គណៈរដ្ឋមន្ត្រី​ បង្ហាញ​លទ្ធផល​ នៃ​កិច្ចប្រជុំ​ពេញអង្គ​៖ “​សេចក្តី​ព្រាង​គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​សិក្សា​ពេញ​មួយ​ជីវិត​”

 

(​ភ្នំពេញ​)៖​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ បាន​ពិភាក្សា​លើ​ “​សេចក្តី​ព្រាង​គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​សិក្សា​ពេញ​មួយ​ជីវិត​”​ ដែល​មាន​ខ្លឹមសារ​សង្ខេប​ដូច​ខាងក្រោម​៖

​ប​ញ្ញ​តិ្ត​នៃ​ «​ការ​សិក្សា​ពេញ​មួយ​ជីវិត​»​ ឆ្នាំ​១៩៧២​ ជាប​ញ្ញ​តិ្ត​គោល​មួយ​ដែល​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​គោលនយោបាយ​អប់រំ​របស់​ប្រទេស​ជឿនលឿន​និង​ប្រទេស​កំពុង​អភិវឌ្ឍ​ ។​ តាម​រយៈ​បញ្ញត្តិ​នៃ​ការ​សិក្សា​ពេញ​ជីវិត​នេះ​ បាន​លេចឡើង​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូច​ជា​សិទ្ធិ​ទទួល​បានការ​អប់រំ​ ការ​ចុះ​ឈ្មោះ​ចូល​រៀន​ និង​គុណភាព​អប់រំ​ ដែល​មិន​ទាន់​ឆ្លើយ​តប​នឹង​កា​រវិ​វត្ត​របស់​ពិភពលោក​ (​ការ​អប់រំ​សម្រាប់​ទាំងអស់​គ្នា​ ឆ្នាំ​១៩៩០​ នៅ​ជម​ទៀន​ ប្រទេស​ថៃ​)​ ។​ គោលដៅ​នៃ​ការ​អប់រំ​សម្រាប់​ទាំងអស់​គ្នា​ ត្រូវ​បាន​ពិនិត្យ​ឡើង​វិញ​ក្នុង​ឆ្នាំ​២០០០​ នៅ​ដា​កាប្រទេស​សេ​ណេ​ហ្កា​ល់​ ស្រប​ពេល​ដែល​ប្រទេស​ជឿនលឿន​បាន​ផ្តោត​លើ​ការ​អប់រំ​ជន​ពេញវ័យ​អំពី​ជំនាញ​វិជ្ជាជីវៈ​ ដើម្បី​លើ​កម្ពស់​ជីវភាព​រស់នៅ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ ។​

​ក្នុង​សតវត្ស​ទី​២១​នេះ​ ការ​សិក្សា​ពេញ​មួយ​ជីវិត​បាន​កា្ល​យ​ជា​ប្រធានបទ​ដ៏​សំខាន់​សម្រាប់​ការ​អប់រំ​ ហើយ​ក៏​ជា​ឧបករណ៍​ដែល​មាន​ប្រយោជន៍​សម្រាប់​ទទួល​បាន​សិទ្ធិ​សេរីភាព​ ភាព​សប្បាយ​រីករាយ​ និង​ឆ្លើយ​តប​ទៅ​នឹង​បម្រែបម្រួល​នៃ​តម្រូវការ​ទីផ្សារ​ការងារ​ ពិសេស​ ភាព​ចាំបាច់​នៃ​ការ​សិក្សា​របស់​ពលរដ្ឋ​គ្រប់​រូប​នៅ​គ្រប់​កាលៈទេសៈ​ផង​ដែរ​ ។​
​ការ​សិក្សា​ពេញ​មួយ​ជីវិត​បាន​ក្លាយជា​សមាស​ភាគ​សំខាន់​ក្នុង​គោលដៅ​ទី​៤​ នៃ​ក្រប​ខណ្ឌ​គោល​នៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០​ នៅ​អ៊ី​ន​ឈ​ន់​ សាធារណរដ្ឋ​កូរ៉េ​ ពោល​គឺ​ «​ធានា​ឲ្យ​ការ​អប់រំ​មានគុណ​ភាព​ប្រកបដោយ​សមធម៌​ បរិ​យា​ប័ន្ន​ និង​លើកកម្ពស់​ឱកាស​ក្នុង​ការ​សិក្សា​ពេញ​មួយ​ជីវិត​សម្រាប់​ទាំងអស់​គ្នា​ »​ ។​

