកម្មការិនីមានផ្ទៃពោះ ដែលបានមកបំពេញបែបបទទទួលអត្ថប្រយោជន៍ពី ប.ស.ស. ក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាលនិងសប្បាយរីករាយយ៉ាងក្រៃលែង ។

ឯកឧត្តម អ៊ុក សមវិទ្យា បានថ្លែងថា៖ អបសាទរអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៖ “ ការរៀបចំហូបនំបញ្ចុករួមគ្នា គឺមិនប្រកាន់ក្រុម ប្រកាន់ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ បងប្អូនហូបនំបញ្ចុកថ្ងៃនេះ បង្ហាញពីមិត្តភាព សាមគ្គីភាព ស្រលាញ់រាប់អាន និងឯកភាពជាតិយើង កាន់តែរឹងមាំថែមទៀត “។

ពិធីហូបនំបញ្ចុកនេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃអាទិត្យ ៧កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ នេះ នៅទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង