លោក ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង និងកូនចៅម្នាក់ទៀតត្រូវ មន្ត្រីជលផលប្តឹងពីបទឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋយកមកធ្វើជាកម្មសិទ្ធិ

(កំពង់ឆ្នាំង)៖ លោក ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ដែលពីមុននេះ ត្រូវគេដឹងថា ជាគូរប្រជែងជាមួយលោក ខូវ លី រត់ការយកតំណែងស្នងការខេត្តកំពង់ឆ្នាំងនោះ ត្រូវបានមន្ត្រីជលផលប្តឹងជាមួយនឹងកូនចៅម្នាក់ទៀតឈ្មោះ ម៉ូត សម្បត្តិ ពីបទកាប់រុករាន ទន្ទ្រាន ឈូសឆាយ រំលោភយកដីព្រៃលិចទឹក របស់រដ្ឋនៅក្នុងភូមិសាស្ត្រឃុំច្រណូក ស្រុកកំពង់លែង ជាប់នឹងព្រំប្រទល់ខេត្តកំពង់ធំ មកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ។

មន្ត្រីសាលាដំបូងខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អ្នកពាក់ព័ន្ធក្នុងករណីរំលោភយកដីព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន នៅក្នុងភូមិសាស្ត្រឃុំច្រណូកនេះ ត្រូវបានលោកព្រះរាជអាជ្ញាកោះហៅមកសាកសួរជាបន្តបន្ទាប់។ ដោយឡែក លោក ស៊ុំ សុជាតិ ត្រូវបានលោកព្រះរាជអាជ្ញា កោះហៅមកសាកសួរ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ គឺនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ ។

ក្រោយពីសាកសួរអ្នកពាក់ព័ន្ធចប់សព្វគ្រប់ទៅតាមនិតិវិធីហើយនោះ លោកព្រះរាជអាជ្ញា បានសម្រេចបញ្ជូនសំណុំរឿងនេះទៅកាន់ចៅក្រមសើបសួរដើម្បីបន្តនិតិវិធី។

ចំណែកមន្ត្រីសាលាស្រុកកំពង់លែងមួយរូប ដែលសុំមិនឲ្យបញ្ចញឈ្មោះបានឲ្យដឹងថា បច្ចុប្បន្នលោក ស៊ុំ សុជាតិ ដែលជាស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង កំពុងកាន់កាប់ដីនៅតំបន់លិចទឹក ក្នុងភូមិសាស្ត្រឃុំច្រណូក មានចំនួនដល់ទៅជិត១០០០ហិកតា ក្នុងនោះដីមួយចំនួន លោកទិញពីមន្ត្រីសាលាស្រុកកំពង់លែង មន្ត្រីនគរបាល មន្ត្រីអាវុធហត្ថ មន្ត្រីយោធា ដែលគេអង្កន់ចែកគ្នា កាលពីពេលកន្លងទៅ និងមានផ្ទៃដីមួយចំនួនទៀត ត្រូវបានលោក ស៊ុំ សុជាតិ ឈូសឆាយរំលោភយកដីព្រៃលិចទឹករបស់រដ្ឋតែម្តង។

ប្រភពជ្រច្រើនទៀតបានឲ្យដឹងទៀតថា លោក ស៊ុំ សុជាតិ បានធ្វើរោង បញ្ជូនគ្រឿងចក្រ និងដាក់កូនចៅឈ្មោះ ម៉ូត សម្បត្តិ ឲ្យទៅឈរជើងប្រចាំការមើលខុសត្រូវ និងរៀបចំដីនៅក្នុងតំបន់នេះ ប៉ុន្តែនៅពេលមានមន្ត្រីជលផលចុះទៅឃាត់និងដាក់ពាក្យប្តឹងទៅសាលាដំបូងខេត្ត ទើបផ្អាកសកម្មភាព ហើយបច្ចុប្បន្ននេះលោក ស៊ុ សុជាតិ បានប្រើរូបភាពកាត់ដីនោះជាកង់ៗជួលទៅឲ្យមនុស្សជាច្រើននាក់ ដើម្បីធ្វើស្រែបំភាន់ភ្នែក កុំឲ្យគេមើលឃើញថា លោកមានដីច្រើន។

ពាក់ករណីនេះ Swift News​​​ មិនអាចសុំការបកស្រាយពីលោក ស៊ុំ សុជាតិ បាននៅឡើយទេ ខណៈមជ្ឈដ្ឋាននានានៅក្នុងខេត្តកំពង់ឆ្នាំង កំពុងតែចាំមើលថា តើតុលាការនឹងមានចំណាត់ការបែបណាចំពោះករណីនេះ៕

អត្ថបទដែលជាប់ទាក់ទង