ក្រសួងមហាផ្ទៃ ប្រាប់​ដល់​អភិបាល​រាជធានី​ខេត្ត ពី​ការបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ចំពោះ​ប្រធាន និង​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់​អាណត្តិ​ទី​២ និង​អាណត្តិ​ទី​៣

(​ភ្នំពេញ​)៖ ក្រសួងមហាផ្ទៃ តាមរយៈ​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ កាលពី​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៩ បានចេញ​លិខិត ជម្រាបជូន​អភិបាល​រាជធានី​ខេត្ត ក្នុង​កម្មវត្ថុ ស្តីពី ការបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ចំពោះ​ប្រធាន និង​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់​អាណត្តិ​ទី​២ និង​អាណត្តិ​ទី​៣​។​

​ក្នុង​លិខិត លោក​សក់​សេដ្ឋា បាន​លើកឡើងថា ក្រសួងមហាផ្ទៃ បាន​ពិនិត្យឃើញថា មាន​ប្រធាន និង​សមាជិក​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ នៅក្នុង​អាណត្តិ​ទី​២ មួយចំនួន បាន​ជាប់ឆ្នោត​បន្ត​នៅក្នុង​អាណត្តិ​ទី​៣ មួយចំនួន មិនបាន​ជាប់ឆ្នោត​បន្ត និង​មួយចំនួនទៀត ជា​អ្នក​ជាប់ឆ្នោត​ថ្មី សម្រាប់​អាណត្តិ​ទី​៣​នេះ​។​

​ក្រសួងមហាផ្ទៃ លើកឡើងថា អនុលោម​បទ​ប្បញ្ញត្តិ មាត្រា ៦២ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បាន​កំណត់ថា កិច្ចប្រជុំ​ចូលកាន់​តំណែង​របស់​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក និង​ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣​នេះ ត្រូវ​ប្រារព្ធ​ធ្វើឡើង នៅក្នុង​រយៈពេល​មិន​លើសពី ១៤ ថ្ងៃ បន្ទាប់​ពីថ្ងៃ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប ប្រកាស​លទ្ធផល​ជា​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​។​

​ផ្អែកលើ​មូលដ្ឋាន​ខាងលើ ក្រសួងមហាផ្ទៃ សូម​ធ្វើ​ការណែនាំ​អំពី​ការបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ ចំពោះ​ប្រធាន និង​សមាជិក​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ សម្រាប់​អាណត្តិ​ទី​២ និង​អាណត្តិ​ទី​៣ ដូចខាងក្រោម​៖

១-​ការបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ប្រាក់ខែ​ចំពោះ​ប្រធាន និង​សម​ជិ​ក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅក្នុង​អាណត្តិ​ទី​២ ត្រូវ​កំណត់​បញ្ចប់​ត្រឹម​ខែមិថុនា ឆ្នាំ​២០១៩ ជា​ខែ​ចុងក្រោយ​។​

២-​ចំពោះ​ប្រធាន និង​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់​អាណត្តិ​ទី​៣ នឹងត្រូវ​រៀបចំ និង​បើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ប្រាក់ខែ គិត​ចាប់ពី​ខែមិថុនា ឆ្នាំ​២០១៩ តទៅ​។​

៣-​អង្គភាព​ប​ដែលមាន​សមត្ថកិច្ច​ពាក់​ព័ន្ធ​នឹង​ការរៀបចំ និង​ការបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ របស់​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវធ្វើ​ការពិនិត្យ និង​រៀបចំ​ស្របទៅតាម​គោលការណ៍ និង​នីតិវិធី ដែល​បានកំណត់​។​

​អនុក្រឹត្យ​លេខ​៤៧ ចុះ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩ របស់​ប្រមុខ​រាជរដ្ឋាភិបាល បង្ហាញថា ប្រធាន​ក្រុមប្រឹក្សា​រាជធានី ខេត្ត ទទួលបាន​ប្រាក់ខែ ១ ៤៤០ ០០០ រៀល និង​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ទទួលបាន​ប្រាក់ខែ​ចំនួន ១ ១៣៥ ០០០ រៀល​។ ដោយឡែក ប្រធាន​ក្រុមប្រឹក្សា​ក្រុង ស្រុក​ខណ្ឌ ទទួលបាន​ប្រាក់ខែ ១ ១៥៥ ០០០ រៀល និង​សមាជិក​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ ចំនួន ៩១០ ០០០ រៀល​។​

​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ ដែល​គ​.​ជ​.​ប បានប្រកាស​កាលពី​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ បង្ហាញថា កាលពី​បោះឆ្នោតក្រុមប្រឹក្សា អាណត្តិ​ទី​៣ កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ មាន ៣ គណបក្ស បាន​ជាប់ឆ្នោត គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។​

​ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​តំណែង​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ទាំង ២៥ នៅ​ទូទាំងប្រទេស និង​ប្រធាន​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ ទាំង ២០៣ ក្រុង​ស្រុក​ខណ្ឌ នៅ​ទូទាំងប្រទេស​។​

​ក្នុងចំណោម​គណបក្ស​ទាំង ៧ ដែល​ចូលរួម​ការបោះឆ្នោត​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ គឺ​មានតែ​គណបក្ស ៣ ប៉ុណ្ណោះ ទទួលបាន​អាសនៈ​នៅ​ក្រុមប្រឹក្សា​រាជធានី​ខេត្ត និង​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ រួមមាន​៖

១-​គណបក្ស​ប្រជាជន​កម្ពុជា​៖
​ទទួលបាន​សំឡេង​សរុប​ចំនួន ១១១២៣ សំឡេង ទទួលបាន​អាសនៈ នៅ​ក្រុមប្រឹក្សា​ខេត្ត​រាជធានី ចំនួន ៥៥០ អាសនៈ ( ស្ត្រី ៩៤​នាក់ ) ក្នុងចំណោម​អាសនៈ​សរុប ៥៥៩ អាសនៈ និង​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ ចំនួន​សរុប ៣៤៨៤ អាសនៈ ( ស្រី ៦១៩ នាក់ ) ក្នុងចំណោម​អាសនៈ​សរុប ៣៥៥៥ នាក់​។​

២-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​៖
​ទទួលបាន​សំឡេង​សរុប​ចំនួន ២២៦ សំឡេង និង​ទទួលបាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ចំនួន ៣ នាក់ ព្រមទាំង​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ ចំនួន ៣៣​នាក់​។​

៣-​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​៖
​ទទួលបាន​សំឡេង​សរុប​ចំនួន ១៧៥ សំឡេង ដោយ​ទទួលបាន​អាសនៈ នៅ​ក្រុមប្រឹក្សា​ខេត្ត ចំនួន ៦ នាក់ និង​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ ចំនួន ៣៨ នាក់​៕​

អត្ថបទដែលជាប់ទាក់ទង