មន្ត្រី​ជំនាញ​កាំកុងត្រូល​សហការ​នឹង​អាជ្ញាធរ​ក្រុង​ដូន​កែវ​ រក​ឃើញ​ត្រីងៀត​បបែល​មាន​សារធាតុ​គីមី​បូ​រ៉ា​ក់​ ខណៈ​នំ​បញ្ចុក​ខំ​រក​ដែរ​តែ​គ្មាន​ជាតិ​គីមី​ទេ​!

 

(​តាកែវ​)៖​ ដើម្បី​ចូលរួម​ធានា​សុខ​សុវត្ថិភាព​លើ​ចំណីអាហារ​នៅ​លើ​ទីផ្សារ​ មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្តតាកែវ​ ដឹកនាំ​ដោយ​លោក​ ប៉ោ​ លាង​គង់​ រួម​ជាមួយ​លោក​ កង​ អាណា​ន់​ អភិបាលក្រុង​ដូន​កែវ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ បាន​សហ​ការណ៍​ចុះ​អប់រំ​ណែនាំ​ដល់​ក្រុម​អាជីវករ​ និង​ពិនិត្យ​ទំនិញ​ជា​គ្រឿង​កំប៉ុង​ ការ​ផលិត​នំ​បញ្ចុក​ បន្លែបង្ការ​មួយ​ចំនួន​ ដើម្បី​ស្វែងរក​សារធាតុ​គីមី​ ។​

​ការ​ចុះ​ពិនិត្យ​នេះ​ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​ ០៧​ ខែមិថុនា​ ឆ្នាំ​២០១៩​ នៅ​ក្នុង​ផ្សារ​តាកែវ​ ដែល​ស្ថិត​នៅ​ក្រុង​ដូន​កែវ​ ខេត្តតាកែវ​។​ លោក​ ប៉ោ​ លាង​គង់​ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ​ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​នេះ​ មន្ត្រី​ជំនាញ​បាន​ធ្វើការ​ពិនិត្យ​ និង​ធ្វើ​តេស​បឋម​ ទៅ​លើ​នំ​បញ្ចុក​ បន្លែ​ជា​ប្រភេទ​ល្បោយ​ ស​សៃ​គុយទាវ​ បង្អែម​លូត​ និង​ត្រីងៀត​បបែល​ ជា​លទ្ធផល​ មន្ត្រី​ជំនាញ​រក​ឃើញ​ ត្រីងៀត​បបែល​ មាន​សារធាតុ​គីមី​បូ​រ៉ា​ក់​ ចំណែកឯ​ នំ​បញ្ចុក​ និង​បន្លែ​ជា​ប្រភេទ​ល្បោយ​ បង្អែម​លូត​ សរសៃ​គុយទាវ​ គឺ​មិន​មាន​សារ​ធ​តុ​គីមី​ហាមឃាត់​ទេ​។​

​លោក​ប្រធាន​សាខា​រូប​នេះ​ បន្ត​ថា​ «​ក្រៅពី​ពិនិត្យ​ធ្វើ​តេស៍​លើ​ចំណីអាហារ​ យើង​ក៏​បាន​ រក​ឃើញ​ទំនិញ​ជា​ប្រភេទ​គ្រឿង​កំប៉ុង​ ទឹកក្រូច​ដប​ធំ​១៥​ដប​ និង​ទឹកដោះគោ​២​កំប៉ុង​ ដែល​ខូចគុណភាព​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ ហើយ​ក្នុង​នោះ​ដែរ​មន្ត្រី​ជំនាញ​ បាន​ធ្វើការ​ដកហូត​យក​មក​រក្សា​ទុក​នៅ​សាខា​កាំកុងត្រូល​ខេត្ត​ ដើម្បី​ធ្វើការ​បំផ្លាញ​ចោល​»​។​

​បើ​តាម​លោក​ ប៉ោ​ លាង​គង់​ ក្រៅពី​ការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​ និង​ធ្វើ​តេស៍​រកសារ​ធាតុគីមី​នៅ​ក្នុង​ផ្សារ​តាកែវ​ ក្រុម​មន្ត្រី​ជំនាញ​រួម​សហការ​នឹង​អាជ្ញាធរ​ក្រង​ដូន​កែវ​ បាន​ចុះ​ទៅ​ដល់ទី​តាំង​ផលិត​នំ​បញ្ចុក​ដោយ​ផ្ទាល់​ ក្នុង​នោះ​មន្ត្រី​ជំនាញ​ក៏​បាន​ត្រួតពិនិត្យ​ពី​បញ្ហា​អនាម័យ​ និង​ធ្វើ​ត្តេស៍​នៅ​លើ​នំ​បញ្ចុក​ម្តងទៀត​ ជា​លទ្ធផល​គឺ​រក​ពុំ​ឃើញ​ តែ​រូប​លោក​បាន​អប់រំ​ណែនាំ​ឲ្យ​ ម្ចាស់​សិប្បកម្ម​ផលិត​នំ​បញ្ចុក​ ត្រូវ​មាន​អនាម័យ​ល្អ​ ដើម្បី​ធានា​កុំ​ឲ្យ​ប៉ះពាល់​សុខភាព​អ្នក​បរិភោគ​ ។

​លោក​ កង​ អាណា​ន់​ អភិបាលក្រុង​ដូន​កែវ​ ដែល​បាន​ចូលរួម​ការ​ចុះ​ត្រួតពិនិត្យ​ជាមួយ​មន្ត្រី​ជំនាញ​ ក៏​បាន​អប់រំ​ដល់​បងប្អូន​ជា​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​តាកែវ​ ត្រូវ​ចូលរួម​ទាំងអស់​គ្នា​ លក់ទំនិញ​ដែល​មានគុណ​ភាព​ និង​មាន​អនាម័យ​ល្អ​ គ្មាន​ជាតិ​គីមី​ ដើម្បី​ចូលរួម​លើកកម្ពស់​សុខមាលភាព​ របស់​ប្រជាពលរដ្ឋ​ ហើយ​រូប​លោក​ក្នុង​នាម​អាជ្ញាធរ​ក្រុង​ សូម​ឲ្យ​បងប្អូន​ ដែល​ជា​ម្ចាស់​សិប្បកម្ម​ផលិត​នំ​បញ្ចុក​ សូម​អញ្ជើញ​ធ្វើ​ច្បាប់​អនុញ្ញាត​ពី​មន្ត្រី​ជំនាញ​ឲ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​បាន​បង្ហាញ​អំពី​បច្ចេកទេស​ និង​សុវត្ថិភាព​នៃ​កា​រក​ផលិត​ថែម​ទៀត​៕​ (SN-​ស្នា​)

អត្ថបទដែលជាប់ទាក់ទង