នគរបាលជំនាញ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធបទល្មើស ជួញដូរអាវុធខុសច្បាប់លើ Facebook

(ភ្នំពេញ)៖ កម្លាំងនគរបាលជំនាញបានស្រាវជ្រាវ និងឈានដល់ឃាត់ខ្លួន បានជនសង្ស័យចំនួន ៣នាក់ជាបន្តបន្ទាប់កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ពាក់ព័ន្ធបទល្មើស ជួញដូរអាវុធខុសច្បាប់តាមបណ្ដាញសង្គម Facebook។ នេះបើតាមប្រភពពី ទំព័រ Facebook របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ។

បើតាមប្រភព ជនសង្ស័យទី១ឈ្មោះ ជា ហ៊ាបហ៊ ភេទប្រុស អាយុ ១៩ឆ្នាំ ស្រុកកំណើត ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម ជាអ្នកនាំចូល-នាំចេញ និងកែឆ្នៃអាវុធ,ទី២ឈ្មោះ លី តាំងឆេង ភេទប្រុស អាយុ ២០ឆ្នាំ ស្រុកកំណើត ឃុំសាលាកំរើក ស្រុកសៀមរាប ខេត្តសៀមរាប ជាអ្នកជួញដូរអាវុធ និងទី៣ឈ្មោះ ឡី ម៉េងឡុង ភេទប្រុស អាយុ ១៩ឆ្នាំ ស្រុក កំណើត ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ជាអ្នកជួញដូរអាវុធ។

សមត្ថកិច្ចជំនាញក្រសួងមហាផ្ទៃ បានសហការគ្នាជាមួយកម្លាំងមូលដ្ឋាន ឃាត់ ខ្លួនក្រុមជនសង្ស័យទាំង ៣នាក់ នៅក្នុងខេត្តសៀមរាប បន្ទាប់ពីបានបើកការស្រាវជ្រាវ អស់ជាច្រើនថ្ងៃ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ៣នាក់ខាងលើ បានសារភាពថា ពួកគេពិតជាបាននាំចូល-នាំចេញ និងកែឆ្នៃ ជួញដូរអាវុធ ដូចជាអាវុធខ្លីពិត (អាវុធមែនទែន) អាវុធខ្លីប្រើហ្កាស់ និងអាវុធប្រើខ្យល់ មួយចំនួន ដោយបោះដុំ និងលក់រាយទៅឲ្យអតិថិជននៅតាមបណ្តាខេត្ត និងរាជធានី ប្រាកដមែន៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង