ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ក្រើនរំលឹកដល់នាយ និងពលអាវុធហត្ថ ដែលទើបបញ្ចប់វគ្គហ្វឹកហ្វឺនផ្នែកច្បាប់ ត្រូវយកចំណេះទៅអនុវត្តន៍ឲ្យមានប្រសិទ្ធភាព

(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩នេះ នៅទីបញ្ជាការដ្ឋានកងរាជអាវុធខេត្តព្រះវិហារ បានប្រារព្វបិទវគ្គហ្វឹកហ្វឺនបំប៉នមន្ត្រីកងរាជអាវុធហត្ថខេត្ត ដែលទើបបានបញ្ចប់ការសិក្សាមុខវិជ្ជាផ្នែកច្បាប់ និងជំនាញវិជ្ជាជីវៈ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងលោកឧត្តមសេនីយ៏ត្រី កង សៅគុណ មេញ្ជាការកងរាជអាវុធខេត្ត។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានមានប្រសាសន៍ថា វគ្គហ្វឹកហ្វឺនសម្រាប់ឆមាសទី១ ដើមឆ្នាំ២០១៩នេះ មានសិក្ខាកាមចូលរួមចំនួន៥៥នាក់ ក្នុងនោះស្រីចំនួន៦នាក់ ដោយហ្វឹកហ្វឺនរយៈពេល១ខែ។

លោកមេបញ្ជាការ បានបញ្ជាក់ទៀតថា ចំពោះលទ្ធផលដែលសិក្ខាកាមទទួលបានពីវគ្គហ្វឹកហ្វឺននាឱកាសនេះ មាននិទ្ទេសA ចំនួន៤០នាក់ និទេ្ទសB១៣នាក់ និងនិទេ្ទសC២នាក់។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍កោតសរសើរដល់នាយ និងពលសិក្ខាកាមកម្លាំកងរាជអាវុធហត្ថខេត្តព្រះវិហារទាំងអស់ ហើយឯកឧត្តមបានដាស់តឿនក្រើនរំលឹកដល់អង្គសិក្ខាកាមទាំងអស់នេះ ត្រូវយកចំណេះដឹងទៅប្រើឲ្យចំគោលការណ៍ ដើម្បីការពារជាតិ ការពារព្រះមហាក្សត្រ និងកាពាររាជរដ្ឋាភិបាលកម្ពុជា៕ (SN-សួនសិដ្ឋ)

 

អត្ថបទដែលជាប់ទាក់ទង