ឯកឧត្តម អ៊ុក គឹមសេង ៖ រុញទូកបណ្តោយទឹក… តោះស៊ីនំបញ្ចុក!

(ភ្នំពេញ)៖ កាលពីថ្ងៃទី៧ ខែមិថុនានេះ ឯកឧត្តម អ៊ុក គឹមសេង បានទៅទទួលទាននំបញ្ចុកមួយកន្លែង ឯកឧត្តមក៏បាននឹកឃើញរឿង អតីត​កាលមួយ។

ឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង​ព័ត៌មាន បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុក​របស់លោកដោយ រំឮកថា រឿងនំបញ្ចុកមិនមែនលំៗទេ!។

ឯកឧត្តមបានចោទជាសំនួរថា «នៅចាំបានថា អ្នកជនបទមួយចំនួនបានខ្ចីលុយឯកជន ដោយមានអង្គការនយោបាយប្រឆាំងដើរបំផុសឲ្យខ្ចី ទោះបីយកកម្ចីទិញស្រាផឹកក៏ដោយ ទីបំផុតដើរបំផុសថា លុយរដ្ឋ ជំពាក់លុយរដ្ឋ រហូតមានការយល់ខុសតាមការឃោសនារបស់ពួកនោះ ហើយអ្នកស្រុកនាំគ្នាខឹងរដ្ឋាភិបាល»។

ឯកឧត្តមបានបន្ថែមទៀតថា ករណីការប្រើប្រាស់ពាក្យថា ខ្ចីលុយរដ្ឋនេះត្រូវបានរាជរដ្ឋាភិបាលផ្សព្វផ្សាយ និងពន្យល់នូវការពិតទាន់ពេលវេលា។

ដោយឡែករឿងនំបញ្ចុកនេះ ឯកឧត្តម អ៊ុក គឹមសេង បានបញ្ជាក់ដូច្នេះថា «ម្តងនេះរឿងនំបញ្ចុក វាអាចនឹងចេញលទ្ធផលមួយហុចដៃឲ្យពួកប្រឆាំងដែលធ្វើនំអត់ប្រើម្សៅ។ ដូច្នេះ សម្តេចតេជោ លោកដឹងឧបាយកលនេះជាមុន ទើបលោករុញទូកបណ្តោយទឹក។ តោះស៊ីនំបញ្ចុក !»។

គួររំឮកផងដែរថា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា នៅថ្ងៃទី ៩មិថុនា (ស្អែកនេះ) ប្រជាជនកម្ពុជានៅទូទាំងប្រទេសនឹងចូលរួមហូបនំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិខ្មែរ។ ជាមួយគ្នានេះ សម្តេចតេជោ ក៏ស្នើឲ្យមានការរៀបចំចង្ហាន់ជានំបញ្ចុក នៅតាមវត្តអារាម ប្រគេនព្រះសង្ឃ។ ឯ ម្ចាស់ផ្ទះជួល និង កម្មករ កម្មការិនី ក៏ដូចជាម្ចាស់រោងចក្រសហគ្រាសត្រូវរៀបចំនំបញ្ចុកនៅថ្ងៃទី៩ មិថុនា ហូបជុំគ្នាដើម្បីបង្ហាញពីសាមគ្គីជាតិ និងឯកភាពជាតិ ដែលជាអាហារអត្តសញ្ញាណជាតិរបស់យើង។ ឯបងប្អូនខ្មែរឥស្លាម និងវិហារគ្រឹស្ទសាសនា ក៏សូមអញ្ជើញចូលរួមហូបនំបញ្ចុកទាំងអស់គ្នា៕ (SN-កុសល)

អត្ថបទដែលជាប់ទាក់ទង