​នៅ​ពេល​បច្ចុប្បន្ន​នេះ​ ប្រព័ន្ធ​អប់រំ​កម្ពុជា​មានការ​រីក​ចម្រើន​ខាង​បរិមាណ​គូរ​ជាទី​មោ​ទ​នៈ​ជា​ពិសេស​ នៅ​កម្រិត​បឋម​សិក្សា​ ។​ ទោះបីជា​យ៉ាងនេះ​ក្តី​ បញ្ហា​សិស្ស​បោះបង់​ការ​សិក្សា​ និង​គុណភាព​សិក្សា​នៅ​តែ​ជា​ក្តី​កង្វល់​នៅឡើយ​ ។​ ជាក់ស្តែង​ អត្រា​ពិត​នៃ​ការ​សិក្សា​នៅ​បឋម​សិក្សា​មាន​ប្រមាណ​៩៧%​ នៅ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ ។​ ប៉ុន្តែ​ សិស្ស​ដែល​អាច​បញ្ចប់​ការ​សិក្សា​នៅ​បឋម​សិក្សា​មាន​ប្រមាណ​៨០%​ បញ្ចប់​មធ្យមសិក្សា​បឋម​ភូមិ​មាន​ប្រមាណ​៤០%​ និង​មធ្យមសិក្សា​ទុតិយភូមិ​មាន​ប្រមាណ​២០%​ ។​ ការ​វាយតម្លៃ​ថ្នាក់​ជាតិ​លើ​មុខ​វិជ្ជា​ភាសា​ខែ្ម​រ​និង​គណិត​វិទ្យា​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​ សិស្ស​ស្ទើរតែ​ពាក់កណ្តាល​ដែល​បាន​ចូលរួម​ក្នុង​ការ​វាយតម្លៃ​នៅ​ថ្នាក់​ទី​៣​ ទី​៦​ ទី​៨​ មិន​ទទួល​បាន​ចំណេះដឹង​ដូច​ការ​រំពឹង​ទុក​នោះ​ទេ​ ។​

​ដោយសារ​មានការ​ខិតខំ​ពី​គ្រប់​ភាគី​តាម​រយៈ​កម្មវិធី​អប់រំ​ក្នុង​ប្រព័ន្ធ​ ក្រៅ​ប្រព័ន្ធ​ និង​មិន​ផ្លូវការ​ អត្រា​អក្ខរកម្ម​ជន​ពេញវ័យ​អាយុ​១៥​ឆ្នាំ​ឡើង​មាន​ ៨០,៥%​ ស្ត្រី​មាន​៧៥,០%​ ក្នុង​នោះ​អត្រា​អក្ខរកម្ម​នៅ​តាម​ជនបទ​ មាន​ត្រឹមតែ​៧៦,៨%​ ស្រី​៧០,៧%​ ប៉ុណ្ណោះ​(​អង្កេត​ស្តី​ពី​សេដ្ឋកិច្ច​សង្គម​កម្ពុជា​ វិទ្យាស្ថាន​ជាតិ​ស្ថិត​ ក្រសួងផែនការ​ ២០១៦)​ ។​

