ថ្មីទៀតហើយ!! កូនចូលកាន់តំណែងជំនួសឪពុកទៀតហើយ នៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី

(​មណ្ឌលគិរី​)៖​ មហាជន​រស់នៅ​ខេត្តមណ្ឌលគិរី​ ជា​ពិសេស​មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​មន្ទីរ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ ក្រោយ​ពី​បានឃើញ​សេចក្តី​ប្រកាស​ស្តី​ពី​ការ​តែងតាំង​មន្ត្រីរាជការ​ ដែល​ចុះហត្ថលេខា​ដោយ​លោក​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពី​ថ្ងៃ​ទី​៦​ ខែមិថុនា​ ឆ្នាំ​២០១៩​។​

​សេចក្តីសម្រេច​ត្រូវ​បាន​តែងតាំង​លោក​ ណ​យ​ ច័ន្ទ​តារា​ ក្របខ័ណ្ឌ​ក​.៣.១​ ជា​ប្រធាន​មន្ទីរ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ខេត្តមណ្ឌលគិរី​ ជំនួស​លោក​ ណ​យ​ ស្រូ​ន​ ដែល​ជា​ឪពុក​ ទទួល​ភារកិច្ច​ថ្មី​។​

​ពាក់ព័ន្ធ​ករណី​រិះគន់​ ពី​មហាជន​ចំពោះ​ករណី​លោក​ ណ​យ​ ច័ន្ទ​តារា​ ចូល​កាន់​តំណែង​ជំ​នួន​ឪពុក​ឈ្មោះ​ ណ​យ​ ស្រូ​ន​ អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជា​ជិ​វៈ​គឺ​លោក​ ហេង​ សួរ​ បាន​ទេ​ ដោយ​ហៅ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ តែ​ពុំ​មាន​អ្នក​ទទួល​។​

​សូម​រំលឹក​ថា​នេះ​ជា​ករណី​ទី​២​ហើយ​ដែល​កូន​ចូល​កាន់​ដំណែង​ជំនួស​ឪពុក​នៅ​តាម​បណ្តា​ក្រសួង​នានា​នៅ​ខេត្តមណ្ឌលគិរី​។​ ដោយ​ករណី​ទី​១​ នោះ​គឺ​កាលពី​ព្រឹក​ថ្ងៃ​ទី​២១​ ខែឧសភា​ ឆ្នាំ​២០១៩​ លោក​ វង​ សូត​ រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​និ​តិ​សម្បទា​ ប្រកាស​ឲ្យ​លោក​ ខឹ​ម​ សុ​ផុ​ន​ មានមុខ​ងារ​ជា​អនុប្រធាន​មន្ទីរ​ ចូល​កាន់​មុខ​តំណែង​ប្រធាន​មន្ទីរ​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​និ​តិ​សម្បទា​ខេត្តមណ្ឌលគិរី​ បន្ទាប់​ពី​លោក​ ខឹ​ម​ ចាន់​ផល​ ប្រធាន​មន្ទីរ​ចាស់​ត្រូវ​ចូល​និវត្តន៍​ ហើយ​ក៏​ត្រូវជា​ឪពុក​បង្កើត​លោក​ប្រធាន​មន្ទីរ​ដែល​ត្រូវ​ឡើង​កាន់​តំណែង​ថ្មី​។​

​គេ​សង្កេត​ឃើញ​ថា​ នៅ​ព្រឹក​ថ្ងៃ​ប្រកាស​ចូល​កាន់​ដំណែង​ប្រធាន​មន្ទីរ​សង្គមកិច្ច​ថ្មី​ មានការ​អបអរសាទរ​ជា​ខ្លាំង​ពី​ក្រុម​គ្រួសារ​របស់​លោក​ ខឹ​ម​ សុ​ផុ​ន​ នឹង​លោក​ ខឹ​ម​ ចាន់​ផល​ ខុស​ប្លែក​តែ​នៅ​តាម​តុ​កាហ្វេ​មានការ​ឆ្លង​ឆ្លើយ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា​ ចុះ​បុណ្យ​គេ​អី​ក៏​សំណាង​ម្ល៉េះ​ ឪពុក​ចូល​និវត្តន៍​ កូន​ឡើង​ជំនួស​ដំណែង​ឪ​…​ឬ​មក​ពី​ខេត្តមណ្ឌលគិរី​នេះ​ ខ្វះ​ធនធានមនុស្ស​សម្រាប់​បម្រើ​ការងារ​រាជការ​។​ តែ​ក៏​មាន​មាត់ចាបមាត់ព្រាប​ខ្លះ​លើក​ឡើង​ថា​ មិន​ឲ្យ​កូន​អង្គុយ​កៅអី​ឪ​ តើ​ឲ្យ​នរណា​វិញ​?​បើ​កាល​ឪ​នៅ​ជា​មេ​មន្ទីរ​ កូន​អនុប្រធាន​ទៅ​ហើយ​នោះ​…​អ៊ីចឹង​ដំណែង​នេះ​ប្រហែល​គេ​ រៀបចំ​ទុកជា​មុន​រួច​ស្រា​ច់​ទៅ​ហើយ​ ពោល​គឺ​ កីឡាករ​ឈ្នះ​ដោយ​មិន​មាន​គូប្រកួត​ ៕


អត្ថបទដែលជាប់ទាក់ទង