លទ្ធផល​បោះឆ្នោតក្រុមប្រឹក្សា អាណត្តិ​ទី​៣៖ មាន ៣​បក្ស​ជាប់ឆ្នោត ដោយ CPP ឈ្នះ​តំណែង​ប្រធាន​ទាំងអស់​

(​ភ្នំពេញ​)៖ ដូច​ការគ្រោងទុក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ បានប្រកាស​លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ អាណត្តិ​ទី​៣​។ ជា​លទ្ធផល មានតែ​គណបក្ស ៣ ប៉ុណ្ណោះ ក្នុងចំណោម ៧​គណបក្ស ដែល​បានឈ្នះ​ឆ្នោត ទទួលបាន​អាសនៈ នៅ​ក្រុមប្រឹក្សា​រាជធានី​ខេត្ត និង​នៅ​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ អាណត្តិ​ទី​៣ ហើយ​ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​បាន​អាសនៈ​ប្រធាន​ក្រុមប្រឹក្សា​ទាំងអស់​។

​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ អាណត្តិ​ទី​៣ កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ដែល​គ​.​ជ​.​ប បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ បង្ហាញថា សំឡេងឆ្នោត ដែល​គណបក្ស​នីមួយៗ ទទួលបាន នៅក្រុមប្រឹក្សារាជធានីខេត្ត រួមមាន​៖
១-​គណបក្ស​ប្រជាជន​កម្ពុជា សរុប​ចំនួន ១១១២៣ សំឡេង
២-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សរុប​ចំនួន ២២៦ សំឡេង​
៣-​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ចំនួន ១៧៥ សំឡេង​
៤-​គណបក្ស​ឆន្ទៈ​ខ្មែរ ចំនួន ២ សំឡេង​
៥-​គណបក្ស​សញ្ជាតិ​កម្ពុជា ១៤ សំឡេង​
៦-​គណបក្ស​យុវជន​កម្ពុជា ចំនួន ៨ សំឡេង​
៧-​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ទទួលបាន ០ សំឡេង​

​ក្រុមប្រឹក្សា​រាជធានី​ខេត្ត អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ មាន​គណបក្ស ចំនួន ៣ ដែល​ទទួលបាន​អាសនៈ រួមមាន​៖
១-​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ១១១២៣ សំឡេង ទទួល​អាសនៈ​សរុប ៥៥០ អាសនៈ ( ស្ត្រី ៩៤​នាក់ ) ដោយ​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​រាជធានី ចំនួន ២៥ នាក់ និង​សមាជិក ៥២៥ នាក់​

២-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​សំឡេងឆ្នោត ២២៦ សំឡេង ទទួលបាន​អាសនៈ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ចំនួន ៣ គឺ​នៅ​ខេត្តបាត់ដំបង ខេត្តកំពង់ធំ និង​នៅ​ខេត្តកណ្តាល​។​

៣-​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួលបាន​សំឡេងឆ្នោត​សរុប ១៧៥ សំឡេង ទទួលបាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ចំនួន ៦ នាក់ គឺ​នៅ​ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តសៀមរាប និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ មាន​គណបក្ស ៣ ទទួលបាន​អាសនៈ រួមមាន​៖
១-​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​សរុប ១១១១៣ សំឡេង ទទួលបាន​អាសនៈ​សរុប ៣៤៨៤ អាសនៈ ( ស្រី ៦១៩ នាក់ )​។ ក្នុងនោះ ជា​ប្រធាន​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ ចំនួន ២០៣ នាក់ និង​សមាជិក​ចំនួន ៣២៨១ នាក់​

២-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​សំឡេងឆ្នោត ចំនួន ២១៣ សំឡេង ទទួលបាន​អាសនៈ​សរុប ៣៣ អាសនៈ ជា​សមាជិក​ក្រុមប្រឹក្សា នៅ​ខេត្តបន្ទាយមានជ័យ ២​នាក់ បាត់ដំបង ៩​នាក់ កំពង់ចាម ២​នាក់ កំពង់ស្ពឺ ម្នាក់ កំពង់ធំ ៤​នាក់ កណ្តាល ៦​នាក់ ក្រចេះ​ម្នាក់ ភ្នំពេញ​ម្នាក់ ព្រៃវែង​ម្នាក់ សៀមរាប ៥​នាក់ និង​ស្ទឹងត្រែង ម្នាក់​។​

៣-​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួលបាន​សំឡេងឆ្នោត ចំនួន ១៩៩ សំឡេង ទទួលបាន​អាសនៈ​សរុប ៣៨ នាក់ ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ នៅ​ខេត្តបន្ទាយមានជ័យ ៨​នាក់ កំពង់ចាម​ម្នាក់ កំពង់ឆ្នាំង​ម្នាក់ កំពង់ស្ពឺ ៦​នាក់ ក្រចេះ ៤​នាក់ ភ្នំពេញ​ម្នាក់ ព្រៃវែង ៣​នាក់ រតនគិរី ៥​នាក់ សៀមរាប ៦​នាក់ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៣​នាក់​។​

៤-​គណបក្ស​សញ្ជាតិ​កម្ពុជា ទទួលបាន​សំឡេងឆ្នោត ១២ សំឡេង មិន​ទទួលបាន​អាសនៈ​ទេ​
៥-​គណបក្ស​យុវជន​ខ្មែរ ទទួលបាន ៣ សំឡេង មិន​ទទួលបាន​អាសនៈ​ទេ​

​ដោយឡែក គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​ខ្មែរ​សាធារណៈរដ្ឋ មិន​ទទួលបាន​សំឡេងឆ្នោត សូម្បីតែ ១​សំឡេង តាម​ក្រុង​ស្រុក​ខណ្ឌ​ទាំង ២០៣ នៅ​ទូទាំងប្រទេស​៕​

 

អត្ថបទដែលជាប់ទាក់ទង