Top News​៖ ប៉ូលិស កំណត់​អត្តសញ្ញាណ​ថៅកែ​ក្លិប Luxarious បាន​ហើយ គឺជា​ជនបរទេស តែ​មិនទាន់​ចាប់​បានទេ​!

(​ភ្នំពេញ​)៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់ Swift News នៅ​រសៀល​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ ថា មកដល់​រសៀលថ្ងៃទី០៨មិថុនា​នេះ ប៉ូលិស​បានកំណត់​អត្តសញ្ញាណ​ថៅកែ​ក្លិប​កម្សាន្ត Luxarious​ដែល​ប៉ូលិស​ឆ្មក់​ចូល​បង្ក្រាប​កាលពី​យប់​ថ្ងៃទី​០៧ ឈានចូល​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ បាន​ហើយ​។ ថៅកែ​នោះ គឺជា​ជនបរទេស តែ​ប៉ូលិស មិនទាន់​ចាប់​បានទេ​។​

​លោកស្នងការ បន្តថា អ្នក​ដែល​ប៉ូលិស​ចាប់​ឃាត់ នាំទៅ​ស្នងការ​ប្រមាណ ៤០០ នាក់ ត្រូវបាន​ធ្វើតេស្ត​ទឹកនោម ដើម្បី​រកសារ​ធាតុ​ញៀន ហើយ រហូតដល់​រសៀល​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ ប៉ូលិស​ធ្វើតេស្ត​បាន ៨០​នាក់​ហើយ​។ ប្រហែលជា​ចំណាយ ២​ថ្ងៃ ក្នុងការ​ត្រួតពិនិត្យ​ជនសង្ស័យ​ទាំងនោះ​។​

​អំពី​វត្ថុតាង​វិញ ត្រូវបាន​លោកស្នងការ ស ថេត បញ្ជាក់ថា ក្នុងពេល​ឆ្មក់​ចូល​បង្ក្រាប​ក្លិប​កម្សាន្ត Luxarious នោះ ប៉ូលិស​ក៏បាន​រឹបអូស​ថ្នាំញៀន​បាន​ផងដែរ​។ តែ​លោក​មិន​ប្រាប់ថា មាន​ចំនួន​ប៉ុន្មាន​ទេ គ្រាន់តែ​បញ្ជាក់ថា គ្រឿងញៀន​នៅ Luxarious នោះ មាន​ចំនួន​តិចជាង​កាល​ចាប់​បង្ក្រាប​នៅ​រ៉ុ​ក​។​

​សូម​រម្លឹកថា នៅ​រសៀល​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ជា ក្មួយប្រុស​សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​ឲ្យ​អាជ្ញាធរ មាន​សមត្ថកិច្ច ពិសេស​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ រក​ឲ្យ​ឃើញ​មេ ឬ​ថៅកែ ក្លឹប លុ​ច្ស​សារី មក​ផ្តន្ទាទោស​តាមច្បាប់​។​

​កាលពី​រំលង​អា​ធ្រា​ត្រ ម៉ោង ០២:០០​នាទី ថ្ងៃទី​០៧ ឈានចូល​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត និង​អភិបាលរង​សាលា​រាជធានី​ភ្នំពេញ ព្រមទាំង​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ រួមជាមួយ​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះបង្ក្រាប ក្លិប​កម្សាន្ត លុ​ច្ស​សារី​ស (Luxurious ) ដែលមាន​ទីតាំង ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​២១៤ កែង​ផ្លូវ​៦៣ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ក្នុង​ប្រតិបត្តិការ​កណ្តាល​អា​ធ្រា​ត្រ​នោះ ប៉ូលិស​បាន​រកឃើញ​សារធាតុ​ញៀន​មួយចំនួន ហើយ​បាន​ឃាត់ខ្លួន​មនុស្ស ៤១៧​នាក់ (​ស្រី​១៨១​នាក់​) បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម និតិ​វិធី​ច្បាប់​។​

​ថ្មីៗ​នេះ នៅ​ក្លឹប​កម្សាន្ត Luxarious ក៏​កើតមាន​ការផ្ទុះអាវុធ និង​បាញ់បោះ​សេរី ដែល​កាលនោះ បាន​បណ្តាលឱ្យ​នារី​ម្នាក់ រងរបួស​បាក់​ភ្លៅ​៕​ ( SN-ពិសិដ្ឋ )

អត្ថបទដែលជាប់ទាក់ទង