​គោលនយោបាយ​អប់រំ​ក្រៅ​ប្រព័ន្ធ​ឆ្នាំ​២០០២​ បាន​រួមចំណែក​សម្រេច​លទ្ធផល​ខាងលើ​នេះ​ តាម​រយៈ​ការ​ផ្តល់​ការ​អប់រំ​គ្រប់​រូបភាព​ ។​ វិសាលភាព​គោលនយោបាយ​នេះ​ នៅ​មិន​ទាន់​អាច​ឆ្លើយ​តម​បាន​ទៅ​នឹង​បរិបទ​នៃ​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​របស់​ប្រទេស​ ទោះ​ បី​មាន​ភាព​ស៊ីចង្វាក់​គ្នា​ទៅ​នឹង​បញ្ញត្តិ​នៃ​ការ​សិក្សា​ពេញ​មួយ​ជីវិត​យ៉ាងណា​ក៏​ដោយ​ ។​ គោលនយោបាយ​អប់រំ​ក្រៅ​ប្រព័ន្ធ​ឆ្នាំ​២០០២​ ត្រូវ​ឲ្យ​ធ្វើ​បច្ចុប្បន្ន​កម្ម​ ដោយ​ត្រូវ​ពង្រីក​វិសាលភាព​ និង​យន្តការ​មួយ​ចំនួន​ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​។​

​គោលនយោបាយ​ជាតិ​ស្ដី​ពី​ការ​សិក្សា​ពេញ​មួយ​ជីវិត​ ជា​ផែនការ​បង្ហាញផ្លូវ​សម្រាប់​អភិវឌ្ឍ​សង្គម​និង​ធនធានមនុស្ស​ ឆ្ពោះទៅ​កាន់​សុខ​សន្ដិភាព​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​ ដើម្បី​សម្រេច​បាន​នូវ​គោលនយោបាយ​នេះ​ ទាមទារ​ឲ្យ​ក្រសួង​ ស្ថាប័ន​ និង​ភាគី​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​មាន​កិច្ចសហការ​និង​គាំទ្រ​ដោយ​យកចិត្ដទុកដាក់​ខ្ពស់​។​ ជាង​នេះ​ទៅ​ទៀត​ គោលនយោបាយ​តម្រូវ​ឲ្យ​មាន​យន្ដការ​និង​បទដ្ឋាន​គតិ​យុ​ត្ដ​ ដើម្បី​បង្កើត​ក្រុម​ឬ​អង្គភាព​គាំទ្រ​ ក្នុង​ការ​សម្របសម្រួល​ការងារ​ ការ​ធ្វើ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំ​ទួ​លាយ​ និង​ការ​កៀរគរ​ជំនួយ​ពី​គ្រប់​មជ្ឈដ្ឋាន​ សំដៅ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ដ​គោលនយោបាយ​ជាតិ​ស្ដី​ពី​ការ​សិក្សា​ពេញ​មួយ​ជីវិត​។​

​គោលនយោបាយ​ជាតិ​ស្ដី​ពី​ការ​សិក្សា​ពេញ​មួយ​ជីវិត​ ជំរុញ​ឲ្យ​ប្រជាជន​កម្ពុជា​ក្លាយជា​ ប្រជាពលរដ្ឋ​សកល​ស្រប​តាម​តម្រូវការ​សង្គម​និង​និន្នាកា​រវិ​វត្ត​របស់​សកលលោក​ ពិសេស​បរិបទ​ ទីផ្សា​ការងារ​ដែល​ត្រួ​វ​ការ​វិជ្ជា​សម្បទា​ បំ​ណិ​ន​សម្បទា​ ចរិយា​សម្បទា​ កាយសម្បទា​ និង​គុណសម្បទា​។​ បុគ្គល​ម្នាក់ៗ​ត្រូវ​អភិវឌ្ឍ​ទាំង​ជំនាញ​រឹង​និង​ជំនាញ​ទន់​ ដើម្បី​អនុវត្ដ​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​ និង​លើកកម្ពស់​គុណភាព​នៃ​ជីវិត​នៅ​ក្នុង​បរិបទ​សង្គម​ពុទ្ធិ​៕​ (Swift​ News)


អត្ថបទដែលជាប់ទាក់ទង