លោក​ ហេង​ ប៊ុ​ន​ថន​ ស្នើ​សុំ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ជួយ​រក​យុត្តិធម៌​ ខណៈ​ខ្លួន​ធ្វើ​តាម​បញ្ជា​លោក​ អ៊ឹម​ ឃឿ​ន​ ហេតុ​អ្វី​ លោក​ គួ​ច​ ចំរើន​ មក​ដក​លោក​បញ្ឈរជើង​ ទៅ​វិញ​!​

(​ភ្នំពេញ​)៖​ លោក​ ហេង​ ប៊ុ​ន​ថន​ មេ​ប៉ុស្តិ៍​ពាមប្រធ្នោះ​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​ ដែល​ត្រូវ​បាន​លោក​ គួ​ច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​ ដក​បញ្ឈ​ជើង​នៅ​ស្នងការ​នគរបាល​ខេត្ត​ បន្ទាប់​ពី​មេ​ប៉ុស្តិ៍​ពាមប្រធ្នោះ​រូប​នោះ​ បាន​ចូល​ទៅ​ហាមឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ជួបជុំ​ហូប​ «​នំ​បញ្ចុក​»​ ដោយ​អះអាង​ថា​ មិន​ទាន់​បាន​សុំ​ច្បាប់​ជា​មុន​។​

​បន្ទាប់​ពី​លោក​ គួ​ច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​ ដក​បញ្ឈ​ជើង​នៅ​ស្នងការ​នគរបាល​ខេត្ត​ លោក​ ហេង​ ប៊ុ​ន​ថន​ មិន​សុខចិត្ត​ បាន​ស្នើ​សុំ​កិច្ច​អន្តរា​គម​ពី​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ ដើម្បី​ស្វែងរក​យុត្តិធម៌​ដល់​ខ្លួន​ ព្រោះថា​ អ្វីៗ​ដែល​បាន​ធ្វើ​នោះ​ គឺ​ធ្វើ​តាម​បញ្ជា​របស់​លោក​វរៈសេនីយ៍ឯក​ អ៊ឹម​ ឃឿ​ន​ អធិការ​នគរបាល​ស្រុក​កោះសូទិន​ មិនមែន​ធ្វើ​ឡើង​ដោយ​ចិត្ត​ឯង​នោះ​ឡើយ​។​

​លិខិត​ដែល​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ ស្វែងរក​យុត្តិធម៌​របស់​លោក​ ហេង​ ប៊ុ​ន​ថន​ មាន​សេចក្តី​ថា​ «​សម្តេច​សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ខ្ញុំបាទ​អនុសេនីយ៍ឯក​ ហេង​ ប៊ុ​ន​ថន​ អត្តលេខ​៤៨៣០២​ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពាមប្រធ្នោះ​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​។​

«​ខ្ញុំបាទ​កើត​ទុក​មិន​សុខចិត្ត​ នូវ​ភាព​អយុត្តិធម៌​មក​លើ​រូប​ខ្ញុំបាទ​ដែល​ជា​មន្ត្រី​នគរបាល​ ដែល​ខំតស៊ូរ​បំរើ​ជាតិ​ និង​ប្រជាជន​តាំងពី​ឆ្នាំ​១៩៩៣​មក​ម្លេះ​ ហើយ​ពេល​នេះ​ត្រូវ​ឯកឧត្តម​ គួ​ច​ ចំរើន​ អភិបាល​នៃ​គណ​:​អភិបាលខេត្ត​កំពង់ចាម​ បាន​ដក​តួនាទី​ខ្ញុំ​ពី​នាយ​ប៉ុស្តិ៍​នូវ​ពេល​ដែល​ខ្ញុំបាទ​ត្រូវ​លោក​វរៈសេនីយ៍ឯក​ អ៊ឹម​ ឃឿ​ន​ អធិការ​នគរបាល​ស្រុក​កោះសូទិន​ ចេញ​បទបញ្ជា​ឲ្យ​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ពិនិត្យ​ និង​ថតរូប​សកម្មភាព​ប្រមូលផ្តុំ​នៅផ្ទះ​លោក​ សេក​ សណ្តាប់​ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ​នៅ​ភូមិ​ទួល​ធាតុ​ ឃុំ​ពាមប្រធ្នោះ​ ស្រុក​កោះសូទិន​។​

