ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមហូបនំបញ្ចុក តេជោសន្តិភាព នៅថ្ងៃទី ៩ មិថុនា ទាំងអស់គ្នា

(តាកែវ)៖ នៅក្នុងឳកាសអញ្ជើញចូលរួមសម្ភោធសាលាអនុវិទ្យាល័យវត្តចារ និង សមិទ្ធិផលនានាក្នុងវត្តចារ ដែលស្ថិតក្នុងភូមិចារ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ នៅព្រឹកថ្ងៃ សៅរ៏ ទី ៨ ខែ មិថុនា ឆ្នាំ ២០១៩នេះ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួល បន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមហូបនំបញ្ចុកតេជោសន្តិភាព សាមគ្គីភាព និងឯកភាពជាតិ ទាំងអស់គ្នានៅថ្ងៃ អាទិត្យទី ៩ ខែ មិថុនា ឆ្នាំ ២០១៩នេះ ដោយគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ និងរៀបចំពិធីហូបនំបញ្ចុកនេះនៅគ្រប់ឃុំសង្កាត់ទាំងអស់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានមានប្រសាសន៏បន្តថា ការរៀបចំពិធីហូបនំបញ្ចុកជួបជុំគ្នានៅថ្ងៃអាទិត្យ ទី ៩ ខែ មិថុនា ស្អែកនេះគឺដើម្បីបង្ហាញឲ្យឃើញអំពីការសាមគ្គីជាតិរវាងមហាគ្រូសារខ្មែរយើងទាំងមូល ម្យ៉ាងទៀតការជួបជុំហូបនំបញ្ចុកនេះវាក៏បានបង្ហាញថា ខ្មែរមិនមានជាការបែកបាក់ជាតិដូចការលើកឡើងរបស់ក្រុមណាមួយនោះទេ។ តែផ្ទុយទៅវិញប្រជាពលរដ្ឋខ្មែរយើងចេះរូបរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើការអភិវឌ្ឍន៏ប្រទេសឲ្យកាន់តែរីកចម្រើនខ្លាំងឡើមថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានមានប្រសាសន៏បន្តថា ការជួបជុំហូបនំបញ្ចុកនេះមិនមែនសំដៅតែទៅលើសមាជិកគណបក្សប្រជាជនកម្ពុជានោះទេ និយាយជារួមបងប្អូនប្រជាពលរដ្ឋទាំងអស់ទោះជាសមាជិកគណបក្សណាមួយក៏ដោយ មាននិន្នាការអ្វីក៏ដោយ សូមអញ្ជើញចូលរួមហូបនំបញ្ចុកឲ្យបានគ្រប់គ្នានៅថ្ងៃស្អែក ដោយការជួបជុំហូបនំបញ្ចុកនេះប្រកាន់និន្នាការនយោបាយអ្វីនោះឡើយ ពោលនេះគឺជាការជួបជុំហូបនំបញ្ចុកក្នុងនាមមហាគ្រូសារខ្មែរយើង។

គួរបញ្ជាក់ថា ឆ្លើយតបទៅនឹងយុទ្ធនាការ «ហូបនំបញ្ចុក» ដែលរៀបចំដោយក្រុមអតីតបក្សប្រឆាំងនៅកម្ពុជានោះ កាលពីពេលថ្មីៗនេះនៅក្នុងឱកាសអញ្ជើញចុះចែកសញ្ញាប័ត្រដល់និស្សិតភូមិន្ទភ្នំពេញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការហូរនំបញ្ចុកមិនអាចក្លាយទៅជាការបំបែកបំបាក់ជាតិនោះទេ ហើយសម្ដេចក៏បានណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា រឿងនំបញ្ចុក ហេតុអីបានជានំបញ្ចុកក្លាយទៅជារឿងនយោបាយទៅវិញ? មិចបានជាគេប្រែក្លាយបញ្ហានំបញ្ចុក ឲ្យទៅជារឿងនយោបាយមួយ ថាអ្នកណាស៊ីនំបញ្ចុក គឺសុទ្ធតែជាពួកគាំទ្រគេ ហើយត្រូវនគរបាល សមត្ថកិច្ចតាមដាន ធ្វើឲ្យអ្នកលក់នំបញ្ចុកមួយចំនួន មានការភ័យខ្លាចទៅទៀត»។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្ដថា «ឥឡូវខ្ញុំសូមប្រកាសជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសចំពោះសមាជិក សមាជិកាគណបក្សប្រជាជន និងអ្នកគាំទ្រគណបក្សប្រជាជន សូមទទួលទាននំបញ្ចុកទាំងអស់គ្នា ហើយលឺគេថាយកថ្ងៃ០៩នេះ ធ្វើជាទិវានំបញ្ចុក។ សូមថ្ងៃទី០៩នេះ សមាជិក សមាជិកាគណបក្សប្រជាជន ថ្នាក់ដឹកនាំតាមខេត្ត គណៈពង្រឹងនាំគ្នាចុះមូលដ្ឋានរៀបចំនំបញ្ចុកឲ្យសមាជិកគណបក្សប្រជាជនស៊ីថ្ងៃទី០៩ ខែមិថុនា»៕ (SN-ស្នា)

អត្ថបទដែលជាប់ទាក់ទង