ប្រជាពលរដ្ឋរអ៊ូថា ពួកគាត់ក្តៅក្រហាយនឹងការទារលុយ ពីសំណាក់ក្រុមចម្រុះខេត្តកំពង់ឆ្នាំង ដាក់ប៉ុស្តិ៍តាមផ្លូវជាតិលេខ៥

(កំពង់ឆ្នាំង)៖ ក្រុមចម្រុះមួយក្រុមរបស់ខេត្តកំពង់ឆ្នាំង មានមន្ត្រីមកពីមន្ទីរសាធារណៈការ និងដឹកជញ្ជូន, នគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងកងរាជអាវុធហត្ថ ដែលបង្កើតប៉ុស្តិ៍ត្រួតពិនិត្យ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៤៣ និងគីឡូម៉ែត្រលេខ៤៤ ក្នុងភូមិសាស្ត្រស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កំពុងធ្វើឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត ជាពិសេស ម្ចាស់រថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញផ្សេងៗ ព្រោះក្រុមនេះបង្កការលំបាកដល់ពួកគាត់ក្នុងការប្រកបអាជីវកម្មចិញ្ចឹមជីវិត។

ម្ចាស់រថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ លើដងផ្លូជាតិលេខ៥ បានឲ្យដឹងថា ក្រុមចម្រុះនេះមិនមែនគ្រាន់តែដាក់ប៉ុស្តិ៍ ដើម្បីរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទេ គឺដើម្បីរកលុយចែកគ្នាចាយទៅវិញទេ។

ម្ចាស់រថយន្តទាំងនេះបានបញ្ជាក់ថា រថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញគ្រប់ប្រភេទ ដែលធ្វើចរាចរលើដងផ្លូវជាតិលេខ៥ ត្រូវបានក្រុមចម្រុះស្ទាក់ហៅឲ្យឈប់ ក្រោមហេតុផល ដើម្បីត្រួតពិនិត្យការដឹកសំពីងសំពោង ឬផ្ទុកលើសទម្ងន់ និងត្រួតពិនិត្យមើលឯកសារផ្សេងៗ មានដូចជាប័ណ្ណបើកបរ ឈៀក និងលិខិតអាជីវកម្មជាដើម។

ពួកគាត់បានរៀបរាប់ថា ប្រសិនបើក្រុមនេះរកឃើញអ្នកបើកបរណាមួយមានកំហុសអ្វី គេនឹងពិន័យជាប្រាក់នៅនឹងកន្លែងតែម្តង ចំណែកឯមន្ត្រីមកពីមន្ទីរសាធារណៈការ និងដឹកជញ្ជូនវិញ នឹងពិនិត្យមើលកំហុសផ្នែកបច្ចេកទេសយានយន្ត រួចហើយរកលេសទារប្រាក់ចាប់ពី៥០០០រៀល ទៅ២០០០០រៀល ដោយលើកហេតុផលរថយន្តខុសនេះ​​​ ខុសនោះមិនចេះចប់។

ម្ចាស់រថយន្តទាំងនេះ បានសំណូមពរថា ប្រសិនបើពួកគាត់រំលោភច្បាប់ សូមពិន័យទៅតាមច្បាប់ចុះ ប៉ុន្តែប្រសិនបើពួកគាត់មិនខុសអ្វីផង ហេតុអ្វីក៏ទាររកលុយពីពួកគាត់ដែរ ក្នុងហេតុផលថ្លៃបាយ ថ្ងៃទឹក សម្រាប់សមាជិកក្រុមចម្រុះបំពេញការងារត្រួតពិនិត្យលើដងផ្លូវជាតិលេខ៥។

ពួកគាត់បាននិយាយចំអកថា ក្រុមចម្រុះមួយនេះហាក់ដូចជាមិនមែនបំពេញតួនាទី ដើម្បីក្នុងបំណងពង្រឹងការអនុវត្តន៍ច្បាប់របស់ជាតិទេ ប៉ុន្តែបែរជានាំគ្នាប្រព្រឹត្តអំពើល្មើសច្បាប់ តាមរយៈទង្វើកៀបសង្កត់អ្នកធ្វើដំណើរ និងអ្នកប្រកបអាជីវកម្មផ្សេងៗ ឲ្យបង់ប្រាក់ទាំងក្តីក្តៅក្រហាយ ដែលនាំមកនូវការថ្នាំងថ្នាក់ក្នុងចំណោមប្រជាពលរដ្ឋស្លូតត្រង់ទៅវិញ៕ (SN-កង្រី)

អត្ថបទដែលជាប់ទាក់ទង