«​តាម​បទបញ្ជា​របស់​លោក​អធិការ​ខ្ញុំបាទ​បាន​ចាត់​កម្លាំង​ទៅ​ពិនិត្យ​មើល​ចំនួន​៣​នាក់​ ដោយ​ខ្ញុំបាទ​នៅ​ចូលរួម​ពិធី​សម្ភោ​ធ​ផ្លូវថ្នល់​នៅ​ភូមិ​វាល​រួម​ជាមួយ​លោក​អភិបាលស្រុក​។​ មុន​ពេល​ចុះ​ទៅ​ គឺ​ខ្ញុំបាទ​បាន​រាយការណ៍​ជូន​លោក​អធិការ​,​ អធិការ​ង​ជា​ច្រើន​ដង​ ហើយ​បាន​រាយការណ៍​ជូន​លោក​អធិការ​ពី​ការ​ជួបជុំ​នៅផ្ទះ​លោក​ សេក​ សណ្តាប់​ហើយ​លោក​អធិការ​បាន​បញ្ជា​ឲ្យ​រូប​ខ្ញុំ​ចុះ​ទៅ​ផ្ទាល់​តែ​ម្តង​។​

«​ពេល​ទៅ​ដល់​ខ្ញុំ​ឃើញ​មនុស្ស​ប្រុស​,​ ស្រី​ជា​ច្រើន​នាក់​ ខ្លះ​នៅ​អង្គុយ​នៅ​លើ​ផ្ទះ​ និង​នៅ​ក្រោមផ្ទះ​។​ ខ្ញុំ​បាន​រាយការណ៍​ជូន​លោក​អធិការ​តែ​គាត់​នៅ​តែ​បញ្ជា​ឲ្យ​ខ្ញុំបាទ​ចូល​ទៅ​ជិត​ហើយ​ថតរូប​ពី​សកម្មភាព​ការ​ប្រមូល​ម្តុំ​គ្នា​មក​ជួបជុំ​។​

«​ខ្ញុំ​បាន​ប្រកែក​មិន​ចូល​តែ​លោក​អធិការ​ អ៊ឹម​ ឃឿ​ន​ នៅ​តែ​បញ្ជា​ឲ្យ​ខ្ញុំ​ចូល​ទៅ​ ហើយ​និយាយ​ថា​ “​ខ្លាច​អី​យើង​ជា​សមត្ថកិច្ច​មាន​សិទ្ធ​ថត​បាន​ ហើយ​សាកសួរ​ តើ​ការ​ជួបជុំ​គ្នា​នេះ​រឿង​អី​?​ ខ្ញុំ​មិន​ហ៊ាន​ចូល​តែ​លោក​អធិការ​នៅ​តែ​បញ្ជា​ឲ្យ​ចូល​!​ ខ្ញុំ​ចូល​ទៅ​សាកសួរ​រួច​ខ្ញុំ​រាយការណ៍​ជូន​លោក​អធិការ​វិញ​ភ្លាម​ពី​សមាសភាព​អ្នក​មក​ចូលរួម​។​

«​លោក​អធិការ​បាន​បញ្ជា​ឲ្យ​រូប​ខ្ញុំបាទ​បំបែក​ការ​ប្រមូលផ្តុំ​នេះ​ចេញ​ភ្លាម​កុំ​ឲ្យ​ជួប​គ្នា​ប្រមូលផ្តុំ​គ្នា​។​

«​តើ​ការ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​អធិការ​ អ៊ឹម​ ឃឿ​ន​ ហេតុ​អ្វី​បានជា​រូប​ខ្ញុំបាទ​ត្រូវ​ទទួលកំហុស​ដោយ​អ​យុ​ត្តិ​ធ៌​ម​ ត្រូវ​ឯកឧត្តម​អភិបាលខេត្ត​កំពង់ចាម​ ដក​តួនាទី​ ហើយ​ត្រូវ​ទៅ​ប្រឈម​មុខ​នៅ​ការិយាល័យ​បុគ្គលិក​ទៀត​?​។​ តើ​ភាព​យុ​ត្តិ​ធ៌​ម​នៅឯណា​?​។​

«​សូម​សម្តេច​សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជួយ​រក​យុ​ត្តិ​ធ៌​ម​ដល់​រូប​ខ្ញុំបាទ​ដោយ​ក្តី​អនុគ្រោះ​។​ សូម​សម្តេច​មេត្តា​ទទួល​នូវ​ការ​គោរព​ដ៏​ខ្ពង់ខ្ពស់​អំពីខ្ញុំ​បាទ​»៕​ (Swift​ News)

 


អត្ថបទដែលជាប់ទាក់ទង