អភិបាលខេត្ត​តាកែវ ចូលរួម​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ហូប​នំ​បញ្ចុក តេ​ជោ​សាមគ្គី​សន្តិភាព

(​តាកែវ​)៖ នា​ព្រឹក​ថ្ងៃអាទិត្យ ៧ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៩ ឯកឧត្តម អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ បាន​អញ្ជើញ​ចូលរួម​ហូប​នំ​បញ្ចុក​តេ​ជោ​សាមគ្គី សន្តិភាព ឯកភាព និង​ការរីកចំរើន ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ នៅ​ឃុំ​ធ្លក ឃុំ​ស្រ​ង៉ែ ស្រុក​ទ្រាំង ខេត្តតាកែវ​។​

​ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ បាន​ថ្លែងថា ការ​ពិសារ​នំ​បញ្ចុក​សាមគ្គី​នេះ ជា​ផ្នែក​មួយ ក្នុងការ​លើកកម្ពស់​ស្នាដៃ​ផលិត​នំ​ខ្មែរ ហើយក៏​ជា​ឱកាស​បង្ហាញ​ឲ្យ​បរទេស​ដឹងថា ខ្មែរ​មាន​នំ​បញ្ចុក ដែលមាន​រសជាតិ​ឆ្ងាញ់ ដែល​អាច​បរិភោគ​ជាមួយ​ទឹក​សម្ល​ជាច្រើន​មុខ​។ សម្ល​សម្រាប់​ស្រូប​ពិសារ​ជាមួយ​នំ​បញ្ចុក មានដូចជា សម្លរ​ប្រហើរ សម្លការី សម្ល​ណាំ​យ៉ា ឬ​អាច​ជ្រើសរើស​ពិសារ​ជាមួយ​ទឹកត្រី​ផ្អែម ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​ពលរ​ដ្ឋ​នីមួយៗ​។​

​គួរ​បញ្ជាក់ថា ឆ្លើយតប​ទៅនឹង​យុទ្ធនាការ «​ហូប​នំ​បញ្ចុក​» ដែល​រៀបចំ​ដោយ​ក្រុម​អតីត​បក្សប្រឆាំង​នៅ​កម្ពុជា​នោះ កាលពី​ថ្ងៃទី​០៣​មិថុនា នៅក្នុង​ឱកាស​អញ្ជើញ​ចុះ​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​ភូមិន្ទ​ភ្នំពេញ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ការហូរ​នំ​បញ្ចុក មិនអាច​ក្លាយទៅជា​ការបំបែកបំបាក់​ជាតិ​នោះទេ ហើយ​សម្ដេច ក៏បាន​ណែនាំ​ដល់​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ រួមគ្នា​រៀបចំ​កម្មវិធី​ហូប​នំ​បញ្ចុក នៅ​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៩ នេះ​។

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្តថា «​រឿង​នំ​បញ្ចុក ហេតុ​អី​បានជា​នំ​បញ្ចុក​ក្លាយទៅជា​រឿង​នយោបាយ​ទៅវិញ​? មិច​បានជា​គេ​ប្រែក្លាយ​បញ្ហា​នំ​បញ្ចុក ឲ្យ​ទៅជា​រឿង​នយោបាយ​មួយ ថា​អ្នកណា​ស៊ី​នំ​បញ្ចុក គឺ​សុទ្ធតែជា​ពួក​គាំទ្រ​គេ ហើយ​ត្រូវ​នគរបាល សមត្ថកិច្ច​តាមដាន ធ្វើ​ឲ្យ​អ្នកលក់​នំ​បញ្ចុក​មួយចំនួន មានការ​ភ័យខ្លាច​ទៅទៀត​»​។​

​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បន្ដថា «​ឥឡូវ ខ្ញុំ​សូម​ប្រកាសជូន​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​ចំពោះ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន សូម​ទទួលទាន​នំ​បញ្ចុក​ទាំងអស់គ្នា ហើយ​លឺ​គេ​ថា​យក​ថ្ងៃ​០៩​នេះ ធ្វើជា​ទិវា​នំ​បញ្ចុក​។ សូម​ថ្ងៃទី​០៩​នេះ សមាជិក សមាជិកា​គណបក្ស​ប្រជាជន ថ្នាក់ដឹកនាំ​តាម​ខេត្ត គណៈ​ពង្រឹង​នាំគ្នា​ចុះ​មូលដ្ឋាន រៀបចំ​នំ​បញ្ចុក​ឲ្យ​សមាជិក​គណបក្ស​ប្រជាជន ស៊ី​ថ្ងៃទី​០៩ ខែមិថុនា​»​។​

​សូមបញ្ជាក់ថា ក្រៅពី​នៅ​ខេត្តតាកែវ នៅ​ខេត្ត​រាជធានី ក្រុង​ស្រុក​ខណ្ឌ ពិសេស​នៅតាម​មូលដ្ឋាន​ឃុំ​សង្កាត់​នៅ​ទូទាំងប្រទេស ក្រុមការងារ​ចុះជួយ​ថ្នាក់ជាតិ បានរៀបចំ​ពិធី​ជួបជុំ ទទួលទាន​នំ​បញ្ចុក នៅតាម​ទីស្នាក់ការ​គណបក្ស សាលារៀន និង​តាម​វត្ត​ជាដើម​។ ប្រជាពលរដ្ឋ​រាប់រយ​នាក់ បាន​ចូលរួម​ក្នុង​ពិធី​ជួបជុំ ទទួលទាន​នំ​បញ្ចុក​សាមគ្គីភាព នំ​បញ្ចុក​ឯកភាព​ជាតិខ្មែរ នា​ថ្ងៃអាទិត្យ ទី​០៩​មិថុនា​នេះ​៕​

អត្ថបទដែលជាប់ទាក់ទង