ប្រជាពលរដ្ឋ ស្រុកត្រាំកក់ ខេត្តតាកែវ ប្ដឹងអាជ្ញាធរស្រុក ឲ្យផ្អាកសកម្មភាពសាងសង់ស្ថានីយប្រេងឥន្ធនៈមួយកន្លែង នៅជាប់គ្នា មានឈ្មោះដូចគ្នា

(តាកែវ)៖ ស្ថានីយប្រេងឥន្ទនៈមួយកន្លែង នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានប្រជាពលរដ្ឋប្តឹងឲ្យផ្អាកសកម្មភាពសាងសង់ ព្រោះពួកគាត់យល់ឃើញថា ម្ចាស់ស្ថានីយនេះសង់នៅជាប់ស្ថានីយប្រេងរបស់អ្នកដទៃ ដែលកំពុងដំណើរការអាជីវកម្ម។

យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ អ៊ុក យ៉ា ភេទស្រី អាយុ៦៥ឆ្នាំ រស់នៅភូមិយាយឡ ឃុំស្រុកត្រាំកក់ ខេត្តតាកែវ​​​ បានប្ដឹងម្ចាស់សំណង់ស្ថានីយប្រេងឥន្ធនៈគ្មានលិខិតអនុញ្ញាត ឈ្មោះ អុិត ស្រីនាង រស់នៅភូមិឃុំជាមួយគ្នា ទៅអាជ្ញាធរស្រុកត្រាំកក់ សុំឲ្យម្ចាស់សំណង់ខាងលើផ្អាកជាបន្ទាន់។

នៅក្នុងពាក្យបណ្ដឹងខាងលើ គឺយោងមូលហេតុសំណង់ប្រេងឥន្ធនៈថ្មីនេះ នៅជាប់របងគ្នា ហើយដាក់ស្លាកយីហោដូចគ្នាទៀត ដែលផ្អែកលើផ្លូវច្បាប់ គឺមិនអនុញ្ញតឲ្យសង់ស្ថានីយប្រេងជាប់គ្នាដូច្នេះឡើយ។

ជុំវិញករណីនេះ មន្ត្រីសាលាស្រុកត្រាំកក់ បានបញ្ជាក់ថា ម្ចាស់សំណង់ខាងលើពិតជាកំពុងសាងសង់សា្ថនីយប្រេងឥន្ទនៈ ដោយមិនបានសុំលិខិតអនុញ្ញាតពីអាជ្ញាធរពាក់ពន្ធ័នៅក្នុងមូលដ្ឋានមែន។

ចំណែកលោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ បានមានប្រសាសន៍ថា លោកបានឲ្យមន្ត្រីរបស់លោកទៅឃាត់ប៉ុន្តែម្ចាស់សំណង់ បន្ដសាងសង់ទាំងបំពាន ដូច្នេះលោកនឹងចាត់វិធានការតតាមផ្លូវច្បាប់។

ចំណែកលោក ផេង វុធ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តតាកែវ បានឲ្យដឹងថា តាមផ្លូវច្បាប់មុននឹងសង់ស្ថាននីយប្រេងថ្មីមួយ ម្ចាស់ត្រូវតែសុំលិខិតអនុញ្ញាតពីគ្រប់អង្គភាពពាក់ពន្ធ័ ទើបអាចសាងសង់បាន។ បើមិនដូច្នេះទេ អាជ្ញាធរនឹងចាត់វិធានការរារាំងតាមផ្លូវច្បាប់។

លោកបានបន្តទៀតថា ចំពោះសំណង់ស្ថានីយខាងលើនេះ គឺសាងសង់ដោយខុសច្បាប់ទាំងស្រុង ព្រោះតាមគោលការណ៍មិនអនុញ្ញាតឲ្យសង់ស្ថានីយប្រេងនៅជាប់គ្នា ហើយប្រើរបងតែមួយនោះទេ៕ (SN-បាយ៉ង់កោ)

អត្ថបទដែលជាប់ទាក់ទង